Yearendyearend1140x150

ដើមកោងកាង ២ពាន់ដើមបានដាំនៅខេត្តកំពត អាចជួយបង្កើតការងារដល់ពលរដ្ឋ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងបរិស្ថាន

កំពត៖ ក្រសួងបរិស្ថាន កាលពីថ្ងៃទី៣១ កក្កដា បានដាំកូនដើមកោងកាងចំនួន ២០០០ នៅសហគមន៍នេសាទត្រពាំងសង្កែ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិក្នុងចំណោមសាធារណជន និងជាពិសេសចូលរួមបង្កើតភាពបៃតង បង្កើនភាពសម្បូណ៌បែបនៃជីវៈចម្រុះគ្រប់ប្រភេទជាពិសេសធនធានជលផល និងជួយបង្កើនការងារដល់ប្រជាពលរដ្ឋ ដូចជាការនេសាទ និងការទាញបានផលពីទេសចរណ៍ធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ដើមកោងកាងបច្ចុប្បន្ននេះកំពុងប្រឈមមុខនឹងការបាត់បង់ដោយសារតែកត្តាមនុស្ស និងកត្តាធម្មជាតិ ហើយកត្តាមនុស្សនៅតែជាកត្តាសំខាន់ដែលនាំឱ្យមានការបាត់បង់ដើមកោងកាង។ ប្រឈមមុខជាមួយនឹងបញ្ហានេះ ស្ថាប័នមានសមត្ថកិច្ចបានអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនល្មើស និងជាមួយគ្នានេះ ក៏ដាក់ចុះវិធានការសេដ្ឋកិច្ចដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ។

លោក ម៉ាត់ ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត បានថ្លែងថា ព្រៃកោងកាងជាឆ្នាំងបាយរបស់ប្រជានេសាទ និងជាវីឡារបស់ជីវៈចម្រុះ។ ចាប់តាំងពីឆ្នាំ២០១៤ មក សហគមន៍នេសាទត្រពាំងសង្កែបានរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដោយមានការគាំទ្រពីអាជ្ញាធរ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ គម្រោងធំរបស់សហគមន៍ផ្តោតលើការស្តារព្រៃកោងកាងឡើងវិញ។

រូបភាព៖ ក្រសួងបរិស្ថាន

លោកប្រធានសហគមន៍បានបន្ដថា ការចូលរួមដាំដើមកោងកាងបានចូលរួម បង្កើតមុខរបរ ទប់ស្កាត់ចំណាកស្រុក និងជំរុញកុមារឱ្យចូលរៀន និងបានរៀបចំផែនការរួមគ្នាកសាងរោងចក្រផលិតអុកស៊ីសែនធម្មជាតិ។ ជារៀងរាល់ថ្ងៃមានទេសចរជាតិខ្មែរនិងបរទេសទៅទស្សនាកម្សាន្តដើមកោងកាងនៅសហគមន៍ត្រពាំងសង្កែបានបង្កើតការងារនិងចំណូលដល់ពលរដ្ឋសហគមន៍តាមរយៈការផ្តល់សេវាផ្សេងៗ។

គួរបញ្ជាក់ថា កម្ពុជាមានព្រៃកោងកាងប្រមាណជាង ៥,៦ ម៉ឺនហិកតា មានវត្តមាននៅក្នុងខេត្ត ៤ នៃប្រទេសកម្ពុជា រួមមានខេត្តកំពត ខេត្តកែប ខេត្តកោះកុង និងខេត្តព្រះសីហនុដែលជាខេត្តជាប់មាត់សមុទ្រ។ ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បានពឹងលើព្រៃកោងកាង ដើម្បីប្រកបរបរចិញ្ចឹមជីវិត ដូចជានេសាទជាលក្ខណៈគ្រួសារ ឬនេសាទអាជីវកម្មខ្នាតតូច ឬការទាញបានផលពីទេសចរណ៍ធម្មជាតិ៕

រូបភាព៖ ក្រសួងបរិស្ថាន


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង