Yearendyearend1140x150
Img 0571

អគ្គនាយកសុខភាពសត្វណែនាំដល់មន្ត្រីបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្ត ត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី ឱ្យបានជាប់ជាប្រចាំ បើទោះបីជាជំងឺនេះមានសភាពស្ងប់ស្ងាត់ហើយក៏ដោយ ដើម្បីទប់ស្កាត់ការចម្លងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ ថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD ) បានឆ្លងមកប្រទេសកម្ពុជាកាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បានយកចិត្តទុកដាក់ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជា ការព្យាបាលនិងទិញវ៉ាក់សាំងមកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ទៅវិញហើយ ។

ឯកឧត្តមបានបន្តថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជាក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តដែលនៅជាប់ព្រំដែន ត្រូវបន្តអនុវត្តនិងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាបន្តទៀត ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានករណីផ្ទុះជំងឺសត្វណាមួយ ។

សូមបញ្ជាក់ថា ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុមPoxviridac នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយវាបានឆ្លងរាលដាលពាសពេញពិភពលោកក្នុងនោះ មានទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង