Yearendyearend1140x150

កម្ពុជាគ្រោងនឹងស្នើដល់ភាគីចិនឲ្យបង្កើនកូតានាំចូលអង្ករពីកម្ពុជាឱ្យលើសពី៤០ម៉ឺនតោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្រូវកម្ពុជា។

ភ្នំពេញ៖ ដោយមើលឃើញពីការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនចិនជាច្រើន មកលើអង្ករកម្ពុជាកាន់តែច្រើនឡើងនោះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើដល់ក្រសួងពាណិជ្ជកម្ម លើកយកសំណើសុំបន្ថែមកូតានាំអង្ករពីកម្ពុជាទៅចិនបន្ថែមទៀត ពោលគឺឲ្យលើសពីកូតានាំចេញ៤០ម៉ឺនតោន កាលពីឆ្នាំ២០១៩។

តំណាងក្រសួងពាណិជ្ជកម្មបានឯកភាពលើសំណើនេះ ហើយគ្រោងនឹងយកសំណើសុំបន្ថែមកូតានេះទៅប្រជុំជជែកគ្នា ក្នុងកិច្ចចរចារលើកទី៣ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងរៀបចំឡើង នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងពីសក្តានុពលនៃទីផ្សារអង្ករកម្ពុជានៅក្នុងប្រទេសចិន ដែលទទួលបាននូវការគាំទ្រជាច្រើន ជាពិសេស គឺមានក្រុមហ៊ុនចិនជាច្រើន ចង់ទិញអង្ករកម្ពុជា។ សក្តានុពលនេះហើយដែលលោកឧកញ៉ាយល់ឃើញថា ជាឱកាសល្អសម្រាប់កម្ពុជាពង្រីកបរិមាណនៃការនាំចេញអង្កររបស់ខ្លួន ទៅកាន់ប្រទេសចិន ឬ អាចជាការស្នើសុំទៅភាគីចិនឲ្យបន្ថែមកូតានាំចូលអង្ករកម្ពុជា ខណៈដែលចំណងមិត្តភាពកម្ពុជា-ចិនកំពុងមានភាពល្អប្រសើរស្រាប់។

ជាមួយគ្នានេះ លោក យន់ សុវណ្ណ សមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានលើកឡើងអំពីលក្ខណៈបច្ចេកទេសមួយចំនួននៃការរៀបរាប់អំពីប្រភេទអង្ករ ដើម្បីផ្តល់ជាគំនិតយោបល់បន្ថែមដល់ក្រុមការងារចរចារ ក្នុងការធ្វើយ៉ាងណា ដើម្បីផ្តល់នូវប្រយោជន៍ដល់វិស័យស្រូវអង្ករកម្ពុជាទាំងមូល។

ឯកឧត្តម សុខ សុភ័ក្ត្រ តំណាងក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណ និងផ្តល់នូវចំណាប់អារម្មណ៍ខ្ពស់ លើធាតុចូលនានា ដែលខាងវិស័យឯកជនបានលើកឡើង ដែលសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់ក្រុមការងារចរចារ យកទៅពិភាក្សាបន្ថែម ជាមួយភាគីចិន ដើម្បីឈានទៅរកចំណុចរួមនិងឯកភាព និងដើម្បីត្រៀមលើកឡើងក្នុងកិច្ចចរចារជុំទី៣ នាពេលខាងមុខ ឲ្យទទួលជោគជ័យ និងផ្លែផ្កា។

គួរបញ្ជាក់ថា ប្រទេសចិននៅតែឈរលំដាប់លេខ១ ដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ បើគិតត្រឹមរយៈពេល៤ខែដំបូង នៃឆ្នាំ២០២០ ពោលគឺមានជាង១២ម៉ឺនតោន ស្មើនឹង ៤១% នៃទំហំនាំចេញអង្ករសរុបទៅក្រៅប្រទេស រយៈពេល៤ខែមកនេះ នេះនេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អង្ករ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង