Yearendyearend1140x150

ទូតចិន៖ពិធីសារ«នាំស្វាយកម្ពុជាទៅចិន»នឹងជួយសេដ្ឋកិច្ចកម្ពុជាឆ្លងផុតវិបត្តិកូវីដ-១៩

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេងគឺ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិត។

ភ្នំពេញ៖ ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និង ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញចុះហត្ថលេខារួមគ្នាជាផ្លូវការនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២០នេះ។ក្នុងពិធីចុះហត្ថលេខានោះឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានក្តីរំពឹងថា ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិននឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវិញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។

ដូចការគ្រោងទុកពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និង ស្ថានទូតចិនប្រចាំនៅទីក្រុងភ្នំពេញចុះហត្ថលេខារួមគ្នាជាផ្លូវការនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០២០នេះ។ពិធីនេះ មានការចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិត។

ឯកឧត្តម វេង សាខុន តំណាងឱ្យភាគីកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់គិតគូ និងឆ្លើយតបជាវិជ្ជមានបានទាន់ពេលនូវសំណើដ៏ចាំបាច់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការនាំចេញផ្លែស្វាយស្រស់នៅកាន់ទីផ្សារចិន។

ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា តាមរយ:ការផ្លាស់ប្តូរពិធីសារនេះ ទីផ្សារនៃផលិតផលស្វាយស្រស់របស់កម្ពុជានឹងត្រូវបានហូរចេញជាបណ្តើរដោយត្រង់ទៅកាន់ប្រទេសចិន ព្រមជាមួយអត្ថប្រយោជន៍ជាច្រើនអនេកដែលកសិករ ម្ចាស់ចំការ និងអាជីវករនឹងទទួលបានពីពិធីសារដ៏មានសារសំខាន់មួយនេះ។ ក្រៅពីនេះ វិស័យ ផលិកម្មស្វាយស្រស់នឹងត្រូវបានលើកកម្ពស់ និងឱ្យតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត។

មិនខុសពីភាគីកម្ពុជា ឯកឧត្តម Wang Wentain បានសម្តែងនូវអំណរសារទ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនេះ។សម្រាប់ឯកឧត្តម ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិនពេលនេះនឹងជួយសេដ្ឋកិច្ចកម្ពុជាដែលទទួលរងនូវជំងឺឆ្លងសកលកូវីដ-១៩ ឱ្យមានកំណើនប្រសើរឡើងវីញក្នុងពេលឆាប់ៗ ខណ:ដែលវិស័យកាត់ដេរកំពុងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះឯកឧត្តមឯកអគ្គរដ្ឋទូតមានក្តីសង្ឃឹម និងជឿជាក់ថាតាមរយ:ពិធីសារនេះ វិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសកសិករដែលជាម្ចាស់ចំការនឹងចាប់យកកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីបង្កើនផលិតភាពផលិតកម្ម និងនាំចេញផ្លែស្វាយស្រស់ ដ៏មានគុណភាព និងគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាទៅកាន់ទីផ្សារដ៏មានសក្តានុពលរបស់ចិន។

គួរបញ្ជាក់ថា កម្ពុជា និង ចិន ចាប់ផ្តើមចរចាលើឯកសារនាំផ្លែស្វាយទៅចិនតាំងពីឆ្នាំ២០១៨ ។ភាគីទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងស្វិតស្វាញ ស៊ីជម្រៅលើសំណុំឯកសារស្នើសុំរបស់ភាគីកម្ពុជា លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន និងបញ្ជីសមាសភាពចង្រៃដែលត្រូវបានហាមឃាត់ដោយភាគីចិន។ ក្រៅពីឯកសារផ្លូវច្បាប់ ទាក់ទងការងារបច្ចេកទេស និងឯកសាររដ្ឋបាល ភាគីទាំងពីរបានផ្លាស់ប្តូរគណប្រតិភូ និងមន្រ្តីជំនាញដើម្បីចុះមកពិនិត្យ និងធ្វើអធិការកិច្ចលើការអនុវត្តជាក់ស្តែងផ្នែកបច្ចេកទេសលើការដាំដុះ ការប្រមូលផលនៅចំការ និងរោងចក្រវេចខ្ចប់ និងជាពិសេសសង្កត់ធ្ងន់លើការធ្វើអនាម័យ និងភូតគាមអនាម័យ(SPS)។

ក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ យុទ្ធសាស្រ្តអភិវឌ្គ្រប់ជ្រុងជ្រោយ និង យូរង្វែង ដើម្បីប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ ភាគីទាំងពីរបានឈានដល់ ការសម្រេចអនុម័តចុះហត្ថលេខាលើពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" នាពេលនេះ។

យោងតាមទិន្ន័យពីក្រសួងកសិកម្ម បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនចំនួន ២០ ក្រុមហ៊ុនម្ចាស់ចម្ការ ដែលមានផ្ទៃដីចំនួន ២១ ២៨៦ហិកតា។ បន្ទាប់ពីពិធីសារនេះចូលជា ធរមាន អគ្គនាយកដ្ឋានកសិកម្មនឹងចុះត្រួតពិនិត្យ និងវាយតម្លៃចម្ការស្វាយ និងទីតាំងវេចខ្ចប់រួចផ្ញើជូនភាគីចិន ដើម្បីចុះមកវាយតម្លៃ បញ្ចប់មុនឈានដល់ការនាំចេញបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង