Yearendyearend1140x150
Img 0571

ក្រុមការពារសម្បុកសត្វរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៧នាដើមរដូវពងកូន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ គម្រោង រេដបូក កែវសីមា

មណ្ឌលគិរី៖ ក្រុមការពារសម្បុកសត្វសហគមន៍បានរកឃើញសម្បុកសត្វត្រដក់តូចចំនួន១៧សម្បុកនាដើមរដូវពងកូនឆ្នាំ២០២២នេះ និងបានកំពុងយាមការពារយ៉ាងហ្មត់ចត់ដើម្បីកុំឱ្យជនល្មើស លួចប្រមូលយកពងកូនទាំងនោះ។ សហគមន៍បានរកឃើញសម្បុកទាំងនេះនៅភាគខាងជើង នៃដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ម្តុំទីតាំងដែលសត្វត្រដក់តូចធ្លាប់បានពងកូននៅទីនោះកាលពីឆ្នាំ2021។

កាលពីរដូវពងកូនឆ្នាំ២០២១ ក្រុមស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន១៦សម្បុក ហើយ សហគមន៍បានយាមការពាររហូតដល់កូនញាស់បានចំនួន ១៩ក្បាល។ រដូវពងកូនរបស់ត្រដក់តូចចាប់ផ្តើមពីខែសីហា ដល់ខែវិច្ឆិកា។ ក្រុមការ ងារសង្ឃឹមថានឹងអាចរកឃើញសម្បុកត្រដក់តូចបន្ថែមទៀតរហូតដល់ចុងរដូវពងកូនរបស់វាក្នុងឆ្នាំនេះ។

តាមការប៉ាន់ស្មាន ចំនួនសត្វត្រដក់តូចកំពុងតែថយចុះយ៉ាងខ្លាំងបណ្តាលមកពីកត្តាគំរាមកំហែងផ្សេងៗ ជាពិសេសដោយសារមានការលួចប្រមូលយកពងនិងកូនត្រដក់តូចពីហ្វូងរបស់វា ការបាត់បង់ទីជម្រកសម្រាប់ធ្វើសម្បុកពងកូន ការផ្លាស់ប្តូរនិងការបាត់បង់តំបន់ដីសើម និងការផ្លាស់ប្តូរទៅរកការធ្វើកសិកម្មតាមបែបប្រពលវប្បកម្ម។

ទន្ទឹមនិងនោះ ត្រដក់តូចក៏ទទួលរងការគំរាមកំហែងផងដែរតាមរយៈសកម្មភាពដាក់ថ្នាំបំពុលក្នុងទឹកដើម្បីចាប់ត្រី។ កាលពីរដូវពងកូនឆ្នាំ ២០២០ ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសម្បុកត្រដក់តូចចំនួន ៤សម្បុក ក៏ប៉ុន្តែពងនៅក្នុងសម្បុកទាំងអស់មិនបានញាស់ទេ ដោយសារតែមានការរំខានពីមនុស្ស។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយដែលសហគមន៍ដើរស្វែងរកសម្បុកប្រភេទសត្វកម្រនេះដោយខ្លួនឯង។ ការចូលរួមដ៏សកម្មនេះកើតចេញពីលទ្ធផលនៃការធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹងដល់សហគមន៍មូលដ្ឋានអំពីសារៈសំខាន់ក្នុងការការពារសត្វព្រៃកម្រនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលបាន រៀបចំឡើងដោយក្រុមស្រាវជ្រាវសត្វព្រៃកាលពីខែមិថុនាកន្លងទៅ៕

រូបភាព៖ គម្រោង រេដបូក កែវសីមា
រូបភាព៖ គម្រោង រេដបូក កែវសីមា
រូបភាព៖ គម្រោង រេដបូក កែវសីមា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង