Yearendyearend1140x150

កម្ពុជាឈ្នះក្ដីលើបណ្ដឹងតវ៉ាពីអឺរ៉ុបចំពោះការដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា)

ភ្នំពេញ៖ កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ាចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករគ្រាប់វែង(Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ក្រោយសាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។ នេះបើតាមសេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

សេចក្ដីប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី៩ ខែសវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជាបានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុបបានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធសម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។

សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌សម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែងដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។

សេចក្ដីប្រកាសបញ្ជាក់ថា សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុបមកលើអង្ករគ្រាប់វែងរបស់កម្ពុជានៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង