Yearendyearend1140x150
Img 0571

រដ្ឋមន្ត្រីការបរទេស«ឡានឆាង-មេគង្គ»បន្តប្តេជ្ញាពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖​ ក្រសួងការបរទេសកម្ពុជា

ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី៧ បានបង្ហាញពីការបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរឡើង ចំពោះបញ្ហាប្រឈមរួម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៧ បានប្រព្រឹត្តទៅក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាព» និងដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក វុនណា ម៉ោង លី្វន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី០៣-០៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ត្រីទាំងអស់បានកោតសរសើរចំពោះការអភិវឌ្ឍរួមរបស់ MLC សម្រាប់ដំណើរការនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល ០៦ឆ្នាំកន្លងមក ព្រមទាំងបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពសម្រេចបាន ក្រោមផែនការសកម្មភាពប្រាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០១៨-២០២២) និងបានផ្លាស់ប្តូរយោបល់លើស្ថានភាពនៃការអនុវត្តលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស MLC លើកទី៦ និងគោលដៅដែលបានដាក់ចេញនាឱកាសនៃកិច្ចប្រជុំកំពូល MLC លើកទី៣។ រដ្ឋមន្ត្រីទាំងអស់ ក៏បានស្វាគមន៍ចំពោះការបំពេញបន្ថែមនូវតួនាទីរបស់ MLC ក្នុងការលើកកម្ពស់ការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

រដ្ឋមន្ត្រីទាំងអស់បានយល់ព្រមជាគោលការណ៍ លើផែនការសកម្មភាពប្រាំឆ្នាំស្តីពីកិច្ចសហប្រតិការមេគង្គ-ឡានឆាង (២០២៣- ២០២៧) ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលកិច្ចសហប្រតិការមេគង្គ-ឡានឆាង លើកទី៤ សម្រាប់អនុម័តនាពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការលើកត្តាសំខាន់ៗ ដែលអំណោយផលដល់ភាពធន់ផ្នែកសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ រួមមានការតភ្ជាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុ សមត្ថភាពផលិត ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឆ្លងកាត់ព្រំដែន និងការវិនិយោគក្នុងតំបន់ និងការសម្របសម្រួលពាណិជ្ជកម្ម។

រដ្ឋមន្ត្រីទាំងអស់បានពេញចិត្តចំពោះមូលនិធិពិសេស MLC ដែលចាប់តាំងពីការបង្កើតមក បានគាំទ្រគម្រោងជាង ៦០០ លើវិស័យជាច្រើន រួមមានធនធានទឹក កសិកម្ម ទេសចរណ៍ ការអប់រំ ការកាត់បន្ថយភាពក្រីក្រ សុខាភិបាល និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ព្រមទាំងបានកោតសរសើរប្រទេសទាំង០៦ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តគម្រោង។

ជាចុងក្រោយ ពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយធ្វើសហកម្មជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី ដើម្បីចាប់យកអត្ថប្រយោជន៍កើតចេញពីកាលានុវត្តភាពពាណិជ្ជកម្ម និងការវិនិយោគថ្មី ដែលហូរចេញពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង