Yearendyearend1140x150

ក្រសួងការងារ៖ពលករខ្មែរមានសិទ្ធិដូចពលករបរទេសដទៃដែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ចាជីវៈ)

ភ្នំពេញ៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា ពលករបស់កម្ពុជាមានសិទ្ធដូចពលករបរទេស និងសិទ្ធិដូចពលករថៃស្របតាមផ្លូវច្បាប់។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមបានដំណើរបំពេញបេសកម្ម ចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពរស់នៅ និងកន្លែងធ្វើការងាររបស់បងប្អូនពលករកម្ពុជា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់រោងចក្រ CPF (Thailand) Public Company Limited. ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន C.P. Group ប្រទេសថៃ។

នាឱកាសនោះ ឯកឧត្តម អ៉ិត សំហេង ក៏បានលើកឡើងថា តាមរយៈនៃកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរកម្ពុជា-ថៃ មកដល់ពេលនេះ គឺមានកិច្ចសហការជាមួយគ្នាបានយ៉ាងល្អគ្រប់វិស័យ។ ថ្នាក់ដឹកនាំប្រទេស ប្រជាពលរដ្ឋ និងអ្នកវិនិយោគបានធ្វើដំណើរចេញចូលប្រទេសទាំងពីរយ៉ាងមមាញឹក ក្រោយពីបើកសេដ្ឋកិច្ចប្រទេសឡើងវិញ។ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ក៏កាន់តែធំឡើងៗ នេះកើតចេញពីចំណងមិត្តភាព ដ៏រឹងមាំនៃប្រទេសយើងទាំងពីរ។

ទាក់ទងទៅនឹងកម្លាំងពលកម្ម ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ប្រទេសទាំងពីរមានកិច្ចព្រមព្រៀងលើវិស័យកម្លាំងពលកម្ម និងការងារនេះ តាំងពីឆ្នាំ២០០៣ រហូតដល់បច្ចុប្បន្ន មានអនុស្សរណៈយោគយល់គ្នាចំនួន២ គឺវិស័យការងារ និងការផ្លាស់ប្តូរកម្លាំងពលកម្ម។

ឯកឧត្តមបណ្ឌិត បញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដែលជាកិច្ចសហប្រតិបត្តការឈ្នះ-ឈ្នះ។ ភាពឈ្នះរបស់កម្ពុជាគឺផ្តល់ឱកាសការងារដល់ពលកររបស់ខ្លួន ដោយទទួលបានប្រាក់ខែសមរម្យ ការថែទាំយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ និងខាងរោងចក្រសហគ្រាស ព្រមទាំងទទួលបាននូវបទពិសោធន៍ ចំណេះជំនាញពីការងារ។ ចំពោះភាពឈ្នះរបស់ភាគីថៃ គឺទទួលបានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅលើខ្សែចង្វាក់ផលិត របស់រោងចក្រសហគ្រាសខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ពលករបស់កម្ពុជាមានសិទ្ធដូចពលករបរទេស និងសិទ្ធដូចពលករថៃស្របតាមផ្លូវច្បាប់ ហើយបានថ្លែងអំណរគុណដល់អាជ្ញាធរថៃ ដែលនៅក្នុងដំណាក់កាលរាតត្បាតកូវីដ-១៩ ពលករកម្ពុជាទទួលបានការព្យាបាល និងចាក់វ៉ាក់សាំងដូចជាពលរដ្ឋថៃដែរ។

ឯកឧត្តម ក៏អរគុណខាងក្រុមហ៊ុនដែលទទួលយកពលករកម្ពុជា បានធ្វើការនៅក្នុងក្រុមហ៊ុនរបស់ខ្លួន មានប្រាក់ខែសមរម្យ និងការថែទាំលើសេវាផ្សេងៗទៀតបានល្អ។ ម្យ៉ាងវិញទៀត កម្លាំងពលកម្មដែលមកពីកម្ពុជា ពិតជាមានភាពស៊ីសង្វាក់គ្នាជាមួយនឹងពលរដ្ឋថៃ ពីព្រោះប្រទេសយើងទាំងពីរមានទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅស្រដៀងគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង