Yearendyearend1140x150

កំណត់ត្រាខ្ពស់នៃសម្បុកសត្វត្រដក់តូចក្នុងតំបន់ទីជម្រកមេគង្គក្នុងរយៈពេលបួនឆ្នាំ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WWF កម្ពុជា

ក្រចេះ៖ ក្រុមអ្នកជំនាញតាមដាន និងស្រាវជ្រាវជីវចម្រុះនៃដែនជម្រកសត្វព្រៃសំបូរ បានផ្តល់សេចក្តីរាយការណ៍នៅថ្ងៃទី២១ វិច្ឆិកា ថា បានកត់ត្រាវត្តមានសំបុកសត្វត្រដក់តូចចំនួន ៤៨ សម្បុក ដោយបានបញ្ជាក់ផងដែរពីវត្តមានរបស់បក្សីពេញវ័យចំនួនសរុប ៦៨ក្បាល ព្រមទាំងវត្តមានកូនតូចៗជាច្រើនទៀត កំពុងរស់នៅតាមទីជម្រកព្រៃលិចទឹកនៃទន្លេមេគង្គ។

ការតាមដានសត្វស្លាបក្នុងអំឡុងពេលនៃរដូវកាលពងកូនរបស់សត្វស្លាបមាឌធំមួយប្រភេទនេះ ចាប់ពីខែតុលាដល់ខែធ្នូ ដែលអនុវត្តដោយមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន និងអ្នកជំនាញស្រាវជ្រាវសត្វព្រៃរបស់អង្គការ WWF ព្រមទាំងមានការចូលរួមផងដែរពីសមាជិកសហគមន៍មូលដ្ឋានដែលរស់នៅក្បែរតំបន់នៃទីជម្រកនោះ។

អ្នកជំនាញផ្នែកជីវចម្រុះនៃអង្គការ WWF បានពិពណ៌នាអំពីលទ្ធផលនាពេលនេះថាជាកំណត់ត្រានៃចំនួនសម្បុកសត្វត្រដក់ដែលមានអត្រាមួយខ្ពស់សម្រាប់រយៈពេល ៤ ឆ្នាំចុងក្រោយ នៅក្នុងតំបន់ទីជម្រកមេគង្គនេះ។ លើសពីនេះទៀត ចំនួនសម្បុកដែលត្រូវបានកត់ត្រានាពេលនេះបានកើនឡើងរហូតដល់ជិត ១៣០% បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ២៤ សម្បុក ប៉ុណ្ណោះ ដែលត្រូវបានអ្នកជំនាញកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២១។

រូបភាព៖ អង្គការ WWF កម្ពុជា

ក្រសួងបរិស្ថាន និងអង្គការ WWF បាននិងកំពុងអនុវត្តកម្មវិធីការពារសម្បុកសត្វស្លាប ដោយឲ្យមានការចូលរួមផ្ទាល់ពីសហគមន៍មូលដ្ឋាននៃតំបន់ទីជម្រក ក្នុងការងារតាមដាន និងការងារល្បាតជាប្រចាំដែលដឹកនាំដោយមន្ត្រីឧទ្យានុរក្ស ដើម្បីការពារពង និងសម្បុករបស់សត្វត្រដក់ទាំងនេះរហូតដល់ពួកវាញាស់ និងហើរចេញរកស៊ី។កម្មវិធីការពារសម្បុកសត្វស្លាបនេះផ្តោតលើប្រភេទសត្វស្លាបមានមាឌធំ រួមមាន សត្វត្រដក់តូច សត្វត្រយ៉ងចង្កំកស សត្វត្រយ៉ងយក្ស និងសត្វត្មាតទាំងបីប្រភេទ។

គួរបញ្ជាក់ថា សត្វត្រដក់តូចត្រូវបានចាត់ថ្នាក់ជាប្រភេទបក្សីងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់ IUCN ហើយចំនួនរបស់វាត្រូវបានគេប៉ាន់ប្រមាណថាមានយ៉ាងហោចណាស់ចំនួន ៣ ០០០ ក្បាល កំពុងរស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែសត្វនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការបាត់បង់ជម្រកពងកូនដោយសារកត្តារិចរិល និងការបំលែងធម្មជាតិតំបន់ដីសើម៕

រូបភាព៖ អង្គការ WWF កម្ពុជា
រូបភាព៖ អង្គការ WWF កម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ត្រដក់តូច
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង