Yearendyearend1140x150

ក្រុមហ៊ុនធំៗសហរដ្ឋអាម៉េរិក បង្ហាញឆន្ទៈវិនិយោគ និងនាំចេញកសិផលពីកម្ពុជាទៅកាន់ទីផ្សារខ្លួន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការវិនិយោគ និងនាំចេញផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងទីផ្សារពិភពលោក។ ការបង្ហាញឆន្ទៈនេះ ត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសម្របសម្រួលរបស់ ឯកឧត្តម ហួត គីមឆា អគ្គកុងស៊ុលកិត្តិយសនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុង Long Beach សហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះ តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ បានឱ្យដឹងថា កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។

លោកបានបន្តថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន។

ជាមួយគ្នានេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានលើកឡើងថា ដើម្បីបង្កភាពងាយស្រួលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេស និងជៀសវាងការជួបប្រទះបញ្ហាភូតគាមអនាម័យនិងស្តង់ដារផលិតផល ក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកទឹកចិត្តដល់វិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ឲ្យវិនិយោគលើការកែច្នៃ-វេចខ្ចប់កសិផល ដោយផ្ទាល់នៅកម្ពុជាជាមុនសិន រួចទើបនាំចេញ ជាជាងការនាំចេញកសិផលស្រស់ ដោយមិនមានការកែច្នៃជាមុន។

ឯកឧត្តមបានបញ្ជាក់ថា កសិផលកម្ពុជាមួយចំនួនបានទទួលការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រួចរាល់ ហើយមួយចំនួនទៀត គឺកំពុងស្ថិតក្នុងដំណាក់កាលនៃការស្នើសុំ ដែលនេះស្ដែងឲ្យឃើញថា កសិផលកម្ពុជា គឺជាផលិតផលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ជាអន្តរជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង