Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងកើន៥,៤%ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន ៥,៤% គឺខ្ពស់ជាងការព្យាករក្នុងអត្រា ៤,៨ % នៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ក៏ប៉ុន្តែ ទាបជាងការព្យាករកាលពីដើមឆ្នាំដែលត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ៥,៦%។ នេះជាការលើកឡើងរបស់ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៧-ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ឯកឧត្តម មាស សុខសេនសាន បានមានប្រសាសន៍ថា ដោយសារផលប៉ះពាល់ពីជំងឺកូវីដ-១៩ មិនទាន់ប្រសើរឡើងទាំងស្រុង ហើយសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏កំពុងបង្កើតឡើងនូវផលប៉ះពាល់បន្តបន្ទាប់ ជាពិសេសគឺបញ្ហាអតិផរណាលើថ្លៃប្រេង ស្បៀង និងម្ហូបអាហារ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ពាក់កណ្ដាលឆ្នាំ២០២២នេះ នៅតែទាបជាងការព្យាករកាលពីដើមឆ្នាំដែលត្រូវបានប៉ាន់ស្មានថាមានកំណើនក្នុងអត្រា ៥,៦%។

ឯកឧត្តមបន្តថា ទោះជាយ៉ាងណា ផ្អែកតាមការវាយតម្លៃពាក់កណ្តាលឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថានឹងមានកំណើន ៥,៤% គឺខ្ពស់ជាងការព្យាករក្នុងអត្រា ៤,៨ % នៅពេលរៀបចំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។

អ្នកនាំពាក្យរូបនេះពន្យល់ថា ហានិភ័យពីកត្តាខាងក្រៅប្រទេស និងក្នុងប្រទេស ទាមទារឱ្យរាជរដ្ឋាភិបាលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការបញ្ចៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានា ដែលនឹងអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយដែលឆ្លើយតបទាំងក្នុងផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈក្នុងការដាក់ចេញវិធានការអន្តរាគមន៍ ឆ្លើយតបឱ្យបានទាន់ពេលវេលាលើបញ្ហានានាដែលអាចកើតមានជាយថាហេតុ។

ឯកឧត្តមបញ្ជាក់ថា ថវិកាឆ្នាំ ២០២២ នៅតែអាចចាត់ទុកថាជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពប្រជាជន ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ព្រមទាំងបម្រើដល់ការស្តារសេដ្ឋកិច្ច និងជំរុញកំណើនជាបណ្តើរៗឡើងវិញ។

ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ថវិកាឆ្នាំ ២០២២ ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ តាមរយៈការអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់និងមុតស្រួច ទាំងវិធានការរដ្ឋបាល និងវិធានការគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ ២០១៩-២០២៣ ទន្ទឹមនឹងការបន្តគោលនយោបាយបន្ធូរបន្ថយ និងអនុគ្រោះពន្ធ ដើម្បីទ្រទ្រង់ដំណើរការអាជីវកម្ម ដែលប៉ះពាល់ដោយសារការអូសបន្លាយនៃស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង