Yearendyearend1140x150
Img 0571

ចិនបន្ត«ចាប់ដៃកម្ពុជាពង្រឹងទំនាក់ទំង»លើគ្រប់វិស័យ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សន្យាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងការកសាងខ្សែក្រវាត់ និងផ្លូវ និងវិស័យផ្សេងៗទៀត។ លោកថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកមួយរវាងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៣ កក្កដានេះ។

បើតាមលោក Wang Yi កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា គឺស្ថិតនៅជួរមុខនៃទំនាក់ទំនងរបស់ប្រទេសចិនជាមួយបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀត លោក Wang បន្តថា ក្រោមកាលៈទេសៈថ្មី ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តបន្ថែមទៀតនូវការយល់ស្របជាយុទ្ធសាស្រ្តដែលទទួលបានរវាងថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរនិងបន្តពង្រឹងទំនាក់ទំនងការទូតជាមួយគ្នា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីធ្វើការងារដ៏ល្អក្នុងការពង្រឹងសហគមន៍ចិន-កម្ពុជាឱ្យមានអនាគតរួមគ្នា និងដើម្បីអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ ២០២៣ ជាមួយនឹងលទ្ធផលដែលមើលឃើញកាន់តែច្បាស់។

លោក ប្រាក់ សុខុន មានប្រសាសន៍ថាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទ្វេភាគីថារឹងមាំ ហើយកម្ពុជានឹងបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងគាំទ្រជំហររបស់ចិនលើបញ្ហាទាក់ទងនឹងតៃវ៉ាន់ ហុងកុង ទីបេ និងស៊ីនជាំង។ លោកបន្ថែមថា កម្ពុជាសង្ឃឹមថានឹងរក្សាបាននូវការផ្លាស់ប្តូរកម្រិតខ្ពស់ និងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន និងអបអរសាទរខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំ ២០២៣ ជាមួយនឹងសមិទ្ធផលកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

លោក Wang សង្គត់ធ្ងន់ថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំង កូវីដ១៩ ដែលនៅសេសសល់ចំនួន ១៥ លានដូសទាន់ពេលវេលាតាមតម្រូវការរបស់ភាគីកម្ពុជា ពង្រីកការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន និងបង្កើនការហោះហើរត្រង់រវាង ប្រទេសទាំងពីរ។ លោក Wang បន្តថា ប្រទេសចិនគាំទ្រយ៉ាងពេញទំហឹងចំពោះតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីប្រកាន់ខ្ជាប់នូវការលើកកំពស់បីយ៉ាង ដូចខាងក្រោម៖ រក្សាភាពជាកណ្តាលរបស់អាស៊ាន ដើម្បីរក្សាឯករាជ្យភាពជាយុទ្ធសាស្ត្រ រក្សាពហុភាគីនិយម និងកាន់អំណាចនាំមុខលើសន្តិសុខក្នុងតំបន់។ រក្សាការតំរង់ទិសនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីអនុវត្តយ៉ាងពេញលេញភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងចាប់ផ្តើមការកសាងកំណែ ៣.០ តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាននៅដើមដំបូង ដើម្បីបន្ថែមភាពប្រាកដប្រជា និងថាមពលវិជ្ជមានដល់តំបន់ បូករួមទាំងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍។ ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយបញ្ហារសើបឱ្យបានត្រឹមត្រូវ ដើម្បីរក្សាកំណត់ចំណាំសំខាន់នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ប្រឆាំងនឹងការផ្តួចផ្តើមគំនិតប្រឆាំងជំរុំ និងការបែកបាក់នៅក្នុងតំបន់និងទប់ទល់នឹងការប៉ុនប៉ងណាមួយដើម្បីប្រែក្លាយវេទិកាសហប្រតិបត្តិការអាស៊ីបូព៌ាទៅជា "មូលដ្ឋានសង្រ្គាម" របស់ប្រទេសណាមួយឡើយ។

សូមបញ្ជាក់ថា ក្នុងជំនួបនេះភាគីទាំងពីរបានសន្យាបន្តជំរុញការរួមផ្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា និងសម្រេចបាននូវវឌ្ឍនភាពក្នុងគម្រោងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធដោយភាគីទាំងពីរក៏យល់ព្រមបន្តកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងការប្រឆាំងជំងឺរាតត្បាត កសិកម្ម ការការពារបរិស្ថាន បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនជាមួយគ្នាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង