Yearendyearend1140x150

វិស័យដឹកជញ្ជូននៅកម្ពុជាទទួលផលចំណេញជាងមុន ក្រោយប្រេងចុះថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) 

ភ្នំពេញ៖ គិតមកដល់ពេលនេះ វិស័យដឹកជញ្ជូននៅកម្ពុជាមិនមានបញ្ហាអ្វីទេ គឺនៅដំណើរការធម្មតា តែក្នុងនោះសង្កេតឃើញថាមានការធ្លាក់ចុះមួយចំនួនដូចជា ការធ្លាក់ចុះចំពោះការបញ្ជាទិញ និងការនាំចេញជាដើម។ ទោះជាយ៉ាងណា ក៏វិស័យដឹកជញ្ជូននៅកម្ពុជាកាន់តែទទួលបានផលចំណេញជាងមុន ព្រោះតម្លៃប្រេងសាំងកាន់តែចុះថ្លៃជាបន្តបន្ទាប់ ហើយស្ថានភាពកូវីដ-១៩ក៏កាន់តែមានភាពអនុគ្រោះជាងមុន។ នេះបើតាមប្រសាសន៍លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) បានប្រាប់ស៊ីស៊ីថាមស៍។

លោក ស៊ិន ចន្ធី បនាបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា មកទល់ពេលនេះ ចំពោះបញ្ហាប្រឈមដែលវិស័យដឹកជញ្ជូនកម្ពុជាកំពុងតែជួបប្រទះគឺនៅតែជាបញ្ហាដូចគ្រាកូវីដ-១៩ ហើយគិតមកត្រឹមពេលនេះការដឹកជញ្ជូនតាមកប៉ាល់ត្រូវបានសង្កេតឃើញថាមានការធ្លាក់ចុះជាងមុន ចំណែកឯកង្វះទូកុងតឺន័រគឺមិនមែនជាបញ្ហាទៀតទេ។

លោកបន្ថែមថា ទោះបីជាមានផលប៉ះពាល់យ៉ាងណាក៏ដោយក៏វិស័យដឹកជញ្ជូននៅកម្ពុជានៅតែរក្សាដំណើរការបានដដែរ ហើយការនាំចេញរបស់កម្ពុជានាពេលបច្ចុប្បន្ននេះក៏មិនមានការកកស្ទះដែរ។ ទាក់ទងនឹងបញ្ហាតម្លៃសាំងឡើងថ្លៃគឺមិនមែនជាឧបសគ្គធំដែលអាចបង្អាក់ការដឹកជញ្ជូននៅកម្ពុជាបានទេ ជារួមគឺគ្រាន់តែខាតបង់ផលចំណេញជាងមុនបន្ដិចតែប៉ុណ្ណោះ។ ចំពោះការដឹកជញ្ជូនទៅក្រៅប្រទេសក៏មិនមានជួបបញ្ហាកកស្ទះទៀតដែរ គ្រាន់តែបរិមាណនៃការនាំចេញ-នាំចូល មានការធ្លាក់ចុះជាងមុនបន្តិចតែប៉ុណ្ណោះ។

លោកបន្តថា ចំណែកតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ ក៏មានតម្លៃធូរជាងពេលមុនដែរ ព្រោះបច្ចុប្បន្ននេះ តម្លៃប្រេងសាំងក៏មានការធ្លាក់ចុះបន្ដិចម្ដងៗផងដែរ ហើយឥឡូវនេះក្រុមហ៊ុនដឹកជញ្ជូនធំៗក៏មិនមានការចរចាឡើងថ្លៃចំពោះតម្លៃដឹកជញ្ជូនដែរ គឺមានតែធ្លាក់ថ្លៃទៅតាមតម្លៃប្រេងសាំង។ នេះជាការលើកឡើងរបស់ប្រធានសមាគមភស្ដុភារកម្មកម្ពុជា។

លោកបន្ថែមថា ចំពោះមធ្យាបាយសម្រាប់ការនាំចេញទំនិញពីកម្ពុជាទៅក្រៅប្រទេសគឺមានចំនួន៣ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ហើយការនាំទំនិញពីកម្ពុជាទៅក្រៅប្រទេសភាគច្រើនគឺត្រូវធ្វើការដឹកជញ្ជូនតាមផ្លូវទឹកដែលមានរហូតដល់ជិត៧០% ព្រោះការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាប។

ប្រធានសមាគមរូបនេះបន្តថា ចំពោះទំនិញដែលកម្ពុជានាំចេញទៅក្រៅប្រទេសច្រើនជាងគេ គឺទំនិញក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ដូចជា កាបូប ស្បែកជើង សម្លៀកបំពាក់ ជាមួយគ្នានេះក៏មានផលិតផលកសិកម្មដូចជា ស្រូវ អង្ករ ស្វាយ ជាដើម ហើយផលិតផលវិនិយោគក្នុងស្រុកក៏មានការនាំចេញទៅក្រៅប្រទេសដែរដូចជា គ្រឿងអេឡិចត្រូនិច កង់ និងគ្រឿងបង្គុំជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង