Yearendyearend1140x150
Img 0571

ខួបទី៥៥ អាស៊ានប្តេជ្ញាបន្តដំណើរទៅមុខដោយភាពជឿជាក់ ក្រោមស្មារតីស្នូលរបស់អាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងទិវាអាស៊ាន ថ្ងៃទី០៨​ សីហា ២០២២នេះ អាស៊ានបានប្រារព្ធខួបទី៥៥នៃការបង្កើតអាស៊ាន ដោយបានប្តេជ្ញា និងមានជំនឿជឿជាក់​ថា អាស៊ាននឹងអាចបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ ក្រោមស្មារតីស្នូលរបស់អាស៊ាន "ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ"។ នេះបើតាមសុន្ទរកថារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសអាស៊ាន។

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ខណៈពេលដែលអាស៊ានកំពុងលើកជ្រោងនូវស្មារតីរបស់អាស៊ាន “ការរួបរួមគ្នាទាំងអស់គ្នា” ដើម្បីប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការកសាងនូវទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥ ដ៏រឹងមាំ យើងមានជំនឿជឿជាក់​ថា អាស៊ាននឹងអាចបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ ក្រោមស្មារតីស្នូលរបស់អាស៊ាន “ទស្សនៈវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ”។

ឯកឧត្តមបន្តថា ឆ្នាំនេះ កម្ពុជាមានកិត្តិយស និងបុព្វសិទ្ធយ៉ាងធំធេង ដែលបានទទួលតួនាទី ជាប្រធានប្តូរវេនរបស់អាស៊ាន ជាលើកទី៣ ហើយមូលបទនៃភាពជាប្រធានអាស៊ានរបស់យើងគឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីតម្រូវការ និងការជម្រុញនូវស្មារតី ដោយផ្អែកលើ “ការរួបរួមគ្នា” ដោយផ្តោតសំខាន់លើរបៀបវារៈសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម បានបញ្ជាក់ពីអារម្មណ៍រីករាយ ដែលកាលពីសបា្តហ៍មុន កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យយ៉ាងធំធេង ដោយបានដោះស្រាយបញ្ហា ដែលកំពុងមានកំដៅ សំពាធនានាដែលពុំដែលធ្លាប់ជួបប្រទះកន្លងមក និងបញ្ហាប្រឈមធំៗជាច្រើន នាពេលបច្ចុប្បន្ន។

អាស៊ាននៅបន្តផ្តោតសំខាន់ទៅ​លើកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងសហគមន៍អាស៊ាន។ អាស៊ានបន្តព​ង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ហើយយើងបានបង្ហាញយ៉ាងច្បាស់ថា អាស៊ាននៅតែអាចបន្តឈរជើងយ៉ាងរឹងមាំ​ និងលេចខ្ពស់ត្រដែត នៅក្នុងដំ​ណាក់កាលនៃភាពមិនប្រាកដប្រជា និងចលាចលនៅក្នុងតំបន់ និងសាកលលោក។

ក្នុងបរិបទនេះ អាស៊ាន បានធ្វើការប្រកបដោយភាពម៉ត់ចត់ ដើម្បីធានាឱ្យ​បានថា មជ្ឈភាព និងឯកភាពអាស៊ាន ត្រូវបានថែរក្សា និងពង្រឹងបន្ថែមទៀត។ ជាការពិត គឺមជ្ឈភាពអាស៊ាន ដែលជាកត្តារុញច្រានដ៏សំខាន់នៅពីក្រោយកិច្ចសន្ទនាប្រកប ដោយ​ខ្លឹមសារ​ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ជាមួយដៃគូខាងក្រៅ ជាពិសេសក្នុងបរិបទនៃយន្តការដែលដឹកនាំដោយអាស៊ានទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង