
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោង គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២នេះ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេ៥ សម្រេចបានចំនួន ៥៨,៤៨%ហើយ។ តួលេខនេះត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹង បត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥។
កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះវិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។
ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា៕

