
ភ្នំពេញ៖ យោងតាមរបាយការណ៍នៃការអនុវត្តការងាររយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ រថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្នើនឹង ៣២.៧៤% នៃរថយន្តសរុប និងរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០គ្រឿង។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គណៈកម្មាធិការបានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិចចំនួន ៤ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការ នឹងពង្រឹងការគ្រប់គ្រង និងការអនុវត្តការងារដូចជា ការសាងសងស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ និងការតភ្ជាប់បណ្តាញបច្ចេកវិទ្យាពីគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ មកទីស្តីការក្រសួង៕