Yearendyearend1140x150

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទទួលបទសម្ភាសន៍ ស្តីអំពីស្ថានភាពបច្ចុប្បន្ននៃជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ផ្លុងវិចិត្រ
/
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ 

សំនួរ​ ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានកើតឡើងក្នុងប្រទេសចិន ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីពិភពលោក សូមលោកជួយបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃជម្ងឺមួយនេះ និងការចាត់វិធានការការពារ និងការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសចិន។

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីត្រូវបានកើតឡើងមក បក្សកុម្មុយនីស្តចិន និងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហាមួយនេះ។ លោកប្រធានាធិបតីចិនXi Jinpingបានចាត់ទុកអាយុជីវិត និងសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋជាកិច្ចការចម្បង ហើយបានធ្វើការបង្ហាញពីចំណុចសំខាន់ៗ និងការបែងចែកការងារយ៉ាងគ្រប់ជ្រុងជ្រោយជាច្រើនដងច្រើនសារ។

ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២០ លោកប្រធានាធិបតីចិន Xi Jinping បានដឹកនាំកិច្ចប្រជុំគណៈកម្មធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមស្តាប់ពីសេចក្តីរាយការណ៍ស្តីពីការការពារ និងការគ្រប់គ្រងនៃជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីមួយនេះ ហើយបានធ្វើការសម្រេចបង្កើតក្រុមដឹកនាំការងារនៃមជ្ឈិមបក្សក្នុងការឆ្លើយតបជាមួយស្ថានភាពជម្ងឺវីរុស ដើម្បីពង្រឹងកិច្ចការពារ និងគ្រប់គ្រងកាន់តែគ្រប់ជ្រុងជ្រោយ។ នាថ្ងៃទី២៧ ខែមករា លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានអញ្ជើញចុះត្រួតពិនិត្យ និងណែនាំពីកិច្ចការពារ និងគ្រប់គ្រងស្ថានភាពជម្ងឺវីរុសផ្លូវដង្ហើមក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន ហើយលោកក៏បានចុះសួរសុខទុក្ខ ជាមួយអ្នកដែលបានផ្ទុកមេរោគមួយនេះ និងបុគ្គលិកសកម្មផ្នែកព្យាបាលជួរមុខ។

បច្ចុប្បន្ននេះ ប្រទេសចិនបានរួមកម្លាំងគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសមួយនេះ ដោយបានចាត់វិធានការយ៉ាងឆាប់រហ័ស យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយវិទ្យាសាស្ត្រក្នុងការការពារ និងគ្រប់គ្រង។ យន្តការបន្ទាន់ថ្នាក់ជាតិ និងថ្នាក់តំបន់ក្នុងការការពាររួមគ្នា និងការគ្រប់គ្រងរួមគ្នាលើស្ថានភាពជម្ងឺវីរុសនេះដំណើរការប្រកបដោយប្រសិទ្ធភាពជាបន្តបន្ទាប់ ហើយបុគ្គលិកផ្នែកកិច្ចការវេជ្ជសាស្រ្ត និងសម្ភារវេជ្ជសាស្រ្តក្នុងប្រទេសបានបញ្ជូនទៅដល់ទីកន្លែងផ្ទាល់ និងព្រមទាំងបានចូលរួមជួយសង្គ្រោះជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវិរុសកូរ៉ូណាប្រភេទថ្មីនៅក្នុងទីក្រុងអ៊ូហាន់ ប្រទេសចិន គ្រប់ផ្នែកនៃការងារត្រូវបានបង្ហាញ និងតម្លាភាព និងព្រមទាំងជំរុញយ៉ាងឆាប់រហ័សប្រកបដោយវិទ្យាសាស្រ្ត និងមានរបៀបរៀបរយ។ លោកDr Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា សកម្មភាពដែលត្រូវបានចាត់ចែងដោយចិនជាសកម្មភាពដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ជាវិធានការការពារ និងគ្រប់គ្រងយ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើនលើសពីការទាមទារក្នុងបទបញ្ញត្តិសុខភាពអន្តរជាតិ ចិនបានប្រើសកម្មភាព ដើម្បីបង្ហាញពីសម្ទុះ កម្លាំង និងប្រសិទ្ធភាពនៃប្រទេសចិន។

បច្ចុប្បន្ននេះ កិច្ចការការពារ និងគ្រប់គ្រងស្ថានភាពជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីក្នុងប្រទេសចិន កំពុងតែជំរុញយ៉ាងគ្រប់ជ្រុងជ្រោយ ហើយកម្លាំងការពារ និងគ្រប់គ្រងត្រូវបានពង្រឹងជាបន្តបន្ទាប់ ប៉ុន្តែទម្រង់នៃស្ថានភាពជម្ងឺវីរុសនៅតែមានភាពស្មុគស្មាញ និងមានសភាពធ្ងន់ធ្ងរដដែល។ តាមសម្តីរបស់លោកសាស្រ្តាចារ្យ Zhong Nanshan ប្រធានក្រុមជំនាញការពារ និងគ្រប់គ្រងកម្រិតខ្ពស់ក្នុងប្រទេសចិនបានឲ្យដឹងថា ការប៉ាន់ស្មាននៃស្ថានភាពជម្ងឺវីរុសកូរ៉ូណាប្រភេទថ្មីនេះ នឹងអាចឈានដល់ចំណុចកំពូលមួយ ហើយនិងអាចទទួលបានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល៧-១០ថ្ងៃ។

យើងជឿជាក់ថាស្ថិតនៅក្រោមការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្ស ដែលមានលោកប្រធានាធិបតីចិន Xi Jinpingជាស្នូល ការសាមគ្គីរួមគ្នាទាំងចិត្ត និងកម្លាំង ប្រាកដជាអាចប្រយុទ្ធប្រឆាំង ការពារ និងគ្រប់គ្រងជាមួយនឹងជម្ងឺវីរុសមួយនេះយ៉ាងឆាប់រហ័សប្រកបដោយភាពជោគជ័យ។

សំនួរ​ ៖ នាថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានពិនិត្យឃើញមានការផ្ទុកជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីមានចំនួនតែ១ករណីរហូតមកដល់នាបច្ចុប្បន្ននេះ សូមលោកជួយបង្ហាញពីការងារនៃស្ថានទូតចិនប្រចាំកម្ពុជា ដែលបានអនុវត្តក្នុងការទប់ស្កាត់ និងគ្រប់គ្រងលើស្ថានភាពនៃជម្ងឺវីរុសមួយនេះ។

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះបានកើតមានឡើង ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះ បានធ្វើការPostនៅក្នុងWebsite និងគណនីសាធារណៈWeChatរបស់ស្ថានទូតផ្ទាល់ជាច្រើនដងច្រើនសារស្តីពីការដាស់តឿនក្នុងការទប់ស្កាត់ស្ថានភាពជម្ងឺវីរុស និងរបៀបនៃការសុំជំនួយ ហើយក៏បានយកចិត្តទុកដាក់ជាខ្លាំងលើស្ថានភាពប្រជាពលរដ្ឋចិនក្នុងប្រទេសកម្ពុជា និងបានរក្សាការទំនាក់ទំនងជាមួយនឹងក្រសួងសុខាភិបាលកម្ពុជាយ៉ាងស្អិតរមួតផងដែរ។ 

នាថ្ងៃទី២៧ ខែមករា ក្រោយពីស្ថានទូតចិនបានដឹងថា មានប្រជាពលរដ្ឋចិនម្នាក់ដែលកំពុងតែកម្សាន្តទេសចរណ៍ក្នុងខេត្តព្រះសីហនុត្រូវបានសង្ស័យថាមានផ្ទុកនូវជម្ងឺវីរុសមួយនេះ ក៏បានធ្វើការរាយការណ៍ទៅកាន់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាយ៉ាងទាន់ពេលវេលា ក្រោយពីបានពិនិត្យឃើញថាគាត់មានផ្ទុកនូវជម្ងឺវីរុសកូរ៉ូណា ខ្ញុំក៏បានទំនាក់ទំនងជាមួយឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជាតាមរយៈទូរស័ព្ទ ដោយសង្ឃឹមថាភាគីកម្ពុជាជួយរៀបចំការសង្គ្រោះឲ្យអស់ពីកម្លាំងកាយ និងព្រមទាំងអនុវត្តកិច្ចការងារក្នុងការទប់ស្កាត់នូវជម្ងឺវីរុសប្រភេទនេះឲ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺវីរុសកូរ៉ូណា ស្ថានទូតចិនយើងខ្ញុំបានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកភ្ញៀវទេសចរផ្សេងទៀតដែលរួមដំណើរក្នុងជើងហោះហើរតែមួយជាមួយនិងអ្នកផ្ទុកជម្ងឺវីរុសមួយនេះ ហើយបានធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុនឡានម៉ីអ៊ែរឡាញដោយបានជញ្ជូនប្រជាពលរដ្ឋចិនចំនួន៣៤នាក់ ដែលបានរួមដំណើរជាមួយអ្នកផ្ទុកជម្ងឺមួយនេះត្រឡប់ទៅកាន់ទីក្រុងសិនជិន ប្រទេសចិនវិញ នាថ្ងៃទី២៩ ខែមករា។

ស្ថានទូតចិនយើងខ្ញុំបានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្តហ៊ូប៉ៃប្រចាំកម្ពុជា ក្នុងការបំបែកស្នាក់អាស្រ័យនៃសមាជិកទាំង៣រូបរបស់អ្នកជម្ងឺ និងកិច្ចការធានាផ្សេងៗទៀត។ មន្ត្រីខាងកុងស៊ុលនៃស្ថានទូតចិនយើងខ្ញុំ តែងរក្សាការទំនាក់ទំនងជាមួយសមាជិកគ្រួសាររបស់អ្នកផ្ទុកជម្ងឺរូបនេះ ហើយបានធ្វើការរាយការណ៍ពីការស្នើសុំរបស់សាច់ញាតិនៃអ្នកជម្ងឺជូនទៅកាន់ភាគីកម្ពុជា។ឆ្លងកាត់ការព្យាបាលដ៏មានប្រសិទ្ធភាពយ៉ាងទាន់ពេលវេលា បច្ចុប្បន្ននេះអ្នកជម្ងឺរូបនេះបានធូរស្បើយល្អប្រសើរហើយ គាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងបុគ្គលិកផ្នែកវេជ្ជសាស្រ្តដោយតាមរយៈVideo Callនៃទូរស័ព្ទដៃ ហើយសាច់ញាតិនៃអ្នកជម្ងឺបានថ្លែងអំណរគុណដល់កិច្ចសម្របសម្រួលរបស់ស្ថានទូតចិនដោយតាមរយៈWe Chatជាច្រើនដងច្រើនសារ។ ខ្ញុំគិតថាសូមបញ្ជាក់ម្តងទៀតពីជម្ងឺមួយប្រភេទនេះ គឺអាចទប់ស្កាត់បាន អាចគ្រប់គ្រងបាន អាចព្យាបាលបាន។

ដំណាក់កាលបន្ទាប់ ស្ថានទូតចិននឹងប្រកាន់ភ្ជាប់នូវឥរិយាបថក្នុងការបើកចំហ តម្លាភាព និងទំនួលខុសត្រូវ ដើម្បីបន្តរក្សាកិច្ចទំនាក់ទំនងជាមួយភាគីកម្ពុជា រាយការណ៍ពីវឌ្ឍនភាពនៃជម្ងឺវីរុស និងស្ថានភាពប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់អាស្រ័យនៅក្នុងប្រទេសចិន ហើយក៏ចូលរួមផ្តល់កិច្ចសម្របសម្រួលរាល់ការចាំបាច់ផងដែរ។

សំនួរ​ ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតមានឡើង អណិកជនចិន ប្រជាពលរដ្ឋជាប់សែស្រឡាយចិន ស្ថាប័នក្រុមហ៊ុនចិនដែលនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមរៀបចំសកម្មភាពជាបន្តបន្ទាប់ បានយកសកម្មភាពជាក់ស្តែងមកគាំទ្រជួយដល់ការងារទប់ស្កាត់ជម្ងឺវីរុសនេះ សូមលោកជួយបង្ហាញកិច្ចការរបស់ពួកគាត់ដែលបានអនុវត្តកន្លងមក។

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតមានឡើង អណិកជនចិន ប្រជាពលរដ្ឋជាប់សែស្រឡាយចិន និងស្ថានប័នក្រុមហ៊ុនចិនដែលនៅក្នុងប្រទេសកម្ពុជា បានយកចិត្តទុកដាក់ពីស្ថានភាពជម្ងឺវីរុសកូរ៉ូណាក្នុងប្រទេសចិន បានព្រួយបារម្ភពីស្ថានភាពជម្ងឺវីរុសនេះ និងយល់ពីអារម្ភនៃការរងទុក្ខរបស់ប្រជាពលរដ្ឋក្នុងប្រទេសចិន ហើយក៏បានយកសកម្មភាពជាក់ស្តែងមកគាំទ្រជួយដល់ការងារទប់ស្កាត់ និងគ្រប់គ្រងស្ថានភាពជម្ងឺវីរុសនៅក្នុងប្រទេសចិន។

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានជំរុញសកម្មភាពវិភាគទានសប្បុរសធម៌ក្នុងការគាំទ្រជួយស្ថានភាពនៃការប្រយុទ្ធប្រឆាំងជម្ងឺវីរុសមួយនេះនៅក្នុងប្រទេសចិនយ៉ាងសកម្ម បច្ចុប្បន្ននេះ ថវិកាសប្បុរសធម៌មានចំនួនសរុបជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ សភាពាណិជ្ជកម្មសហគ្រាស និងសភាពាណិជ្ជកម្មតាមតំបន់នៃចិនក្នុងប្រទេសកម្ពុជាបានជំរុញសកម្មភាពវិភាគទានសប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីគាំទ្រជួយដល់កិច្ចការទប់ស្កាត់ស្ថានភាពជម្ងឺវីរុសនៅក្នុងប្រទេសចិន។

ក្រុមហ៊ុនCambodia Airways បានចូលរួមផ្តល់ម៉ាសនៃវេជ្ជសាស្រ្តចំនួន១២០០០ជូនដល់អាកាសយានដ្ឋានអន្តរជាតិប៉ៅអាន នៃទីក្រុងសិនជិន ប្រទេសចិន ហើយបានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មខេត្តជឹជាំងប្រចាំកម្ពុជា ដើម្បីបញ្ជូនម៉ាសប្រភេទN95 និងម៉ាសវេជ្ជសាស្រ្តសរុបចំនួន៣៩៦គីឡូក្រាម និងសម្ភារៈការពារជម្ងឺវីរុសផ្សេងទៀតជូនដល់សាលាក្រុងលីសួយនៃខេត្តជឹជាំង ប្រទេសចិន។

ក្រុមហ៊ុនឡាញម៉ីអ៊ែរឡាញបានសន្យាផ្តល់ការដឹកជញ្ជូនសម្ភារៈការពារស្ថានភាពជម្ងឺវីរុសនេះដោយឥតគិតថ្លៃរាល់ជើងហោះហើរនៃក្រុមហ៊ុនទៅកាន់ប្រទេសចិន។ សភាពាណិជ្ជកម្មខេត្តហ៊ូប៉ៃបានផ្តល់ម៉ាសប្រភេទN95ចំនួនជាង២០៥០០ម៉ាសដល់តំបន់ទីក្រុងអ៊ូហាន់។

ក្រុមហ៊ុនHUAWEIសាខាកម្ពុជាបានផ្តល់សេវាកម្មប្រព័ន្ធសហគ្រាសWeLink និងសេវាកម្មផ្សេងទៀតដោយឥតគិតថ្លៃ ជូនដល់សហគ្រាស និងតម្រូវការផ្ទាល់ខ្លួន ក្នុងរយៈពេលនៃស្ថានភាពជម្ងឺវីរុសកូរ៉ូណាដែលបានកើតឡើង។

ទាំងនេះបានបង្ហាញពី “រាល់មានការលំបាកនៅទីណាមួយ មានការគាំទ្រជួយនៅគ្រប់ទិសទី” ដែលជាក្រមសីលធម៌ប្រពៃណីនៃប្រជាជនចិន ហើយសូមថ្លែងអំណរគុណដល់ការគាំទ្រជួយអស់ពីកម្លាំងកាយរបស់អ្នកទាំងអស់គ្នា យើងរឹតតែមានជំនឿចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងស្ថានភាពនៃជម្ងឺវីរុសមួយនេះ។

សំនួរ​ ៖ នាព្រឹក ថ្ងៃទី៣០ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងមតិពាក់ព័ន្ធនឹងជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីតាមរយៈទូរទស្សន៍ទូទាំងប្រទេសកម្ពុជា តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ភាគីចិនសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រសាសន៍របស់សម្តេចតេជោ នាថ្ងៃទី៣០ ខែមករា តាមរយៈទូរទស្សន៍ទូទាំងប្រទេសកម្ពុជា ដែលខ្លឹមសារទាក់ទងនឹងជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី។ សម្តេចបានវាយតម្លៃខ្ពស់ ចំពោះការចាត់វិធានការទប់ស្កាត់ និងគ្រប់គ្រងដ៏មានប្រសិទ្ធភាពយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលចិន ចំពោះការផ្ទុះឡើងនៃជម្ងឺនេះ។ សម្តេចមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានឹងតស៊ូឈរជាមួយរដ្ឋាភិបាល និងប្រជាជនចិន ចាប់ដៃរួមគ្នាដើម្បីប្រឆាំងនឹងការផ្ទុះឡើងនៃជម្ងឺនេះ ឆ្លងកាត់នូវការលំបាកទាំងនេះជាមួយគ្នា។

កម្ពុជាក៏មិនស្នើឲ្យបញ្ឈប់រាល់ជើងហោះហើរដែលមកពីប្រទេសចិនដែរ ហើយវិស័យទេសចរណ៍ ដឹកជញ្ជូន និងសេវាកម្មក្នុងប្រទេសមិនត្រូវមានការរើសអើងចំពោះភ្ញៀវទេសចរ និងប្រជាពលរដ្ឋចិនដែរ។ ទន្ទឹមនឹងនេះ សម្តេចបានលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារ សិក្សា និងស្នាក់អាស្រ័យក្នុងខេត្តហ៊ូប៉ៃត្រូវតែបន្តការងាររបស់ខ្លួន នេះបានបង្ហាញពីការជឿទុកចិត្តគ្នាកម្រិតខ្ពស់របស់សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះរដ្ឋាភិបាលចិន។

ភាគីចិននឹងបន្តធានាពីសុវត្ថិភាព និងសុខភាពបងប្អូនកម្ពុជាទាំងអស់គ្នាដែលកំពុងតែរស់នៅក្នុងប្រទេសចិន ផ្តល់ការជួយជូនដល់ពួកគាត់ទាំងអស់គ្នារាល់មានតម្រូវការចាំបាច់។ ក្រៅពីនេះ សម្តេចតេជោ និងឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានផ្ញើសារសួរសុខទុក្ខជូនដល់ ឯកឧត្តម នាយករដ្ឋមន្ត្រីចិន Li Keqiang និងឯកឧត្តម សមាជិកក្រុមប្រឹក្សារដ្ឋចិន Wang Yi នេះបានបង្ហាញពីក្តីសង្ឃឹមនៃការតតាំងជាមួយនឹងស្ថានភាពជម្ងឺវីរុសកូរ៉ូណាដែលចូលរួមកៀកស្មាគ្នារវាងរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋទាំងពីរប្រទេស។

មានតែវាយោបក់បោកខ្លាំងទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាកទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាបានតស៊ូឈរជាមួយប្រជាជនចិន ចាប់ដៃគ្នាប្រឆាំងនឹងជម្ងឺវីរុសមួយនេះក្នុងខណៈពេលដែលប្រទេសចិនកំពុងតែជួបនឹងបញ្ហាជម្ងឺវីរ៉ុសកូរ៉ូណា យើងខ្ញុំពិតជារំភើបជាខ្លាំង ត្រូវតែចងចាំក្នុងក្រអៅបេះដូងជានិច្ច។ ទាំងនេះបានបង្ហាញឲ្យឃើញពីប្រទេសកម្ពុជា ជា “មិត្តដែកថែប” នៃប្រទេសចិនពិតប្រាកដមែន ហើយចិននិងកម្ពុជា ពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួមគ្នា និងរួមលំបាកជាមួយគ្នា”យ៉ាងពិតប្រាកដ។

សំនួរ​ ៖ ក្នុងពេលថ្មីៗនេះ លោកអគ្គនាយកនៃអង្គការសុខភាពពិភពលោក បានប្រកាសអាសន្នពីការព្រួយបារម្ភលើផ្នែកសុខភាពសាធារណៈអន្តរជាតិ(PHEIC)ស្តីពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មី តើលោកយល់ឃើញយ៉ាងដូចម្តេចដែរ?

លោកឯកអគ្គរដ្ឋទូត Wang Wentian ៖ ចាប់តាំងពីជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីបានកើតឡើង រដ្ឋាភិបាលចិនមានទំនួលខុសត្រូវខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋចិន បានចាត់វិធានការទប់ស្កាត់យ៉ាងគ្រប់ជ្រុងជ្រោយ និងតឹងរឹងបំផុត ហើយវិធានការជាច្រើនបានលើសពីការកំណត់នៃបទបញ្ញត្តិសុខភាពអន្តរជាតិ យើងមានជំនឿចិត្ត និងសមត្ថភាព ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជម្ងឺនេះយ៉ាងជោគជ័យ។ ទន្ទឹមនឹងនេះ ភាគីចិននឹងប្រកាន់ភ្ជាប់នូវឥរិយាបថនៃការបើកចំហ តម្លាភាព និងទំនួលខុសត្រូវក្នុងការរាយការណ៍ពីដំណឹងស្ថានភាពនៃជម្ងឺនេះយ៉ាងទាន់ពេលវេលា និងការចែករំលែកពីលំដាប់លំដោយនៃសែនរបស់វីរុសមួយនេះជូនដល់គ្រប់ស្ថាប័នដែលពាក់ព័ន្ធ។ អង្គការសុខភាពពិភពលោក និងបណ្តាប្រទេសជាច្រើនបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការមួយនេះ។

ប្រទេសចិនតែងរក្សាទំនាក់ទំនងយ៉ាងស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយនិងអង្គការសុខភាពពិភពលោក ហើយអ្នកជំនាញនៃអង្គការបានចុះពិនិត្យទីតាំងផ្ទាល់នៃទីក្រុងអ៊ូហាន់ផងដែរ លោកអគ្គនាយកTedros Adhanom Ghebreyesusក្នុងរយៈពេលថ្មីៗនេះបានបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន លោកបានផ្លាស់ប្តូរយោបល់ស្តីពីកិច្ចការទប់ស្កាត់ជម្ងឺវីរុសកូរ៉ូណាជាមួយនឹងភាគីចិន បានទទួលស្គាល់ពីកិច្ចការពារ និងកិច្ចគ្រប់គ្រងនៃភាគីចិនផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះការលះបង់ដ៏ធំធេងជូនដល់ពិភពលោកក្នុងកិច្ចទប់ស្កាត់ជម្ងឺវីរុសនៅក្នុងប្រទេសចិន។ ភាគីចិននឹងបន្តរក្សាសុវត្ថិភាពសុខភាពពិភពលោក និងតំបន់ ជាមួយនឹងអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសផ្សេងទៀត។

អ្នកទាំងអស់គ្នាបានដឹងហើយថា ក្នុងអំឡុងពេលរងការយាយីពីជម្ងឺកូរ៉ូណា អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺពាក្យសម្តីចចាមអារ៉ាម និងភាពភ័យខ្លាច។ អង្គការសុខភាពពិភពលោក បានប្រកាសជម្ងឺរលាកផ្លូវដង្ហើមដោយវីរុសកូរ៉ូណាប្រភេទថ្មីជា“អាសន្ននៃការព្រួយបារម្ភលើផ្នែកសុខភាពសាធារណៈអន្តរជាតិ(PHEIC)” គឺមានប្រភពពីការពិចារណាថែរក្សាប្រទសមួយចំនួនដែលមានលក្ខខណ្ឌវេជ្ជសាស្រ្តអន់ថយ ត្រូវរំឭកពួកគេក្នុងការពង្រឹងវិធានការទប់ស្កាត់និងគ្រប់គ្រង ហើយអំពាវនាវដល់បណ្តាប្រទេសលើពិភពលោកកុំរើសអើងឲ្យសោះ ក៏កុំបង្កឲ្យមានការរំខានដែលមិនចាំបាច់ ដល់វិស័យទេសចរណ៍ និងជំនួញពាណិជ្ជកម្មអន្តរជាតិ ត្រូវសង្កត់ធ្ងន់លើបញ្ហាជម្ងឺវីរុសលើកនេះជាការប្រឈមរួមគ្នានៃមនុស្សជាតិទាំងឡាយ។

ប្រទេសចិនមានពាក្យចាស់មួយតែងពោលថា “ប្រទេសដែលជួបបញ្ហាច្រើន នឹងមានវិបុលភាពនាពេលអនាគត” យើងមិនអាចភ្លេចបាននូវបញ្ហាដែលយាយីដោយវីរុសSARSកាលពីឆ្នាំ២០០៣ តែយើងនៅតែអាចឈរជាបន្ត ហើយថែមទាំងបានសម្រេចនូវការអភិវឌ្ឍប្រទេសជាតិដ៏ធំធេងផងដែរ។ ជឿជាក់លើកនេះថា យើងនឹងអាចឆ្លងផុតនូវគ្រាដ៏លំបាកមួយនេះ ព្រោះតែយើងមានការដឹកនាំដ៏រឹងមាំនៃមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកប្រធានាធិបតីចិន Xi Jinpingជាស្នូល មានលក្ខណៈល្អពិសេសនៃការអភិវឌ្ឍដ៏មហិមាដែលត្រូវបានសន្សំទុកអស់ជាង៧០ឆ្នាំកន្លងមកនេះ មានបទពិសោធន៍ក្នុងការទប់ស្កាត់ និងគ្រប់គ្រងសុខភាពសាធារណៈដ៏សម្បូរបែបដែលត្រូវបានសន្សំទុកចាប់តាំងពីជម្ងឺវីរុសSARS ដែលបានកើតឡើងកាលពីឆ្នាំ២០០៣ និងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសអេប៊ុយឡាក្នុងឆ្នាំ២០១៤ ក៏រឹតតែមានលក្ខណៈពិសេសនៃប្រព័ន្ធសង្គមនិយមដែលអាចប្រមូលកម្លាំងទូទាំងប្រទេសក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសកូរ៉ូណាមួយនេះ ហើយនិងមានកម្លាំងគាំទ្រពេញទំហឹងពីសហគមន៍អន្តរជាតិផងដែរ យើងមានជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឺវីរុសមួយនេះប្រកបដោយភាពជោគជ័យ ដែលធ្វើឲ្យប្រជាពលរដ្ឋចិន និងពិភពលោកមានទំនុកចិត្ត!

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង