Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

កសិករម្នាក់អាចផលិតប្រេងផ្កាឈូករ័ត្នដោយខ្លួនឯង និងទាក់ទាញភ្ញៀវទេសចរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កសិករដាំដុះផ្កាឈូករ័ត្នម្នាក់ បានឱ្យដឹងថា ចម្ការផ្កាឈូករ័ត្ននេះបានចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្សាន្ត ដោយបានផ្ដិតយកនូវកម្រងរូបភាពដែលរំលេចដោយទេសភាពផ្កាឈូករ័ត្នយ៉ាងស្រស់ស្អាត ហើយអាចឱ្យប្រជាជននៅតំបន់នោះបង្កើតជាមុខរបរតូចតាចសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្រៅពីទាក់ទាញភ្ញៀវទេសចរ កសិកររូបនេះក៏អាចទាញផលប្រយោជន៍ពីគ្រាប់ផ្កាឈូករ័ត្ន ដោយបានបង្កើតជាប្រេងផ្កាឈូករ័ត្នសម្រាប់ប្រើប្រាស់ជំនួសប្រេងផងដែរ។

លោក ប៉ត សុផល ជាកសិករនិងជាម្ចាស់ចម្ការផ្កាឈូករ័ត្នមួយរូបនៅខេត្ដត្បូងឃ្មុំ បានប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ ចម្ការផ្កាឈូករ័ត្នរបស់លោកមានទំហំជាង៦ហិកតា សិ្ថតនៅភូមិជីរោទ៍ក្រោមទី២ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ លោកចាប់ផ្ដើមដំណើរការផលិតប្រងផ្កាឈូករ័ត្នតាំងពីឆ្នាំ២០១៨មកម្ល៉េះ ក្នុងដើមទុនប្រមាណជាង២ពាន់ដុល្លារអាមេរិក(គិតតែតម្លៃម៉ាស៊ីន) ហើយត្រូវបានផ្អាកដំណើរការផលិតមួយរយៈពេលធំដោយសារតែម៉ាស៊ីនផលិតមានបញ្ហា។ ទោះជាយ៉ាងណា ក៏លោកនៅតែព្យាយាម និងបានទិញម៉ាស៊ីនថ្មីដើម្បីបម្រើដល់ការផលិតប្រេងផ្កាឈូករ័ត្នឡើងវិញនៅដើមខែកក្កដា ឆ្នាំ២០២២នេះ។

លោកបញ្ជាក់ថា បន្ទាប់ពីលោកបានមើលរបៀបនៃការផលិតប្រេងផ្កាឈូករ័ត្នតាមYouTube លោកក៏ចាប់អារម្មណ៍ចំពោះការផលិតនេះ ព្រោះមានភាពងាយស្រួល ហើយនៅតំបន់លោកក៏ពុំទាន់មានអ្នកផលិតប្រេងប្រភេទនេះ ដូចនេះលោកក៏បានសម្រេចចិត្តទិញម៉ាស៊ីនផលិតប្រេងផ្កាឈូករ័ត្ននេះតែម្ដង។ ចំពោះប្រេងដែលផលិតបាន គឺត្រូវបានដាក់លក់នៅចម្ការរបស់លោកផ្ទាល់តែម្ដង ហើយភ្ញៀវមួយចំនួនដែលមកកម្សាន្តនៅចម្ការលោកទាំងភ្ញៀវជាតិនិងអន្តរជាតិក៏បានទិញប្រើប្រាស់ផងដែរ ក្រៅពីនេះក៏មានការគាំទ្រពីអ្នកនៅតំបន់លោកដូចគ្នា។

កសិករផលិតប្រេងផ្កាឈូករ័ត្នរូបនេះបានបន្តថា សមិទ្ធិផលដែលសម្រេចបាន គឺអាស្រ័យទៅតាមប្រភេទម៉ាស៊ីន ហើយកាលពីមុនលោកផលិតប្រេងផ្កាឈូករ័ត្នបានជិត១០លីត្រក្នុងមួយថ្ងៃ ប៉ុន្តែម៉ាស៊ីនសព្វថ្ងៃនេះផលិតបានតែ៣លីត្រប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយក្នុង១លីត្រត្រូវការគ្រាប់ផ្កាឈូករ័ត្នប្រហែល៥គីឡូ។ ក្រោយការផលិត លោកក៏បានវេចខ្ចប់ដោយខ្លួនឯងផងដែរ ដោយបានវេចខ្ចប់ជាកូនដបតូចៗ ដែលក្នុង១ដបមានចំណុះ២៥០មីលីលីត្រ តម្លៃ ១,៤០០០រៀល។

លោកបន្ថែមថា ទោះជាមិនសូវទទួលបានផលចំណេញច្រើនពីការផលិតប្រេងនេះក៏ដោយ ក៏លោកនឹងខិតខំប្រឹងប្រែងរកម៉ាស៊ីនថ្មីទៀតដើម្បីឱ្យការផលិតប្រេងផ្កាឈូករ័ត្នកាន់តែទទួលបានផលច្រើនជាងពេលបច្ចុប្បន្ននេះ។ លោកក៏គ្រោងនឹងពង្រីកដីក្នុងការដាំដុះផ្កាឈូករ័ត្នចំនួន៤-៥ហិកតាបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្កើនទិន្នផល ដោយក្នុងមួយហិកតាអាចប្រមូលផលគ្រាប់ផ្កាឈូករ័ត្នបានប្រហែលជា១តោន ឬអាចផលិតចេញជាប្រេងផ្កាឈូករ័ត្នបាន១០០លីត្រ។

លោកសង្ឃឹមថា អតិថិជននឹងគាំទ្រអាជីវកម្មផលិតប្រេងផ្កាឈូករ័ត្នខ្នាតតូចមួយនេះ ព្រោះវាជាប្រេងផ្កាឈូករ័ត្នសុទ្ធធម្មជាតិ១០០% ជាផលិតផលក្នុងស្រុកដែលមានគុណភាពល្អជាងប្រេងផ្កាឈូករ័ត្នដែលដាក់លក់នៅតាមទីផ្សារ៕


Khcct banner

អត្ថបទទាក់ទង