Yearendyearend1140x150

កម្ពុជា-ឡាវ សន្យារួមគ្នាលើកកម្ពស់វិស័យសេដ្ឋកិច្ចប្រទេសទាំងពីរឱ្យកាន់តែប្រសើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានសន្យារួមគ្នាខិតខំធ្វើយ៉ាងណាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក។

ក្នុងកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅភ្នំពេញកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម សាលើមសៃ គុំម៉ាស៊ីត បានពិនិត្យមើលអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី ១៣ ក៏ដូចជាសេចក្តីសម្រេចនានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដោយផ្ទៀងផ្ទាត់លើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ ក៏ដូចជាការស្វែងរកវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩ និងបានលើកឡើងពីលទ្ធផលដោយជោគជ័យនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោកដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន។

អង្គប្រជុំក៏បានពិភាក្សា និងរិះរកមធ្យោបាយនានា ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតផងដែរ រួមមាន៖ វិស័យហិរញ្ញវត្ថុ វប្បធម៌ ការងារ សុខាភិបាល ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ដឹកជញ្ជូន ព័ត៌មាន ទូរគមនាគមន៍និងព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

សម្រាប់កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ តំបន់ និងអនុតំបន់នានា ដែលប្រទេសទាំងពីរជាសមាជិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាលើមសៃ គុំម៉ាស៊ីត បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ឯកឧត្តម និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក៏ដូចជាលទ្ធផលជាផ្លែផ្កាដែលទទួលបានកន្លងមក។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ត្រូវបានបញ្ចប់ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីលើកស្ទួយភាពជាដៃគូដែលមានស្រាប់ឲ្យកើនឡើងទៅកម្រិតថ្មីមួយទៀត។ ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំ JCBC លើកទី១៥ នៅឆ្នាំ ២០២៤ នៅប្រទេសឡាវ ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង