Yearendyearend1140x150

វិវាទទិញលក់«ផ្ទះល្វែង/វីឡា»បុរីVIPនៅស្រុកព្រៃនប់ឈានដល់កិច្ចព្រៀមព្រៀងថ្មី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី ៥ កក្កដានេះ បានបើកកិច្ចប្រជុំដោះស្រាយករណីវិវាទរវាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និង ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក (បុរីVIP)ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញលក់ផ្ទះល្វែង/វីឡាកូនកាត់ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ជាកិច្ចប្រជុំដឹកនាំដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមដោយតំណាងប្រជាពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានអង្គប្រជុំ បានឯកភាពដាក់កម្មវិធី ដើម្បីដោះស្រាយបញ្ហាវិវាទការសាងសង់ ការបញ្ចប់កិច្ចសន្យាសាងសង់ នៃក្រុមហ៊ុនបុរី VIP ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាអតិថិជន និង បានបើកឱកាសឱ្យភាគីតំណាងប្រជាពលរដ្ឋ និង តំណាងក្រុមហ៊ុន លើកឡើងជាមតិយោបល់ ដើម្បីធ្វើការដោះស្រាយ។

កិច្ចប្រជុំបានបើកផ្លូវឱ្យតំណាងប្រជាពលរដ្ឋចំនួន១៣៦គ្រួសារ និង ក្រុមហ៊ុន អ.អិន វីអាយភី រៀល អ៊ីស្ទេត ឯ.ក (ក្រុមហ៊ុន បុរីVIP) បង្កើតនូវកិច្ចព្រៀមព្រៀងថ្មីមួយ ដើម្បីឈានទៅរកការបញ្ចប់វិវាទទិញលក់«ផ្ទះល្វែង/វីឡា»បុរីVIP នៅស្រុកព្រៃនប់។

យោងតាមរបាយការណ៍កិច្ចប្រជុំ ក្រុមហ៊ុនបុរី VIP ធានាអះអាងនឹងចាប់ផ្តើមបន្តការសាងសង់ផ្ទះជូនអតិថិជនឱ្យបានរួចរាល់ ក្នុងរយៈពេល ១២ខែ ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ តទៅ។ ក្នុងករណី ក្រុមហ៊ុនបុរី VIP មិនអាចសាងសង់ទាន់ពេលក្រុមហ៊ុនយល់ព្រមបង់ការប្រាក់ជូនអតិថិជន ១ភាគរយ ក្នុងមួយខែ នៃទឹកប្រាក់ដែលអតិថិជនបានបង់ជូនទៅក្រុមហ៊ុនជាក់ស្តែង។ជាមួយគ្នានោះ ក្រុមហ៊ុននឹងប្រគល់ប័ណ្ណកម្មសិទ្ធិ រួមទាំងឯកសារផ្ទេរកម្មសិទ្ធិជូនទៅអតិថិជនណាដែលបានបង់ប្រាក់គ្រប់ចំនួន១០០ភាគរយតាមកិច្ចសន្យា ក្នុងរយៈពេល ០៨ខែ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

បន្ថែមពីនេះ ភាគីក្រុមហ៊ុនបុរី VIP ត្រូវបន្តការសាងសង់សំណង់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងអនុញ្ញាតឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យវាយតម្លៃពីវឌ្ឍនភាព នៃសំណង់ នៅអំឡុងដើមខែកញ្ញា ឆ្នាំ២០២២។

ចំណែកអតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ចំនួន ត្រូវបន្តបង់ប្រាក់តាមកិច្ចសន្យានៅពេលដែលក្រុមហ៊ុនបុរី VIP សាងសង់សំណង់សម្រេចបាន តាមសមាមាត្រនៃទំហំទឹកប្រាក់ដែលអតិថិជនបានបង់ (តាមការវាយតម្លៃរបស់មន្ត្រីជំនាញ)។

ក្នុងករណីភាគីក្រុមហ៊ុនបុរី VIP និង ភាគីអតិថិជន មិនអនុវត្តតាមការព្រមព្រៀងខាងលើនេះ ភាគីនោះសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង