Yearendyearend1140x150

ការងារ«អភិរក្សតំបន់អង្គរ»កំពុងរងការគំរាមកំហែងដោយការសាងសង់ល្មើសច្បាប់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ ការងារ«អភិរក្សតំបន់អង្គរ»កំពុងរងការគំរាមកំហែងដោយការសាងសង់ល្មើសច្បាប់ ខណៈប្រជាពលរដ្ឋជាង ៣០០នាក់ មានកាំបិទ និង ប្រេងសាំង បានតវ៉ារារាំងមិនឲ្យអាជ្ញាធរជាតិអប្សារា រុះរើសំណង់ខុសច្បាប់ក្នុងតំបន់អង្គរ។ ការរារាំងនេះធ្វើឡើង ដោយសារប្រជាពលរដ្ឋមានការយល់ច្រឡុំ ចំពោះលិខិតរបស់រដ្ឋបាលខេត្តសៀមរាបចុះផ្សាយពីសំណើសុំផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពរុះរើសំណង់ និងការ្យផ្សេងៗរបស់ពលរដ្ឋក្នុងតំបន់១ និងតំបន់២ នៃតំបន់រមណីយដ្ឋានអង្គរ។

បន្ទាប់ពីមានលិខិតរបស់រដ្ឋបាលខេត្តសៀមរាបចុះផ្សាយមក ឃើញទាំងប្រជាការពារ និង ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីភូមិឃុំសង្កាត់មួយចំនួន បានចេញមុខរារាំងទប់ស្កាត់នូវសំណង់ខុសច្បាប់ ដែលជាបញ្ហាមួយបង្កការលំបាកដល់កិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា បានឲ្យដឹងថា ការគ្រប់គ្រងនូវសំណង់ខុសច្បាប់នេះ ជាបញ្ហាមួយដែលរសើប ព្រោះពេលកន្លងមកក្នុងកំឡុងពេលយុទ្ធនាការបោះឆ្នោតម្តងៗ តែងតែមានឃើញសំណង់ខុសច្បាប់កើតឡើង ដូច្នេះអាជ្ញាធរជាតិអប្សរាមានការលំបាកក្នុងការទប់ស្កាត់ ជាពិសេសការប្រឈមមុខនឹងប្រជាពលរដ្ឋ និងមជ្ឈដ្ឋានពាក់ព័ន្ធដែលចេញមុខរារាំងដោយផ្ទាល់ ឬដោយប្រយោល ធ្វើឲ្យសកម្មភាពទប់ស្កាត់សំណង់នៅក្នុងតំបន់អង្គរមានបញ្ហា។

បើតាមអាជ្ញាធរជាតិអប្សរា ក្រុមការងារដែលចុះទៅអនុវត្តកិច្ចការនេះ បានប្រឈមនឹងបញ្ហាដែរ ទាំងការគំរាបកំហែង ក៏ដូចជាការប្រើប្រាស់អំពើហិង្សាផ្សេងៗ ដែលមានចំពោះពួកគាត់កន្លងមកនេះ តាមរយៈការប្រមូលផ្តុំតវ៉ាប្រកបដោយកាំបិទ និង ប្រេងសាំង ស្រែកប្រឆាំងតវ៉ាក្រុមការងារចុះអនុវត្តច្បាប់។

សម្រាប់អ្នកនាំពាក្យអាជ្ញាធរជាតិអប្បរា មុនពេលយុទ្ធនាការបោះឆ្នោត និងពេលបោះឆ្នោតនេះ គឺឃើញមានប្រជាពលរដ្ឋបានសាងសង់នូវសំណង់ខុសច្បាប់មួយចំនួន។ ប៉ុន្តែចំនួនសាងសង់សំណង់ខុសច្បាប់មួយចំនួនឆ្នាំ២០២២នេះ មិនមានចំនួនច្រើនដូចក្នុងឆ្នាំ២០១៧នោះទេ។ ដូច្នេះក្រុមការងារអាជ្ញាធរជាតិអប្សរាបានធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់នូវសំណង់ខុសច្បាប់នេះ។

យោងតាមទិន្នន័យរបស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា ការងារទប់ស្កាត់សំណង់ខុសច្បាប់ នៅឆមាសទី១ ឆ្នាំ២០២២ មានចំនួន ២០៨០។ ទន្ទឹមនេះ អាជ្ញាធរជាតិអប្សរាបានអះអាងថា នឹងចាត់វិធានការច្បាប់ក្នុងករណីដែលប្រជាពលរដ្ឋ និង មជ្ឈដ្ឋានពាក់ព័ន្ធ នៅតែបន្តការរារាំង និង បង្កអំពើហិង្សាណាមួយមកលើក្រុមការងារអាជ្ញាធរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង