Yearendyearend1140x150

សប្ដាហ៍ទី១នៃខែមិថុនាភ្ញៀវក្នុងស្រុកជាង ១៥ ម៉ឺននាក់ចេញដើរទស្សនាទូទាំងប្រទេសកម្ពុជា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (រូបភាព​៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្នុងសប្ដាហ៍ទី១នៃខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរក្នុងស្រុកចំនួន ១៥ម៉ឺននាក់បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ស្ថានភាពទេសចរណ៍ផ្ទៃក្នុងនាសប្តាហ៍ទី១ នៃខែមិថុនា (០១-០៧) មានភ្ញៀវទេសចរផ្ទៃក្នុងដែលបានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេសមានចំនួន ១៥៧,៩៤២នាក់កើនឡើង២៤.២០%ធៀបនឹងសប្តាហ៍មុន។

បើតាមឯកឧត្តម ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ ភ្ញៀវជាតិមានចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧% ចំណែកភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦នាក់ កើនឡើង ៣០.៤៣%។

ភ្ញៀវទេសចរក្នុងស្រុកហក់ឡើងខ្ពស់ ពិសេសខេត្តតំបន់ឆ្នេរនៅតែជាគោលដៅទេសចរណ៍យ៉ាងសំខាន់ ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន(ជាង៥០%នៃទេសចរផ្ទៃក្នុងសរុប)។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ភ្ញៀវទេសចរជាតិយ៉ាងច្រើនគួរសមបានទៅកម្សាន្តនៅតំបន់អង្គរ ពិសេសជាលក្ខណៈក្រុមគ្រួសារ និងការជិះកង់កម្សាន្តជាក្រុមៗ។

ចំពោះខេត្តបាត់ដំបងឃើញថា កើនឡើងជាង ១៣% នៃភ្ញៀវទេសចរផ្ទៃក្នុងសរុប។ ខេត្តសៀមរាបបានបង្ហាញសញ្ញានៃការងើបឡើងខ្លះ បើទោះបីជាចំនួនភ្ញៀវទេសចរនៅមិនទាន់មានចំនួនច្រើនវិញនៅឡើយ ខណៈដែលសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនបានបើកដំណើរការអាជីវកម្មឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង