Yearendyearend1140x150

ប្រធានអាយប៉ា បង្ហាញចំណុចជោគជ័យធំៗចំនួន៥ ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន ហៅកាត់ អាយប៉ា (AIPA) លើកទី៤៣ បានបង្ហាញចំណុចជោគជ័យធំៗចំនួន៥ នៃមហាសន្និបាតអាយប៉ា ដែលសភាកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីបិទមហាសន្និបាតនាព្រឹកថ្ងៃទី២៤វិច្ឆិកានេះ នាសណ្ឋាគារសុខាភ្នំពេញ សម្តេច ហេង សំរិន បានបញ្ជាក់ថា លទ្ធផលសំខាន់ៗរួមមាន៖

ទី១៖ មហាសន្និតបាតលើកទី៤៣នេះ អាយប៉ាបានទទួលយកសមាជិកសភាសង្កេតការណ៍ថ្មីបន្ថែមចំនួន៤។

ទី២៖ អាយប៉ា បានបង្កើនការជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ទាំងក្នុងនិងរវាងគ្រួសារអាយប៉ា ព្រមទាំងជាមួយសភាសង្កេតការណ៍។

ទី៣៖ មហាសន្និបាតបានអនុម័តនូវសេចក្តីសម្រេចសំខាន់ៗជាច្រើនក្នុងក្របខណ្ឌ សមាជិកសភាស្រ្តី កិច្ចការនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការរៀបចំជាដើម។

ទី៤៖ មហាសន្និបាត បានបង្ហាញពីស្មារតីសាមគ្គីភាពនិងឯកភាពគ្នាយ៉ាងរឹងមាំ។

ទី៥៖ អាយប៉ាបានបង្ហាញច្បាស់ពីគោលការណ៍នៃការប្រឹក្សាយោបល់ និងការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើមូលដ្ឋានកុងសង់ស៊ីស នៅតែជាមូលដ្ឋានសំខាន់ចំពោះមជ្ឈភាព និងឯកភាពរបស់អាស៊ាន។

សម្តេច ហេង សំរិន បានបន្តថា នេះជាភាពជោគជ័យ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងការពង្រឹងយន្តការសភាក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងសកលលោក ខណៈអាយប៉ា ដែលជាស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសសមាជិកអាស៊ាន តំណាងឱ្យប្រជាពលរដ្ឋនៃតំបន់អាស៊ីអាគ្នេយ៍ ៦៥០លាននាក់។

សម្តេច ហេង សំរិន សង្កត់ធ្ងន់ថា អាយប៉ាជាតំណាងឱ្យឆន្ទៈ និងផលប្រយោជន៍នៃប្រជាពលរដ្ឋ បានដើរតួនាទីដ៏សំខាន់ ក្នុងការសម្រេចបាននូវសហគមន៍អាស៊ាន ដែលផ្តោតលើប្រជាពលរដ្ឋ និងយកប្រជាពលរដ្ឋជាគោល។ អាយប៉ាអាចជួយកសាងសហគមន៍អាស៊ាន តាមរយៈការអភិវឌ្ឍនូវក្របខណ្ឌ និងសុខដុមនីយកម្មច្បាប់ ការតាមដានត្រួតពិនិត្យលើរដ្ឋាភិបាល និងការធ្វើច្បាប់ថវិកា ដើម្បីឱ្យស៊ីសង្វាក់ទៅនឹងគោលនយោបាយជាតិ និងផែនការសកម្មភាពនៃប្រទេសរបស់ខ្លួន។

សូមជម្រាបថា ពិធីបិទមហាសន្និបាតលើកទី៤៣ ប្រកបដោយអត្ថន័យ បង្ហាញពីសាមគ្គីភាព និងភាពស្និទ្ធស្នាលបំផុត បន្ទាប់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានអាយប៉ាលើកទី៤៣ បានផ្ទេរតំណែងជាប្រធានអាយប៉ាលើកទី៤៤ ជូនដល់លោកស្រី Puan Maharani ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង