Yearendyearend1140x150

ក្រុមហ៊ុនមួយបោះទុនជាង១៦០លានដុល្លារវិនិយោគលើអាជីវកម្មសណ្ឋាគារផ្កាយ៥នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនមួយ បានបោះទុនវិនិយោគប្រមាណ១៦៤,៤លានដុល្លារអាម៉េរិក ដើម្បីវិនិយោគនៅកម្ពុជាលើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ហើយអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

សេចក្ដីប្រកាសបានឱ្យដឹងថា តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៣បន្ថែមទៀតដូចជា៖ ១- “ONEPLUS NEW MATERIAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។

ក្រុមហ៊ុនទី២- “JINLAI TEXTILES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។

ក្រុមហ៊ុនទី៣- “XINJINCAI PLASTIC (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង