Yearendyearend1140x150

សម្តេច ហ៊ុន សែនប្រកាសបន្តកាន់អំណាចរយៈពេល១០ឆ្នាំទៀត

នយោបាយ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា

ភ្នំពេញ៖សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ មិថុនានេះ បានប្រកាសជាថ្មីថា សម្តេចនឹងនៅតែបន្តកាន់អំណាចដឹកនាំប្រទេសកម្ពុជាយ៉ាងហោចណាស់ ១០ ឆ្នាំទៀត។ការប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញទៅទស្សនាគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលវិនិយោគដោយសាជីវកម្មវិនិយោគទុននៅកម្ពុជា។

ការប្រកាសជាថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបែបនេះ គឺបន្ទាប់ពីមានមតិមួយចំនួនបានដាក់ការសង្ស័យថាសម្តេចហ៊ុន សែន កំពុងរៀបចំ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច ឱ្យបន្តស្នងតំណែងជានាយករដ្ឋមន្ត្រី។

សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅកម្ពុជា គឺមានបេក្ខជនច្រើនណាស់ដែលឈរឈ្មោះក្នុងការបោះឆ្នោតជានាយករដ្ឋមន្រ្តី ក៏ប៉ុន្តែក្នុងនាមសម្តេចជាឪពុករបស់លោក ហ៊ុន ម៉ាណែត សម្តេចនឹងគាំទ្រ អប់រំ កូនរបស់សម្តេចឱ្យមានសមត្ថភាពដូច ឬប្រហាក់ប្រហែលនឹងសម្តេចមុននឹងបានក្លាយជានាយករដ្ឋមន្រ្តី បើទោះជាមិនអាចដូច១០០ភាគរយយ៉ាងហោចណាស់ក៏បាន ៨០ ភាគរយឬ ៩០ ភាគរយដែរ។

លើសពីនេះ សម្តេចបានថ្លែងបន្តទៀតថា មិនមែនមានតែកូនប្រុសរបស់សម្តេចទេដែលមានសមត្ថភាព ប៉ុន្តែគឺមានបេក្ខជនច្រើនណាស់ដែលមានសមត្ថភាព ហើយគឺត្រូវឆ្លងកាត់ការបោះឆ្នោតពីប្រជាជនសិនទើបបេក្ខជនទាំងនោះមានលទ្ធភាពបន្តតំណែងជានាយករដ្ឋមន្រ្តីបាន បន្ទាប់ពីមានការឈ្នះឆ្នោត។

គួរបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ជាបុត្រាច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ត្រូវបានគណបក្សប្រជាជនកម្ពុជា (ស៊ីភីភី) ដំឡើងឋានៈជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដែលកាលពីមុន លោក ម៉ាណែត គឺជាអនុប្រធាន។

លោក ហ៊ុន ម៉ាណែត មានឋានន្តរស័ក្តិយោធាជាឧត្ដមសេនីយ៍ឯក ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ផងដែរ។ លោក ហ៊ុន ម៉ាណែត ត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនចុះផ្សាយថា អាចជាមនុស្សម្នាក់ដែលនឹងស្នងតំណែងនាយករដ្ឋមន្ត្រីបន្តពីឪពុករបស់លោក គឺសម្ដេចតេជោ ហ៊ុន សែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង