Yearendyearend1140x150

មយូរ៉ា៖ អ្នកនិពន្ធពីររូបធ្វើឱ្យកញ្ញាផ្លាស់ប្ដូរការសរសេររឿងនិទានទៅជាប្រលោមលោក

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី​
/

កណ្ដាល៖ កញ្ញា ពេជ្រ អេងគីមសួគ៌ ជាអ្នកនិពន្ធមួយរូប ដែលបានបោះពុម្ភស្នាដៃដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ មានចំណងជើងថា «ភរិយាក្រៅបេះដូង»។ ពេជ្រ អេងគីមសួគ៌ ត្រូវបានមហាជនស្គាល់ថាជា «មយូរា»។ កាលពីកុមារភាព កញ្ញាមិនស្គាល់ថាប្រលោមលោក ជាអ្វីឡើយ នៅជុំវិញខ្លួនមានតែសៀវភៅរឿងនិទាន ដូច្នេះកញ្ញាចាប់ផ្តើមតាក់តែងរឿងបែបជារឿងនិទាន ប៉ុន្ដែអ្នកនិពន្ធពីររូប បានធ្វើឱ្យកញ្ញាចាប់ផ្តើមកែប្រែរបៀបសរសេរសាច់រឿងរបស់ខ្លួនពីរឿងនិទាន មកសរសេរជារបៀបប្រលោមលោកវិញ។

កញ្ញា ពេជ្រ អេងគីមសួគ៌ បានប្រាប់ស៊ីស៊ីថាមស៍ថា កញ្ញាចាប់អារម្មណ៍ចំពោះការសរសេរប្រលោមលោក ដោយសារតែមានសាច់រឿងមួយចំនួនបានផុសនៅក្នុងខួរក្បាល ធ្វើឱ្យកញ្ញាចង់បង្ហាញវាចេញមកក្រៅតាមរយៈការសរសេរ។ កញ្ញាមិនទាំងដឹងផងថាប្រលោមលោកជាអ្វីឡើយ នៅជុំវិញខ្លួនមានតែសៀវភៅរឿងនិទាន ដូច្នេះកញ្ញាចាប់ផ្តើមតាក់តែងរឿងបែបជារឿងនិទាន ប៉ុន្តែសរសេរមិនចប់ទេ ក៏មានរឿងថ្មីៗ និងសរសេរឿងថ្មីទៀត សរសេរផងគូររូបដាក់ផង ធ្វើវាដូចជាសៀវភៅរឿងនិទាន។

កញ្ញា ពេជ្រ អេងគីមសួគ៌ បានបន្ដថា រហូតដល់កញ្ញាចាប់ផ្តើមអានសៀវភៅប្រលោមលោក ទើបចាប់ផ្តើមសរសេរជាសរបៀបប្រលោមលោកវិញ។ រឿងដែលកញ្ញាបានអាននៅពេលនោះគឺរឿង “រនោចខែភ្លឺ” ដែលជារឿងរបស់លោកគ្រូ ទឹម ម៉ានី និងរឿង “ផ្កាសណ្តំចិត្ត” របស់អ្នកស្រី ម៉ៅ សំណាង។ ក្រោយពេលអានរឿងទាំងពីរនោះ ធ្វើឱ្យកញ្ញាចាប់ផ្តើមកែប្រែរបៀបសរសេរសាច់រឿងរបស់ខ្លួនពីរឿងនិទាន មកសរសេរជារបៀបប្រលោមលោកវិញ។

កញ្ញា ពេជ្រ អេងគីមសួគ៌ បានបន្ដទៀតថា ការតែងនិពន្ធគឺប្រៀបដូចជាការនាំខ្លួនឯងចូលទៅក្នុងពិភពថ្មីមួយ ពិភពមួយដែលមិនមែនជាពិភពល្អឥតខ្ចោះ តែមានគ្រប់យ៉ាងនៅទីនោះ។ រាល់ពេលដែលកញ្ញាធ្វើការតែងនិពន្ធ ឬប្រតិដ្ឋសាច់រឿងឡើង វាហាក់ដូចជាកំពុងតែធ្វើដំណើរផ្សងព្រេងនៅក្នុងពិភពមួយទៀត រឿងរ៉ាវជាច្រើនដែលកើតនៅក្នុងពិភពលោកមួយនោះ ក៏បានទទួលនូវអារម្មណ៍ជាច្រើនផងដែរ។ មានពេលខ្លះកញ្ញាយំព្រោះតួអង្គរបស់ខ្លួនឈឺចាប់ កញ្ញាញញឹមពេលពួកគេរីករាយ និងមានមោទនភាពដែលពួកគេជោគជ័យ។ ត្បិតថាតួអង្គទាំងនោះមិនមានរូបពិត តែពួកគេរស់មិនចេះស្លាប់នៅក្នុងបេះដូងរបស់កញ្ញា។

កញ្ញា ពេជ្រ អេងគីមសួគ៌ បានបន្ថែមថា ចំពោះផលពិបាកនៅពេលសរសេរសាច់រឿង ទីមួយគឺការស្វែងរកព័ត៌មានផ្សេងៗដែលទាក់ទងនឹងសាច់រឿងរបស់ខ្លួនត្រូវសរសេរ មានពេលខ្លះត្រូវចំណាយពេលយូរ សម្រាប់ស្វែងរក។ ទីពីរគឺនៅពេលសរសេរឈុត ឬប្រត្តិការណ៍ណាមួយនៅក្នុងរឿង តែងតែមានអារម្មណ៍ប្រឆាំងឡើងមក ដែលធ្វើឱ្យឃើញភាពឆ្គាំឆ្គងនៃសាច់រឿង ហើយត្រូវកែប្រែឈុតឆាកកំពុងសរសេរជាថ្មី មានពេលខ្លះក៏ធ្វើឱ្យគាំងមួយកន្លែងមិនទាន់អាចបន្តសាច់រឿងបាន ហើយត្រូវគិតសាឡើងវិញជាថ្មី ថាត្រូវបន្តឈុតនោះដោយរបៀបណា។ បន្ថែមពីនេះ ពេលវេលាក៏ជាផលវិបាកមួយផងដែរ ដោយសារពេលនេះកញ្ញាមានភាពរវល់ច្រើនជាងមុន ទើបធ្វើឱ្យពេលវេលានៃការសរសេររឿងមិនមានច្រើនដូចពេលមុនៗ។

កញ្ញា ពេជ្រ អេងគីមសួគ៌ បានបន្ថែមទៀតថា ផលពិបាកដែលមានបន្ទាប់ពីចេញផ្សាយរឿងហើយនោះ ទាក់ទងនឹងការលួចយកស្នាដៃទៅចែកចាយដោយមិនមានការអនុញ្ញាត (ការធ្វើជា PDF) រឿងនេះគឺប្រៀបដូចជាជំងឺដែលពិបាកព្យាបាល ព្រោះវាតែងតែរើឡើងរាល់ពេល អ្នកនិពន្ធចេញផ្សាយស្នាដៃរបស់ខ្លួន។ បន្ថែមពីនេះទៀត កញ្ញាតែងតែមានការបារម្ភចំពោះរឿងដែលបានចេញផ្សាយ ខ្លាចថាមានកំហុសឆ្គង បារម្ភខ្លាចធ្វើឱ្យអ្នកអាន មានការខកចិត្ត ផងដែរ។

កញ្ញា ពេជ្រ អេងគីមសួគ៌ បានបាននិយាយថា «នៅថ្ងៃខាងមុខខ្ញុំនឹងនៅតែបន្តការងារជាអ្នកនិពន្ធ អាចនិយាយបានថាខ្ញុំនឹងមិនបោះបង់ឡើយ ខ្ញុំហ៊ាននិយាយច្បាស់ៗថា បន្ទាប់ពីគ្រួសារ ការនិពន្ធប្រលោមលោកគឺជាចំណែកមួយដ៏សំខាន់ក្នុងជីវិតរបស់ខ្ញុំ។ ហើយវាជាភាពជោគជ័យធំបំផុតរបស់ខ្ញុំ គឺបានធ្វើឱ្យសាច់រឿងដែលខ្ញុំបានស្រមៃ លេចរូបរាងឡើង (ការចេញជាសៀវភៅ) និងមានអ្នកអានរង់ចាំសាច់រឿងរបស់ខ្ញុំ ទោះមិនច្រើននាក់ តែខ្ញុំពិតជារីករាយណាស់។»

រហូតមកដល់ពេលបច្ចុប្បន្ននេះរឿងដែលសរសេរដោយដៃនៅក្នុងសៀវភៅ មានចំនួន ០៥ចំណងជើង រឿងទាំងនោះមានដូចជា ម្ចាស់បេះដូងខ្ញុំនៅឯណា?, បេសសកម្មបុប្ជាស្រទាប់បួន, បេសសកម្មបុប្ជាស្រទាប់បួន វគ្គ២, អទិទេពទាំងប្រាំពីរ, វិថីស្នេហ៍ម៉ាហ្វៀ និងររឿងអាថ៌កំបាំងស្នេហ៍ស្រោមមុខហង្ស ស ។

ចំណែកឯរឿងដែលបានចេញផ្សាយ មានចំនួន ២៣ចំណងជើង រួមមាន រឿងភរិយាក្រៅបេះដូង, ក្រញំាទឹកប្រាក់អន្ទាក់ស្នេហ៍, ទេពធីតាឆ្លងភព វគ្គ៣, ស្នូរបេះដូងវែមផាយអសុរកាយ, បទបញ្ជាកំណាចស្វាមីផ្ដាច់ការ, កូនក្រមុំក្នុងរងើកភ្លើង, កូនក្រមុំលើវាលទឹកកក, កន្សែងស្នេហ៍មិត្ត១០០ឆ្នាំ, បន្លំស្នេហ៍ប្តូរ Memory បេះដូង, កំណត់ត្រាឈឺចាប់ក្នុងបេះដូងទាសីស្នេហ៍ និងរឿងជាច្រើនទៀត។ ចំណែកឯរឿងដែលទទួលការគាំទ្រច្រើនជាងគេគឺរឿង ភរិយាក្រៅបេះដូង រឿងបម្រើស្នេហ៍ព្រានកំណាច និងរឿង បង្ក្រាបស្នេហ៍បុត្រារាជសីហ៍ The mafia’s heirs (Blood and Honor) ។ នៅចុងឆ្នាំ២០២២នេះ កញ្ញាក៏និងចេញផ្សាយរឿងថ្មី មានចំណងជើងថា «អ្នកទោសស្នេហ៍ក្លែងក្លាយ»។

គួរបញ្ជាក់ថា កញ្ញា ពេជ្រ អេងគីមសួគ៌ មានទីកន្លែងកំណើតនៅភូមិបឹងខ្នារ ឃុំខ្នាចរមាស ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នកញ្ញារស់នៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្នុងឆ្នាំ២០១៦ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ពេជ្រ អេងគីមសួគ៌
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង