Yearendyearend1140x150

ក្រុមហ៊ុនសាមសុងថៃឡង់ដ៍ នៅតែបន្តសហការនិងបង្កើតកម្មវីធីថ្មីៗនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (ស្ដាំដៃ) និង យលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង (ឆ្វេងដៃ) (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ ក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ គឺជាសាខារបស់ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក (Branch of Thai Samsung Electronics of Cambodia) បានចុះបញ្ជីធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ស្លាកយីហោ Samsung និងផលិតផលរបស់ក្រុមហ៊ុននៅទីផ្សារកម្ពុជា និងផ្តល់ការងារដល់និយោជិកជាជនជាតិខ្មែរជាច្រើន ជាពិសេសបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើននៅកម្ពុជា។ នាពេលខាងមុខ ក្រុមហ៊ុននឹងមានកម្មវិធី Samsung Innovative Campus ដែលនឹងដាក់ឱ្យដំណើរការនៅក្នុងបរិវេណសាកលវិទ្យាល័យសាលាភូមិន្ទភ្នំពេញ ហើយក្រុមហ៊ុនបានអញ្ញើញរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើជាអធិបតីក្នុងពិធីសម្ពោធកម្មវិធីនេះនាពេលខាងមុខផងដែរ។

ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដឹកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា។

នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

ជាការឆ្លើយតប លោក Sangho JO បានបង្ហាញនូវក្តីរំភើប និងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា និងបានបន្ថែមថា ក្នុងជំហានបន្ទាប់ ក្រុមហ៊ុន នឹងមានកម្មវិធី Samsung Innovative Campus ដែលនឹងដាក់ឱ្យដំណើរការនៅក្នុងបរិវេណសាកលវិទ្យាល័យសាលាភូមិន្ទភ្នំពេញ ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គនាយក បានស្នើសុំអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងពិធីសម្ពោធ Samsung Innovative Campus នាពេលខាងមុខ និងបានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រដល់បេក្ខភាពទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ ខាងមុខផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់ភាគីកម្ពុជា ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងបានស្នើសុំភាគីកូរ៉េ តាមរយៈក្រុមហ៊ុន សាមសុង ជួយពន្លឿនការស្នើសុំរដ្ឋសភាធ្វើសច្ចាប័នដើម្បីឱ្យបានឆាប់ដើម្បីផលប្រយោជន៍រួម និងបានបង្ហាញពីជំហររបស់កម្ពុជាក្នុងការគាំទ្របេក្ខភាពទីក្រុងប៊ូសាន ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នាពេលខាងមុខ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង