Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ការដាំស្មៅនិងផ្កាព្រៃចម្រុះ មុខប្រាសាទអង្គរវត្តសម្រេចបាន៣០%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ លោក យី សុថា

សៀមរាប៖ ដើម្បីចូលរួមចំណែកលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន និងទេសភាពបៃតងស្រស់ស្អាតគ្រប់រដូវកាល នៅក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរា បានរៀបចំដាំស្មៅ និងផ្កាព្រៃចម្រុះ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត (អតីតអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ)។ គិតត្រឹមខែសីហានេះ ការដាំស្មៅ និងផ្កាព្រៃសម្រេចបាន ៣០% ដែលគ្រោងនិងបញ្ចប់នាខែវិច្ឆិកាខាងមុខនេះ។

លោកស្រីអាំង សុចិន្តា មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ជ្រុងខាងត្បូងនេះ ក្រុមហ៊ុនកំពុងដាំស្មៅ ចំណែកនៅតាមព្រំ មានដាំលម្អរទៅដោយដើមឈើ និងផ្កាព្រៃចម្រុះមួយចំនួន ក្រោមទំហំផ្ទៃដីចំនួន២៤,០០០ម៉ែត្រការេ។ រហូតមកដល់ដើមខែសីហានេះ ការងារសម្រេចបានប្រមាណ៣០ភាគរយហើយ ដោយចាប់ផ្តើមដំណើរការតាំងពីអំឡុងដើមខែកក្កដាមក គ្រោងចំណាយពេលវេលាចំនួន៤ខែទើបរួចរាល់។

លោកស្រីអាំង សុចិន្តា បានបន្ដថា ក្រោយការងារដាំដុះស្មៅនៅបរិវេណនេះរួចរាល់ ទីនេះនឹងពោពេញទៅដោយវាលស្មៅស្រស់បំព្រង ហើយភ្ញៀវទេសចរអាចចូលមកថតរូបកម្សាន្តបាន ដោយអាចបញ្ជៀសការកកស្ទះចំនួនភ្ញៀវចូលទស្សនាប្រាង្គប្រាសាទបានមួយចំនួន ជាពិសេសទីតាំងខាងលើ អាចរៀបចំប្រារព្ធពិធីផ្សេងៗ ជំនួសឱ្យទីតាំងចំពីខាងមុខប្រាសាទអង្គរវត្ត ផងដែរ។

គួរបញ្ជាក់ថា វាលស្មៅខៀវខ្ចីទាំងនៅជុំវិញបរិវេណប្រាសាទអង្គរវត្ត ឬខាងក្រៅប្រាសាទ ត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការស្រោចស្រព្វ ថែទាំ និងកាត់សម្អាតជាប្រចាំ ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕

រូបភាព៖ លោក យី សុថា
រូបភាព៖ លោក យី សុថា


Khcct banner

អត្ថបទទាក់ទង