Yearendyearend1140x150

ខេត្តសៀមរាបទទួលបានភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់សម្រាប់រយៈពេល៧ខែឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរអន្តរជាតិដែលបានមកកម្សាន្តនៅប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៨៣,៨៥៤នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។

ឯកឧត្តមបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួរ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។

ឯកឧត្តម បានបញ្ជាក់ពីជើងហោះហើរក្នុងស្រុក មានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។

យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០%នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម៧០០-៨០០នាក់ក្នុងមួយថ្ងៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង