Yearendyearend1140x150
Img 0571

ក្រសួងការងារព្រមានចាត់វិធានការចំពោះជនដែលញុះញង់ឱ្យកម្មករចេញបាតុកម្ម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។ការព្រមាននេះ ធ្វើឡើងស្របពេលដែលថ្មីមានកម្មករតាមបណ្តារោងចក្រមួយចំនួនចេញធ្វើបាតុកម្មក្នុងគោលបំណងផ្សេងៗគ្នា។

ដើម្បីឆ្លើយតបហេតុការណ៍ខាងលើគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវបន្តចូលរួមសហការគ្នាឱ្យបានកាន់តែជិតស្និត ដោះស្រាយនូវសំណូមពរ ការទាមទារដែលអាចទទួលយកបានស្របតាមច្បាប់ និងបទបញ្ញតិជូនដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។

ក្រៅពីនេះគ.ក.ប ក៏បានចេញបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធបន្តចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាដែលមានចេតនាក្នុងការញុះញង់បង្កបញ្ហាដល់សង្គម និងខាតបង់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត ដោយធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ បង្កជាអំពើហិង្សា បិទផ្លូវសារធារណៈ ការគប់ឬវាយបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ ឯកជន ការរាំងមធ្យោបាយដឹកជញ្ជូនទំនិញរបស់រដ្ឋ ឬឯកជន ការបង្ករបួសស្នាម ការគំរាមគំហែងកម្មករមិនឱ្យចូលធ្វើការ។ល។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន គ.ក.ប បានថ្លែងថា រាល់ករណីកូដកម្ម បាតុកម្មដែលកើតឡើងនៅតាមភូមិសាស្រ្តណាមួយ គណៈបញ្ជាការឯកភាព និងគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានោះ ហើយត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុនៃបញ្ហា ភស្តុតាង និងមុខសញ្ញាជនឱកាសនិយមដែលញុះញង់ឬធ្វើសកម្មភាពខុសច្បាប់។ក្នុងករណីមានអំពើហិង្សាត្រូវចាត់វិធានការតាមនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ធ្វើឡើងក្នុងអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា (គ.ក.ប) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការងារ។ជាកិច្ចប្រជុំក្នុងគោលបំណងផ្សព្វផ្សាយផែនការស្តីពីការដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង