Yearendyearend1140x150
Img 0571

ជនជាតិជប៉ុនម្នាក់សម្រេចបើកហាង«ឌីសាញសម្លៀកបំពាក់»នៅកម្ពុជាដោយសារងាយរកវត្ថុធាតុដើម

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក Tastuyoshi Otsuka ម្ចាស់ហាង LinneOrganics

ភ្នំពេញ៖ លោក Tastuyoshi Otsuka ជាជនជាតិជប៉ុនវ័យ៤០ឆ្នាំ បានសម្រេចចិត្តបើកហាងលក់សម្លៀកបំពាក់នៅកម្ពុជា ព្រោះកម្ពុជាជាប្រទេសមួយដែលសំបូរដោយវត្ថុធាតុដើម តម្លៃសមរម្យ ហើយជាពិសេសងាយស្រួលក្នុងការនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស។ នេះជាការលើកឡើងរបស់លោក Tastuyoshi Otsuka ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍។

ជនជាតិជប៉ុនវ័យ៤០ឆ្នាំរូបនេះ បានឱ្យដឹងថា គិតមកដល់ពេលនេះ លោកបានរស់នៅប្រទេសកម្ពុជារយៈពេល១០ឆ្នាំហើយ ហើយលោកបានបើកអាជីវកម្មខ្នាតតូចមួយដែលមានម៉ាកយីហោ LinneOrganics ក្នុងឆ្នាំ ២០១២ ដែលមានទីតាំងស្ថិតនៅលើផ្លូវ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ក្រោយវត្ដលង្កា)។

លោកបន្តថា ហាង LinneOrganics មានលក់សម្លៀកបំពាក់និងសម្ភារៈគ្រប់ប្រភេទដូចជា ឈុតគេងយប់, ឈុតក្រណាត់កម្រាលពូក ឈុតខោអាវធ្វើការ(jacket and pants), រ៉ូបកម្មវិធី(Gown), រ៉ូប, អាវកាក់, សំពត់, អាវសាច់ក្រណាត់, អាវយឺត, អាវរងា,មួក, កាបូប, កន្សែងបង់ក, កម្រាលតុ, ម៉ាសក្រណាត់ជាដើម ហើយមានតម្លៃថ្លៃគួរសមទៅតាមប្រភេទទំនិញនីមួយៗ ជាពិសេសធានាបាននូវគុណភាពល្អ ព្រោះក្រណាត់គឺបានធ្វើពីសសៃអំបោះធម្មជាតិសុទ្ធៗ ។

លោកបន្ថែមថា រហូតមកដល់បច្ចុប្បន្ននេះ អាជីវកម្មចម្បងរបស់លោកគឺការលក់បោះដុំប្រេន LinneOrganics ទៅកាន់ប្រទេសមួយចំនួន ហើយក្រៅពីការលក់បោះដុំ ក៏មានការលក់រាយផងដែរ ជាពិសេសនៅក្នុងទីក្រុងភ្នំពេញ។ លោកក៏ជាអ្នកឌីសាញមួយរូបដែរ ហើយលោកបានទទួលការកម្ម៉ង់កាត់សម្លៀកបំពាក់គ្រប់ប្រភេទពីអតិថិជន ព្រោះលោកបានរៀនជំនាញនេះបន្ថែមនៅប្រទេសជប៉ុន តាំងពីលោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យក្នុងអាយុ២៧ឆ្នាំមកម្ល៉េះ។

លោកបញ្ជាក់ថា LinneOrganics គឺជាម៉ាកផលិតផលសរីរាង្គដែលមានឯកទេសលើមុខងារនៃការផលិតសរសៃអំបោះធម្មជាតិ ការប្រើប្រាស់ក្រណាត់ល្អបំផុតជាមួយនឹងការរួមបញ្ចូលគ្នានៃគុណភាពអំបោះចំនួនអំបោះ កម្រាស់ក្រណាត់ ដង់ស៊ីតេក្រណាត់ ទម្ងន់ និងវិធីត្បាញ ដែលធ្វើឱ្យផលិតផលដែលសម្រេចបានមានភាពទន់ រលោង រលាស់ និងត្រជាក់ មិនធ្វើឱ្យក្តៅ ស្កៀប ឬរមាស់ស្បែកឡើយ។

អ្នកឌីសាញជនជាតិជប៉ុនរូបនេះបន្តថា បច្ចុប្បន្នលោកមានហាងតែមួយគត់នៅកម្ពុជា ហើយលោកជ្រើសរើសការបើកហាងនៅតំបន់បឹងកេងកង ព្រោះលោកយល់ថា តំបន់នេះមានជនជាតិបរទេសរស់នៅច្រើន សម្បូរដោយបណ្ដុំអាជីវកម្មតូច-ធំ ងាយស្រួលទំនាក់ទំនងនិងធ្វើអាជីវកម្ម ហើយជាពិសេសអតិថិជនរបស់លោកភាគច្រើនគឺជាជនជាតិបរទេស។

លោកបញ្ជាក់ថា ក្រៅពីការបើកហាងនៅកម្ពុជាលោកក៏មានបណ្តាញដែលលក់ប្រេន LinneOrganics នៅប្រទេសជប៉ុនដែរ ហើយនៅតាមបណ្តាហាងមួយចំនួននៅកម្ពុជាក៏បានទិញបោះដុំទំនិញពីម៉ាក LinneOrganicsទៅលក់បន្តដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង