Yearendyearend1140x150

“មណ្ឌលសុខភាពស្រលាញ់ទារក”នឹងលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាព៨ នៅខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងកម្មវិធីអាហារូបត្ថម្ភជាតិ អង្គការ ទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា នឹងដាក់ឱ្យដំណើការអនុវត្តសាកល្បង “មណ្ឌលសុខភាពស្រលាញ់ទារក និងការថែទាំព្យាបាលបញ្ហាកង្វះអាហារូបតម្ថស្រួចស្រាល់” នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអ៊ីមប្រេស ខេត្តសៀមរាប។

កម្មវិធីសាកល្បងរយៈពេលមួយឆ្នាំនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវអត្រាបំបៅកូនដោយទឹកដោះម្តាយ និងសុខុមាលភាពកុមារ តាមរយៈការលើកកម្ពស់ការអនុវត្ត “មណ្ឌលសុខភាពស្រលាញ់ទារក” នៅតាមមណ្ឌលសុខភាពចំនួន៨ ស្របតាមគោលការណ៍ណែនាំគំនិតផ្តួចផ្តើម មន្ទីពេទ្យស្រលាញ់ទារក ដែលក្រសួងសុខាភិបាល បានឱ្យដាក់ដំណើរការ កាលខែកញ្ញា ឆ្នាំ២០២២។

នៅមណ្ឌលសុខភាពទាំង៨នេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ក៏នឹងធ្វើឱ្យប្រសើរឡើងនូវការកំណត់អត្តសញ្ញាណ ការបញ្ជូនបន្ត និងការតាមដានកុមារដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ដែលរួមចំណែកដល់ផែនការសកម្មភាពជាសកលស្តីពីការកាត់បន្ថយភាពស្គមស្គាំងរបស់កុមារ (កង្វះអាហារូបត្ថម្ភស្រួចស្រាល់) របស់អង្គការសហប្រជាជាតិ (ឆ្នាំ២០២១) និងការអនុវត្តគោលការណ៍ណែនាំបណ្តោះអាសន្នស្តីពីការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារអាយុក្រោម៥ឆ្នាំនៅកម្ពុជា។

គំនិតផ្តួចផ្តើមសាកល្បងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កុមារអាយុក្រោម៥ឆ្នាំ ដែលមានកង្វះអាហារូបត្ថម្ភស្រួចស្រាល់នៅក្នុងតំបន់ទាំងនេះ។ ទារកទើបកើតជាង២០០០នាក់ និងស្រ្តីមានផ្ទៃពោះជាង៣០០០នាក់ នឹងទទួលបានផលវិជ្ជមាន ពីការលើកកម្ពស់ការអនុវត្ត “មណ្ឌលសុខភាពស្រលាញ់ទារក”។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះ ក៏នឹងជួយលើកកម្ពស់គុណភាពសេវានៅមណ្ឌលសុខភាពចំនួន ៨ នៅស្រុកពួក និងស្រុកវ៉ារិន ព្រមទាំងមន្ទីរពេទ្យបង្អែកអង្គរជុំ ខេត្តសៀមរាប។

បើតាមលោកស្រី Grana Pu Selvi ប្រធានបច្ចេកទេសកម្មវិធីអាហារូបត្ថម្ភនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ នៅ កម្ពុជា បានមានប្រសាសន៍ថា គ្រឹះស្ថានសុខាភិបាល ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និងគាំទ្រម្តាយវ័យក្មេងឱ្យបំបៅកូនដោយទឹកដោះ។

Grana បានបញ្ជាក់ទៀត ៖ “ប៉ុន្មានថ្ងៃដំបូងនៃជីវិតរបស់ទារកទើបនឹងកើត គឺជាពេលវេលាដ៏សំខាន់មួយក្នុងការគាំទ្រដល់ម្តាយ ដើម្បីឱ្យពួកគាត់បំបៅកូនដោយទឹកដោះប្រកបដោយជោគជ័យ។ អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ គំនិតផ្តួចផ្តើម មន្ទីរពេទ្យស្រលាញ់ទារក ជាសកល ដើម្បីលើកទឹកចិត្តដល់គ្រឹះស្ថានសុខាភិបាលទូទាំងសកលលោក គាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ឱ្យកាន់តែប្រសើរឡើង។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវបណ្ឌិត ប្រាក់ សោភ័ណ្ឌនារី មានប្រសាសន៍ថា ៖ “ក្រសួងសុខាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាអង្គការទស្សនៈពិភពលោកអន្តរជាតិ ដើម្បីបង្កើនអត្រាបំបៅដោះកូននៅក្នុងប្រទេស។ វាចាំបាច់ណាស់ក្នុងការលើកកម្ពស់ចំណេះដឹងក្នុងចំណោមស្ត្រីមានផ្ទៃពោះ និងម្តាយក្រោយសម្រាល អំពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយ”៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង