Yearendyearend1140x150

កម្ពុជា-នីហ្សេរីយ៉ា បង្ហាញជំហររួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ កម្ពុជា-នីហ្សេរីយ៉ា បង្ហាញជំហររួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា។ ការបង្ហាញគោលជំហរបែបនេះធ្វើឡើងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងលោកឧត្តមសេនីយ៍ត្រី EA EJODAME ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ត្រី EA EJODAME បានជម្រាបជូនឯកឧត្តមអគ្គមេបញ្ជាការ ពីដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់កម្ពុជា ដែលក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនង និងកិច្ចប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-នីហ្សេរីយ៉ា។

លោកឧត្តមសេនីយ៍ត្រី EA EJODAME បានគូសបញ្ជាក់ថា កម្ពុជា និងនីហ្សេរីយ៉ា មានលក្ខណៈស្រដៀងគ្នានៅក្នុងប្រវត្តិសាស្ត្រ ធ្លាប់ទទួលរងនូវសង្រ្គាម ហើយបច្ចុប្បន្នប្រទេសទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានសន្តិភាព និងកំពុងចែករំលែកបទពិសោធន៍ពីការទទួលបានសន្តិភាពនេះទៅដល់បណ្តាកងទ័ពនៅលើពិភពលោក។

បើតាមលោកឧត្តមសេនីយ៍ត្រី EA EJODAME ភាពខ្លាំងរបស់កងទ័ពប្រទេសទាំងពីរ(កម្ពុជា នីហ្សេរីយ៉ា) អាចសហការគ្នាបានដោយផ្អែកលើប្រទេសទាំងពីរមានវិទ្យាស្ថានកងទ័ព, មានសាកលវិទ្យាល័យការពារជាតិ និងមានមជ្ឈមណ្ឌលថែរក្សាសន្តិភាពដូចគ្នា ជាការផ្តល់ឱកាសដល់ការចែករំលែកបទពិសោធន៍ និងចំណេះដឹងឲ្យគ្នាបានយ៉ាងច្រើន។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានឯកភាពចំពោះការលើកឡើងរបស់លោក ឧត្តមសេនីយ៍ត្រី EA EJODAME ក្នុងការស្វែងរកឱកាសពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដោយនាយឧត្តមសេនីយ៍ បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងថែរក្សាសន្តិភាព ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ សង្ឃឹមជឿជាក់ថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ទីប្រឹក្សាយោធានីហ្សេរីយ៉ាប្រចាំកម្ពុជា អ្វីៗនឹងដំណើរការល្អប្រសើរ ពិសេសនៅលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលអាចឈានទៅដល់ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នា៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង