Yearendyearend1140x150

លោក អ៊ុយ រិទ្ធី ផ្ដើមពីការចូលចិត្តរហូតក្លាយជាអ្នកបញ្ចូលសម្លេងឆាវឆាវដំបូងគេបង្អស់

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
លោក អ៊ុយ រិទ្ធី អ្នកបញ្ជូលសម្លេងឆាវឆាវដំបូងគេបង្អស់

ភ្នំពេញ៖លោក អ៊ុយ រិទ្ធី អាយុ ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកាបាស ខេត្តតាកែវ។ លោកជាអ្នកបញ្ជូលសម្លេងឆាវឆាវដំបូងគេបង្អស់ ដែលពីដំបូងឡើយ លោកធ្វើវីដេអូបញ្ចូលសម្លេងទាំងនោះ ដោយគ្រាន់តែជាការចូលចិត្ត ធ្វើលេងដើម្បីកំសាន្តប៉ុណ្ណោះ។ លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍អំពីប្រវត្តិជីវិត និងដំណើរការងារ ដែលលោកបានជួបប្រទះ និងឆ្លងកាត់ការធ្វើការងារជាច្រើន ដោយសារគ្រួសារមានជីវភាពលំបាក ទំរាំបានក្លាយជាអ្នកបញ្ជូលសម្លេងឆាវឆាវម្នាក់ដែលគេស្គាល់រហូតដល់សព្វថ្ងៃ។

ក្នុងនាមជាក្មេងប្រុសម្នាក់ដែលកំព្រាឪពុក មានតែម្ដាយជរានៅនៅផ្ទះ និងបងៗ ក៏ចាកចោលទៅរកស៊ីយកប្រាក់នៅឯប្រទេសថៃទៀត។ ម្ដាយជរារបស់លោកមិនអាចធ្វើការងារអ្វីបានទេ ហេតុនេះក្នុងវ័យក្មេងដែលលោកក៏សម្រេចចិត្តត្រូវដើរធ្វើផ្លូវជាមួយគេ បានប្រាក់ខែតែ ៦០០០រៀលទេ ទៅដាំកៅស៊ូនៅក្រចេះបាន១ខែ ត្រឹមតែ ៧-៨ពាន់រៀលតែប៉ុណ្ណោះ ។ បន្ទាប់មក មានបងប្រុសម្នាក់ហៅទៅរៀនផ្សារដែកនៅច្បារអំពៅ ទទួលបានប្រាក់ខែចំនួន ៣ម៉ឺន។ បីខែក្រោយ លោកប្រកបមុខរបរជាជាងម៉ូតូវិញ ប៉ុន្តែប្រាក់ចំណូលទាំងនោះមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ឡើយ ទើបមានបងប្រុសរបស់លោកហៅមកធ្វើការជាសន្តិសុខយាមផ្ទះសំណាក់ទៀត។

មិនតែប៉ុណ្ណោះ លោក អ៊ុយ រទ្ធី និយាយដោយមិនលាក់លៀមឡើយ ថាខ្លួនធ្លាប់មានបទពិសោធន៍បោកខោអាវក្នុងឱ្យគេ ដោយមិនប្រកាន់អ្វីឡើយ សំខាន់ឱ្យតែបានប្រាក់ចិញ្ចឹមជីវិតគ្រួសារទៅបានហើយ។ មួយឆ្នាំកន្លះក្រោយមកទៀត លោកក៏គិតថា ខ្លួនគួរតែមានជំនាញ ឬមុខរបរណាឱ្យប្រាកដប្រជាមួយ ព្រោះខ្លួនធ្លាប់ដូរការងារច្រើនណាស់ហើយ ហើយបងប្រុសលោកក៏នាំទៅកន្លែងលក់ និងជួលឌីសរឿងចិនហុងកុងមួយកន្លែង គេឲ្យមួយខែបាន ៣០ដុល្លារ(១២ម៉ឺនរៀល) កន្លែងដេក បាយទឹក គេរ៉ាប់រងទាំងអស់ ហើយនៅទីនោះក៏មានកន្លែងបញ្ចូលសម្លេងផងដែរ ។

ប្រហែលជិត១ឆ្នាំ ថៅកែនៅកន្លែងបញ្ចូលសម្លេង ក៏ចាប់អារម្មណ៍ឱ្យលោករៀនបញ្ចូលសម្លេងនឹងគេ យកជំនាញ និងបទពិសោធន៍ ហើយដំបូងៗ បញ្ចូលសម្លេងមិនមានប្រាក់កម្រៃអ្វីឡើយ លុះក្រោយមកគេផ្ដល់លុយឲ្យខ្លះ។ បន្ទាប់មក ពេលខ្ញុំចេះបញ្ចូលសម្លេងបានច្រើនគ្រាន់បើដែរមានដូចជា បញ្ចូលរឿងចិន ហុងកុង ថៃ។ ក្រោយពីរៀនចេះបញ្ចូលសម្លេងពីស្ទូឌីយូមក មានរៀមច្បងម្នាក់គាត់ធ្វើការនៅស្ថានីយ៍ទូរទស្សន៍ គាត់បានហៅមកធ្វើការផ្នែកបច្ចេកទេសសម្លេង ធ្វើបានប្រហែលមួយឆ្នាំជាង លោកបានសម្រេចចិត្តឈប់ពីកន្លែងធ្វើការពីមុន មកធ្វើវីដេអូត្រូលកំប្លែងវិញ ដោយផេករបស់លោកមានការចូលរួមឧបត្ថម្ភគាំទ្រពីស្ពនស័រ(Sponsors)មួយចំនួន និងមានអ្នកគាំទ្រចូលចិត្ត និងចែករំលែកបានច្រើនតាមសង្គមបណ្ដេញហ្វេសប៊ុក និងយូធូប។

ដើមចមនៃការបង្កើតផេកដំបូង សម្រាប់តែផុសវីដេអូត្រូលលេងទេ ព្រោះក្រុមការងាររបស់លោកចូលចិត្តបញ្ចូលសម្លេងបែបកំប្លែងៗ និងធ្វើឲ្យគេសើចសប្បាយចិត្ត។ កន្លះឆ្នាំក្រោយមក លោកត្រូវបានគេស្គាល់ច្រើន មានអ្នកគាំទ្រចូលចិត្ត និងចែករំលែកបានច្រើនតាមសង្គមបណ្ដេញហ្វេសប៊ុក និងយូធូប ក៏ចាប់ផ្ដើមមានអ្នកចូលរួមឧបត្ថម្ភគាំទ្រ(Sponsors)មួយចំនួនតូចអស់រយៈពេលពីរឆ្នាំ បន្ទាប់មកលោកបានកំណត់តម្លៃស្ពនស័រ(Sponsors) តែក៏មិនថ្លៃពេកដែរ។

ម្យ៉ាងវិញទៀត លោក អ៊ុយ រទ្ធី បញ្ជាក់ថា «ផេកហ្វេសប៊ុក Uy Rithy និងយូធូប Uyrithy Official បង្កើតមានរយៈពេល ០៥ឆ្នាំមកហើយ។ ក្នុងវ័យអាយុ ១៨ឆ្នាំ ដែលរៀនចេះបញ្ចូលសម្លេង កាលពីដំបូង ពួកខ្ញុំបាទមិនគិតថា អាចរកលុយបានទេ គ្រាន់តែជាការចូលចិត្តធ្វើឲ្យគេសប្បាយៗ លេងសើចឱ្យអ្នកទស្សនាមានការសប្បាយ។ ទន្ទឹមនឹងមានទេពកោសល្យនៃការបញ្ចូលសម្លេងនេះ ខ្ញុំបាទប្រាកដជាពឹងលើបង្ហាត់ពីគ្រូ ក្នុងនោះមាន បងប្រុសវីដា គាត់បានយកខ្ញុំបាទទៅបណ្ដុះបណ្ដាលដោយផ្ញើរខ្ញុំទៅជាមួយនឹងកន្លែងគេ ដើម្បីឱ្យខ្ញុំដូចសព្វថ្ងៃមានជំនាញបញ្ចូលសម្លេងដែលមានបទពិសោធន៍ ជាង១២ឆ្នាំមកហើយ ខ្ញុំក៏ធ្លាប់ជួយបង្រៀនកូនសិស្សឱ្យគាត់ជួយកាត់ តែហើយបច្ចុប្បន្ន ពួកគាត់ចេញរកស៊ីដោយខ្លួនឯង និងល្បីល្បាញផងដែរ។

មូលហេតុដំបូង ដែលចង់បញ្ចូលសម្លេងល្បីបំផុត គឺឆាវឆាវនោះ ព្រោះពេលនោះក្រុមការងារលោកចង់ បញ្ចូលសម្លេងដូចឆាវឆាវ គ្រាន់តែយើងដូរអត្ថន័យពីការធ្វើសឹកសង្គ្រាម ដូរមកជាយុទ្ធសាស្រ្តស្នេហាវិញ។ ចំពោះការងារ ជួនកាលមួយថ្ងៃ លោកអាចផលិតបានវីដេអូមួយ តែថ្ងៃណាខ្លះក៏ត្រូវចំណាយទាល់តែពីរទៅបីថ្ងៃទើបបានមួយ។

អ្នកបញ្ចូលសម្លេងឆាវឆាវរូបនេះ ប្រាប់ថា នៅពេលខ្លួនបញ្ចូលសម្លេងម្ដងៗ វារៀងពិបាកដែរ ដោយសារសម្លេងឆាវឆាវពិបាកបញ្ចូល ព្រោះយើងត្រូវស្រែក ហើយសុខភាពយើងក៏មិនល្អរហូតដែរ មានពេលខ្លះយើងនិយាយសម្លេងវាមិនដល់ក៏ផ្អាកសិនទៅ ហើយក្នុងមួយវីដេអូយ៉ាងតិចបញ្ចូលពីរតួ។ ទោះបីយ៉ាងណាក្ដី លោក រទ្ធី មិនដែលធ្លាប់មានបញ្ហាឡើយ ពេលយកវីដេអូគេមកត្រូល ព្រោះយើងវីដេអូគាត់មកច្នៃធ្វើយ៉ាងណាបញ្ចូលសម្លេង និងពាក្យពេចន៍គួរឲ្យចង់សើច សូម្បីតែម្ចាស់វីដេអូដើមមិនទាន់បញ្ចូលសម្លេងក៏គេសើចដែរ។

និយាយពីប្រាក់ចំណូលពីការត្រូលតាមផេកនោះ លោក អ៊ុយ រទ្ធី ថា គឺមិនមែនមានរហូតទេ តែក៏មិនដាច់នោះដែរ គឺថា មួយៗសម្រាប់ចិញ្ចឹមយើងដែរ ដោយសារយើងចាំធ្វើឲ្យគេ អញ្ជឹងហើយអ្នកឧបត្ថម្ភស្ពនស័រមានរហូត គ្រាន់តែមិនមានច្រើនទេ ដោយសារពេលខ្លះទៅ យើងធ្វើអត់ល្អ យើងអត់ចង់ផុសទេ ទាល់តែល្អ លុះត្រាណា មើលហើយសើចខ្លួនឯងបានផុសចេញ។ ជាធម្មតាទាល់តែមានស្ពនស័របានខ្ញុំធ្វើ ឧទាហរណ៍ថា ស្ពនស័រទាក់ទងជាមួយសាប៊ូ យើងធ្វើវីដេអូពាក់ព័ន្ធជាមួយសាប៊ូដែរ និយាយកំប្លែងឲ្យទៅសាប៊ូទៅ។

 វីដេអូពីមុនៗ នៃផេក Uy Rithy ត្រឹមតែ ០១សប្ដាហ៍ប៉ុណ្ណោះ អាចមានចំនួនអ្នកចូលទស្សនាទៅដល់លាននាក់ ធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា សប្បាយចិត្ត និងមានកម្លាំងចិត្តធ្វើវីដេអូបន្ទទៀត ទោះបីជាយើងមានអារម្មណ៍ថា ហត់ ពិបាកត្រូវអង្គុយគិត ពេលខ្លះយើងគិតអត់ចេញ មានអារម្មណ៍ស្រ្តេសម្ដងៗ។ ជួនកាល លោកអង្គុយមើលរូបនិយាយ ហើយធ្វើវីដេអូតែម្ដង។ យ៉ាងណាមិញសម្រាប់ខ្លួនលោកផ្ទាល់ ការងារបញ្ចូលសម្លេងត្រូលនេះ លោកមិនដឹងថា វាទៀង ឬយ៉ាងណាទេ ដោយសារយើងមិនដឹងថា ថ្ងៃមុខទៅនឹងអាចបន្តទៀតឬ យ៉ាងណា មិនដឹងអស់ត្រឹមថ្ងៃណាទេ។

លោក អ៊ុយ រិទ្ធី អ្នកបញ្ជូលសម្លេងឆាវឆាវដំបូងគេបង្អស់

សូមបញ្ជាក់ថា លោកអ៊ុយ រទ្ធី ធ្លាប់មានប្រវត្តិជីវិត ជាក្មេងកំព្រាឪពុក និងឆ្លងកាត់ការងារជាច្រើនមកហើយ តាំងពីវ័យកុមារមកម្ល៉េះ ជាក្ដីបំណងរបស់ខ្លួនបន្តទៀត គឺលោកចង់ធ្វើការបញ្ចូលសម្លេង នៅតាមស្ថានីយ៍ទូរទស្សន៍ ដូចជារៀមច្បងៗរបស់លោក ព្រោះបច្ចុប្បន្នផេកត្រូលនេះគ្រាន់តែជាការកំសាន្តដល់អ្នកទស្សនា ក៏ដូចជាដើម្បីហ្វឹកហាត់ជំនាញនៃការរៀនបញ្ចូលសម្លេងបន្ថែមទៀត។ ជាចុងក្រោយ ក្នុងនាមជាអ្នកបញ្ចូលសម្លេងមួយរូប លោកសូមថ្លែងអរគុណដល់ប្រិយមិត្ត អ្នកគាំទ្រ អ្នកតាមដាននូវវីដេអូរបស់លោកទាំងអស់ ក្នុងការលើកទឹកចិត្តឱ្យលោកបន្តធ្វើវីដេអូជាបន្តបន្ទាប់ទៀត។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង