Yearendyearend1140x150

ម្រេច កម្ពុជាត្រូវបានអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិនជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ម្រេច កម្ពុជាត្រូវបានរដ្ឋបាលគយប្រទេសចិនចេញសេចក្តីប្រកាសអនុញ្ញាតឲ្យនាំចេញទៅប្រទេសចិន ចាប់ពីថ្ងៃទី២១ខែវិច្ឆិកា។ បើយោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយចិន និងក្រសួងកសិកម្មកម្ពុជា ស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យបានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែម្រេចកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ។

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian នៅថ្ងៃទី២៧ ខែតុលា បានមានប្រសាសន៍ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងកម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញការនាំចេញម្រេចកម្ពុជា ជលផលធម្មជាតិ សំបុកត្រចៀកកាំ ដូងជាដើម ទៅកាន់ប្រទេសចិន។ ដោយសារផលិតផលកសិកម្មកម្ពុជាកាន់តែច្រើនត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិននឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករកម្ពុជា លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់កសិករ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនទាំងពីរ។

ឯកអគ្គរដ្ឋទូត Wang Wentian បានសង្កត់ធ្ងន់ថាកសិកម្មជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ជឿជាក់ថាជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ផលិតផលកសិកម្មគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើននឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិន ហើយកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជា-ចិនក៏នឹងឈានដល់កម្រិតថ្មីមួយផងដែរ។

សូមជម្រាបថា យោងតាមស្ថិតិរបស់ប្រទេសចិន ចាប់ពីឆ្នាំ២០១៩ ដល់ចុងខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ២.៤ លានតោនទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបចំនួន ១.៩៤២ ពាន់លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង