Yearendyearend1140x150

«ស្ថានីយប្រេងឥន្ទនៈធំៗ៥នៅកម្ពុជា»ត្រូវបានសិក្សាដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសាធារណការបានជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន០៥នៅកម្ពុជា រួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងកម្មវិធីបើកសិក្ខាសាលាផ្ទៃក្នុងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការប្រមូលធាតុចូលនៃផែនទីចង្អុលផ្លូវសម្រាប់រៀបចំស្ថានីយសាកយានយន្តអគ្គិសនីនៅកម្ពុជា, ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន រួមសហការដោយអង្គការUNDP ក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំដៅធ្វើឱ្យប្រសើរឡើងដល់ផែនទីបង្ហាញផ្លូវរៀបចំស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលជាផ្នែកមួយសំខាន់ក្នុងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន មានឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនីសរុបចំនួន០៥គ្រឿង ក្នុងនោះ០៤គ្រឿង ជាជំនួយរបស់អង្គការUNDP និង០១គ្រឿង ទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈឈេហ្វរ៉ុន(Chevron) ហើយតាមផែនការ ក្រុមហ៊ុននឹងតម្លើងឧបករណ៍នេះឱ្យបាន៣០០គ្រឿង ក្នុងរយៈពេល០៣ឆ្នាំបន្ទាប់។

បន្ថែមពីលើនេះ ដៃគូឯកជន (China Chamber of Commerce) ក៏បានសន្យាគាំទ្រការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជាជំហានដំបូងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង។

ក្រៅពីនេះ ក្រសួងក៏បានជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន០៥ផងដែររួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង