Yearendyearend1140x150

«សុវត្ថិភាពស្បៀងអាហារ»គឺជាសសរស្តម្ភគ្រឹះមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (រូបភាព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ)

ភ្នំពេញ៖ ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកក្រោមប្រធានបទ“អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” ត្រូវបានប្រារព្ធធ្វើឡើង នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣០ មិថុនា ២០២២។ ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់សុវត្ថិភាពស្បៀងអាហារ ចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃសង្គមជាតិ។

នៅក្នុងឱកាសនេះ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បានមានប្រសាសន៍ថា ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់សុវត្ថិភាពស្បៀងអាហារ និងបង្ហាញពីវិធានការនានាដែលតួអង្គពាក់ព័ន្ឋទាំងអស់បាននិងកំពុងអនុវត្ត ហើយបន្តអនុវត្តដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សម្រាប់អ្នកទទួលទានគ្រប់រូប។

ឯកឧត្តមបន្តថា «សុវត្ថិភាពស្បៀងអាហារគឺជាសសរស្តម្ភគ្រឹះមួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយប្រព័ន្ធត្រួតពិនិត្យស្បៀងអាហាររបស់ជាតិ និងសុវត្ថិភាពស្បៀងអាហារ គឺជាកត្តាសំខាន់សម្រាប់សុខភាពសាធារណៈ និងជាកត្តាទាក់ទាញអ្នកទេសចរណ៌ ធុរកិច្ច និងវិនិយោគ។ ស្បៀងអាហារដែលមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព និងសុខុមាលភាពរបស់មនុមនុស្ស។ ស្បៀងអាហារគ្មានសុវត្ថិភាពបង្កការគំរាមកំហែងដល់សុខភាពជាសាកល និងគំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់មនុស្សគ្រប់រូប»។

ឯកឧត្តមបានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩នេះ ការពង្រឹងប្រព័ន្ធស្បៀងអាហារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀងអាហារនិងរបបអាហារសុខភាព កាន់តែមានសារៈសំខាន់ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រព័ន្ធស្បៀងអាហារកាន់តែរឹងមាំ ផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូប មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានចីរភាពបរិស្ថាន ចីរភាពសង្គម និងចីរភាពសេដ្ឋកិច្ច សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។

ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពនៅកម្ពុជា ត្រឹមឆ្នាំ២០៣០ ប្រជាពលរដ្ឋកម្ពុជានឹងទទួលបានរបបអាហារសុខភាព និងអាហារប្រកបដោយសុវត្ថិភាព ដោយមានការយកចិត្តទុកដាក់ជាចម្បងលើស្ត្រីនិងកុមារ ដើម្បីបំបែកវដ្តអន្តរជំនាន់នៃបញ្ហាអាហារូបត្ថម្ភ និងឆ្លើយតបទៅនឹងដំណើរការប្រែប្រួលអាហារូបត្ថម្ភ។

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិភាពខ្ពស់ និងចាត់ទុកសុវត្ថិភាពស្បៀងអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងភាពចម្រុងចម្រើននៃសង្គមជាតិ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង