Yearendyearend1140x150
Img 0571

ការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិននៅតែជួបបញ្ហាប្រឈម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគ កសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព

ភ្នំពេញ៖ ប្រទេសចិនជាប្រទេសតែមួយគត់ដែលកម្ពុជាតែងតែធ្វើការវិនិយោគក្នុងការនាំចេញផ្លែស្វាយស្រស់ ប៉ុន្តែចាត់តាំងពីកូវីដ-១៩បានរីករាលដាលនៅទូទាំងពិភពលោករហូតមកទល់ពេលនេះ ជាពិសេសប្រទេសចិននៅតែបន្តរឹតបន្ដឹងការនាំចូលទំនិញនានាចូលប្រទេសខ្លួន ក្នុងនោះបានធ្វើឱ្យកសិករកម្ពុជាមួយចំនួន បានកាត់បន្ថយនិងផ្អាកការដាំដុះផ្លែស្វាយស្រស់ខុសរដូវនាពេលខាងមុខនេះ។ នេះជាការលើកឡើងរបស់លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគ កសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព។

លោកឧកញ៉ា ហ៊ុន ឡាក់ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ឆ្នាំនេះទីផ្សារផ្លែស្វាយស្រស់កម្ពុជាដែលនាំទៅប្រទេសចិន គឺមិនមានដំណើរការល្អនោះទេ ហើយជាពិសេសគឺមានតម្លៃទាប ព្រោះប្រទេសចិនបានដាក់ចេញនូវគោលនយោបាយសូន្យកូវីដ ដែលបានបង្ករផលលំបាកក្នុងការនាំចូលដំណាំកសិផលពីកម្ពុជា ហើយការនាំចេញក៏បានជួបបញ្ហាប្រឈមមួយចំនួនទៀតដូចជា តម្លៃដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺនឺរជាដើម។

លោកឧកញ៉ា បានបន្តថា បន្ទាប់ពីផ្លែស្វាយស្រស់កម្ពុជាមិនសូវមានទីផ្សារ និងសកម្មផាពនៃការនាំចេញមិនអំណោយយផល ម្ចាស់ចម្ការស្វាយ ឬប្រជាកសិករដែលដាំដុះដំណាំស្វាយនៅកម្ពុជាបានផ្អាកការដាំដុះស្វាយខុសរដូវនាពេលខាងមុខនេះដែលចាប់ផ្ដើមពីពាក់កណ្ដាលខែ៩ដល់ខែ១២ ហើយបានធ្វើឱ្យការដាំដុះផ្លែស្វាយខុសរដូវកាន់តែធ្លាក់ចុះជាបន្តបន្ទាប់។

ទោះជាយ៉ាងណា ក៏អ្នកវិនិយោគរូបនេះសង្ឃឹមថា ស្វាយខុសរដូវឆ្នាំនេះអាចនឹងមានតម្លៃ ដោយសារអ្នកដាំដុះមានចំនួនតិច។ លោកឧកញ៉ា បញ្ជាក់ថា ប្រសិនបើប្រទេសចិនចិនបានបើកដំណើរការប្រទេសឡោះងវិញជាធម្មតា ឬមានកិច្ចព្រមព្រៀងពិសេសណាមួយរវាងកម្ពុជា-ចិន នោះសង្ឃឹមថាតម្លៃស្វាយស្រស់អាចនឹងមានតម្លៃប្រសើរឡើងវិញ។

លោកឧកញ៉ាបន្តថា និយាយជារួមប្រសិនបើរដូវកាលក្រោយៗអាចធ្វើបាន គឺមានតែត្រូវធ្វើការវិនិយោគទៅក្នុងប្រព័ន្ធកែច្នៃ ដោយសារចម្ការស្វាយនៅកម្ពុជាគឺមានច្រើន ដូចនេះផ្លែស្វាយធម្មតាដែលមិនត្រូវតាមស្ដង់ដារនៃការនាំចេញទៅចិនដូចជាស្វាយប្រឡាក់ជាដើម អាចនឹងត្រូវផ្គត់ផ្គង់ចូលរោងចក្រកែច្នៃបាន។ ដូចនេះ ការវិនិយោគជាប្រព័ន្ធកែច្នៃអាចនឹងមានសក្ដានុពលសម្រាប់រដូវកាលស្វាយក្រោយៗនេះ។

លោកឧកញ៉ា បន្ថែមថា ស្វាយស្រស់ខុសរដូវនឹងមានតិចៗជាណ្ដើរៗចាប់ពីពាក់កណ្ដាលខែ៨នេះ ហើយក្នុងមួយគីឡូអាចមានតម្លៃចន្លោះពី៨០០រៀលដល់១០០០រៀលសម្រាប់ស្វាយមិនត្រូវស្ដង់ដារ ឬស្វាយដែលមិនមានការវេចខ្ចប់ត្រឹមត្រូវ។ ចំពោះស្វាយស្រស់ខុសរដូវដែលមានការវេចខ្ចប់ និងត្រូវតាមស្ដង់ដារនៃការនាំចេញ អាចបានតម្លៃចន្លោះពី២០០០រៀល ទៅ៣០០០រៀលក្នុងមួយគីឡូ។

មលដល់ពាក់កណ្ដាលខែកក្កដានវ តម្លៃដឹកជញ្ជូនទៅប្រទេសចិនគឺមានការធ្លាក់ចុះជាបណ្ដើរៗហើយ ជាពិសេសការដឹកជញ្ជូនផលិតផលផ្លែឈើ ហើយផលិតផលផ្សេងៗទៀតគឺបានចុះនៅសល់ត្រឹមជាង៣០០០ដុល្លារក្នុងមួយកុងតឺនឺរ៤០ហ្វីត ខណៈកាលពីដើមឆ្នាំ២០២២តម្លៃដឹកជញ្ជូនមានតម្លៃជាង៧០០០ដុល្លារក្នុងមួយកុងតឺនឺរ៤០ហ្វីត។ នេះជាការលើកឡើងរបស់លោកឧកញ៉ា ហ៊ុន ឡាក់។

គួរបញ្ជាក់ថា សម្រាប់រយៈពេល៦ខែដំបូងនៅឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញស្វាយក្នុងចំនួនជាង១១ម៉ឺនតោន ថយចុះជាង២៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង