Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

សមាគម«សហគ្រិនវ័យក្មេងកម្ពុជា»ដាក់ឱ្យដំណើរការសាខាប្រចាំខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖សមាគមសហគ្រិនវ័យក្មេងកម្ពុជា នៅថ្ងៃទី ៨ កក្កដានេះ បានរៀបចំពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និង ដាក់ដំណើរការគម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងគាំទ្រសម្លេង ដើម្បីសមធម៌សង្គម (Consortium for Sustainable Alternative and Voice for Equitable Development Project- COSAVED)។សាខាប្រចាំខេត្តព្រះសីហនុថ្មីប្រចាំខេត្តព្រះសីហនុនេះ ក្នុងគោល​ដៅ​ចងក្រង​បណ្តាញសហគ្រិន។

លោកឧកញ៉ា ប៉ិច បូឡែន អនុប្រធានប្រតិបិត្តិសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ថា សមាគម​សហគ្រិនវ័យក្មេងកម្ពុជា បានបន្តបេសកកម្មរបស់ខ្លួន ក្នុងភាពជាដៃគូរសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មបែបបរិយាប័ន ការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូតូច និងមធ្យម MSMEនៅក្នុងប្រទេសកម្ពុជា។ 

បើតាមលោកឯកញ៉ា ប៉ិច បូឡែន រយៈពេលជាង១៣ឆ្នាំមកនេះ សមាគមមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ទាំងចំនួនសមាជិក និងសកម្មភាពក៏ដូចជាការបង្កើតកម្មវិធីជាច្រើនក្នុងការគាំទ្រាំ និងពង្រឹកវិស័យធុរៈកិច្ច ជាពិសេសសហគ្រិនវ័យក្មេងដែលជាឆ្នឹងខ្នងដ៏សំខាន់របស់សេដ្ឋកិច្ចជាតិដែលមិនអាចខ្វះបាន។ មកដល់បច្ចុប្បន្នសមាគមមានសមាជិកចំនួន៤៥០ដែលសុទ្ធតែជាម្ចាស់អាជីវកម្មនៃក្រុមហ៊ុន ប្រមាណជាង៨០០នៅកម្ពុជា។ 

លោក ហុង ប៊ុនទី ត្រូវបានតែងតាំងជា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ។ក្នុងនាមជាប្រធានប្រចាំសាខា លោកបានធ្វើការប្តេជ្ញាដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុឲ្យបានល្អបំផុតសម្រាប់ជួយដល់ធុរកិច្ចនៅក្នុងខេត្ត ជាពិសេសការបង្កើននូវលទ្ធភាពទទួលបានព័ត៌មានអាជីវកម្ម ទីផ្សារ និងការពង្រឹងសមត្ថភាពក៏ដូចជាពង្រីកបណ្តាញអាជីវកម្មក្នុងខេត្ត ក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិផងដែរ។

ជាមួយគ្នានឹងការប្រកាសបើកដំណើរការសាខាថ្មី កម្មវិធីក៏មានប្រកាសដាក់ឱ្យដំណើរការគម្រោង សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងគាំទ្រសម្លេង ដើម្បីសមធម៌សង្គម (Consortium for Sustainable Alternative and Voice for Equitable Development Project- COSAVED)។

លោក វន សំភាស់ នាយកប្រចាំប្រទេសនៃអង្គការ Aide et Action (Action Education) បានលើកឡើងថា៖ គម្រោងសម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍន៍ប្រកប ដោយចីរភាព និងគាំទ្រសម្លេងដើម្បីសមធម៌សង្គម (COSAVED) ក្រោមការចូលរួមឧបត្ថម្ភដោយ សហគមន៍អឺរ៉ុប។ គម្រោងនេះគាំទ្រដល់សហគ្រិន អាជីវករខ្នាតតូច ចំនួន២០៨ នៅតាមតំបន់ឆ្នេរ ក្នុងការបង្កើតតម្លៃបន្ថែម ដែលនាំឲ្យផលិតផល និងសេវាកម្មមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង។ តាមរយៈអង្គការ Aide et Action (Action Education) គម្រោង COSAVED ជា គម្រោងមួយដែលសហការអនុវត្តជាមួយដៃគូជាច្រើនមកពីគ្រប់វិស័យ ដែលនៅក្នុងនោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏ជាដៃគូមួយក្នុងចំណោមដៃគូចំនួន៤២ផងដែរ។

សមាគមសហគ្រិនវ័យក្មេងបាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់វិស័យឯកជនក្នុងការកសាងសមត្ថភាពសេដ្ឋកិច្ច តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងបង្វឹកបង្ហាត់ដោយផ្ទាល់នូវជំនាញធុរកិច្ចដល់ សហគ្រិន អាជីវករ ខ្នាតតូច និងមធ្យម និងបង្កើតពត៌មាន វិនិយោគសម្រាប់ខេត្តទាំងបួននៅតាមតំបន់ឆ្នេរ។ លោក វន សំភាស់ បានបន្តទៀតថា ដោយមើលឃើញពីសារៈសំខាន់នៃធុរកិច្ចក្នុងការចូលរួមចំណែកដល់វិស័យអប់រំ និងឱកាសការងារសម្រាប់យុវជន សេដ្ឋកិច្ចរីកចម្រើន អាជ្ញាធរបានជួយ ជ្រុមជ្រែងប្រជាជនមានជីវភាពឱ្យល្អប្រសើរ និង ផ្តល់ឱកាសការសិក្សាដល់កុមារក្នុងការរៀនសូត្រ ដើម្បីបង្កើតបាននូវធនធានសង្គមសម្រាប់ប្រទេសជាតិរបស់យើងទាំងមូល។ ការអនុវត្តគម្រោងនេះពិតជាបានបង្ហាញអំពីការចូលរួមរវាងតួអង្គសំខាន់ៗទាំងបី គឺវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលក្នុងការអភិវឌ្ឍន៍ សហគ្រាសធុន តូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ជាសមាគមសាខាទី៦ដែលបានបង្កើតឡើងបន្ទាប់ពី សៀមរាប កំពង់ចាម ត្បូងឃ្មុំ បាត់ដំបង បន្ទាយមានជ័យ និងក្រចេះ ហើយសមាគមនឹងបន្តបង្កើតសាខាអោយបានគ្រប់ខេត្តក្រុងត្រឹមឆ្នាំ ២០៣០។ សាខាទី៦នេះគឺជាការចូលរួមចំណែកផ្តួចផ្តើមដោយ អង្គការ Aide et Action (Action Education) តាមរយៈក្រោមការចូលរួមឧបត្ថម្ភដោយសហគមន៍អឺរ៉ុប៕

Khcct banner

អត្ថបទទាក់ទង