សៀមរាប៖ គម្រោងជួសជុលច្រាំងកសិន្ធុខាងជើង មុខប្រាសាទអង្គរវត្ត ប្រវែងចំនួន២០ម៉ែត្រ សម្រេចបានប្រមាណ៤០ភាគរយហើយ និងគ្រោងនឹងបញ្ចប់ការជួសជុលនៅចុងឆ្នាំ២០២២ខាងមុខ។ នៅក្នុងគម្រោការជួសជុលនេះមានបញ្ហាប្រឈមមួយចំនួន ដោយសារការដ្ឋានជួសជុលនៅជាប់នឹងមាត់ទឹក គឺត្រូវចំណាយពេលវេលាមួយចំនួនដើម្បីបិទទំនប់ទឹក ធ្វើយ៉ាងណាឱ្យជាប់ល្អ ព្រោះត្រូវការជួសជុលពង្រឹងគ្រឹះជាចាំបាច់។
អ្នកស្រី នង បូរ៉ាវី បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា មកដល់ពេលនេះ ដំណើរការជួសជុល សម្រេចបានប្រមាណ៤០ភាគរយហើយ លើការងារជួសជុលពង្រឹងគ្រឹះនៃបាតច្រាំងកសិន្ធុ រៀបកាំជណ្តើរពីថ្មបាយក្រៀមថ្មីជំនួសថ្មបាយក្រៀមចាស់ពុកផុយខូចខាតទាំងអស់ឡើងវិញបាន៧កាំ ព្រមទាំងបានរក្សាទម្រង់ដើមរបស់លូបុរាណ។
បុរាណវិទូរូបនេះ ក៏បានលើកឡើងពីបញ្ហាប្រឈមសម្រាប់ការងារជួសជុលកសិន្ធុនេះថា ដោយសារការដ្ឋានជួសជុលនៅជាប់នឹងមាត់ទឹក គឺត្រូវចំណាយពេលវេលាមួយចំនួនដើម្បីបិទទំនប់ទឹក ធ្វើយ៉ាងណាឱ្យជាប់ល្អ ព្រោះត្រូវការជួសជុលពង្រឹងគ្រឹះជាចាំបាច់។ បញ្ហាប្រឈមមួយទៀតគឺនៅអំឡុងពេលធ្វើការងារ ក៏មានជ្រាបទឹក ហើយត្រូវបូមទឹកចេញជាប្រចាំ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុអង្គរវត្ត ជ្រុងខាងជើង សរុបបានប្រវែង១៤៣ម៉ែត្រ។ គម្រោងជួសជុលច្រាំងកសិន្ធុខាងជើងនៃមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមតាំងពីខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ ខាងមុខ៕