Yearendyearend1140x150

កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬ២០២៧ ទើបទេសចរអន្តរជាតិវិលទៅរកកំណើនដូចឆ្នាំ២០១៩វិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ បើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍ យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពនិងចំនួនភ្ញៀវទេសចរអន្តរជាតិវិលទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរឹងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា «វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦»។

ឯកឧត្ដម ទិត ចន្ថា បានបញ្ជាក់ថា សម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ។ សម្ពាធពីកត្តាខាងក្រៅទាំងនេះហើយដែលអាចនឹងធ្វើឱ្យចក្ខុវិស័យទេសចរណ៍មានការប្រែប្រួល អាចឈានដល់ការពន្យារពេលនៃការងើបទ្បើងវិញទៅរកស្ថានភាពប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលត្រូវពន្យារពេលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។ នេះជាការលើកឡើងរបស់ឯកឧត្តម ទិត ចន្ថា។

គួរជម្រាបថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង