Yearendyearend1140x150

ថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ ជាខួប៥៨ឆ្នាំដែលកម្ពុជាឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនៃប្រាសាទព្រះវិហារ។

ភ្នំពេញ៖ នៅថ្ងៃទី១៥មិថុនា ឆ្នាំ២០២០នេះ គឺជាខួបទី៥៨ឆ្នាំដែលកម្ពុជាឈ្នះថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ។ កាលពី៥៨ឆ្នាំមុនតុលាការយុត្តិធម៌អន្ដរជាតិទីក្រុងឡាអេ បានសម្រេចឱ្យកម្ពុជាឈ្នះក្ដីលើភាគីថៃ ហើយតម្រូវឱ្យភាគីថៃត្រូវតែដកយោធារបស់ខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារឱ្យអស់ដូចសាលដីកាកាលពីចុងឆ្នាំ២០១៣កន្លងទៅ។

ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គគឺជាវីរបុរសរបស់កម្ពុជាដែលមានព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ដើម្បីទាមទារប្រាសាទព្រះវិហារពីការឈ្លានពានរបស់សៀមនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាបានទទួលឯករាជ្យពីបារាំង។

ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបង្ហូតទង់ជាតិកម្ពុជា នៅលើកំពូលភ្នំនៃប្រាសាទព្រះវិហារ ក្រោយពីតុលាការទីក្រុងឡាអេសម្រេចកាត់ក្តីឱ្យកម្ពុជាឈ្នះ ដោយទទួលស្គាល់ទឹកដីនៃប្រាសាទព្រះវិហារជាកម្មសិទ្ធរបស់ព្រះរាជាណាចក្រកម្ពុជា នេះគឺជាមហាសម្ធិផលដ៏ធំធេងមួយទៀតនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការការពារបូរណភាពដែនដីក្នុងរជ្ជកាលរបស់ព្រះអង្គ។

គួរបញ្ជាក់ថា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេបានសម្រេចសេចក្តីថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា បញ្ជាឱ្យថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទក្នុងដែនដីរបស់កម្ពុជា ហើយតម្រូវឱ្យភាគីថៃត្រូវប្រគល់នូវរាល់វត្ថុបុរាណដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកឱ្យកម្ពុជាវិញ។

យ៉ាងណាក៏ដោយ ខាងភាគីថៃមិនគោរពហើយថែមទាំងបានលើកទ័ពចូលលុកលុយវត្តកែវសិក្ខាគិរីស្វារៈជាប់ប្រាសាទព្រះវិហារ ឆ្នាំ២០០៨ ដើម្បីប៉ុនប៉ងដណ្តើមទឹកដីនៅតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌមនុស្សជាតិពិភពលោកនាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ ជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើងម្ដងទៀតយ៉ាងស្រួចស្រាវឈានដល់ការផ្ទុះអាវុធដាក់គ្នា។ តួប្រាសាទព្រះវិហារជាច្រើន បានរងនូវអំបែងគ្រាប់របស់ទាហានថៃ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន បានប្រឹងប្រែងយ៉ាងស្វិតស្វាញ និងអង់អាចជាទីបំផុតទាំងផ្នែកការទូត និងកម្លាំងប្រដាប់អាវុធ ដើម្បីការពារប្រាសាទ និងទឹកដីនៅជុំវិញនោះ។ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្ដរជាតិ បានបកស្រាយសាលដីកាឆ្នាំ១៩៦២ឡើងវិញ និងបានសម្រេចថាកម្ពុជាមានអធិបតេយ្យភាពលើដែនដីទាំងមូលនៃតំបន់ប្រាសាទព្រះវិហារ និងសម្រេចឱ្យភាគីថៃដកកងកម្លាំងប្រដាប់អាវុធ និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង