Yearendyearend1140x150

កម្ពុជាពុំទាន់មានក្រុមហ៊ុនហ៊ានវិនិយោគលើការនាំចេញ«ទុរេន»ទៅក្រៅប្រទេស

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម

ភ្នំពេញ៖ នៅកម្ពុជាដំណាំទុរេនកំពុងតែមានសក្តានុពលទីផ្សារ ដែលរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់សម្រាប់ការត្រៀមរៀបចំដាក់ចេញ នូវគោលនយោបាយក្នុងការនាំចេញទៅក្រៅប្រទេស។ប៉ុន្តែមកដល់ពេលនេះ កម្ពុជាពុំទាន់មានក្រុមហ៊ុនហ៊ានវិនិយោគលើការនាំចេញ«ទុរេន»ទៅក្រៅប្រទេសនៅឡើយទេ។

“ជាគោលនយោបាយរាជរដ្ឋាភិបាលគ្មានការឧបត្ថម្ភទុនលើការងារនេះទេ ពោលអ្វីៗគឺជាការសម្រេចចិត្តរបស់កសិករ និង វិស័យឯកជនតែប៉ុណ្ណោះ”។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

បើតាមឯកឧត្តមរដ្ឋមន្ត្រី យោងតាមរបាយការណ៍បូកសរុបការងារបង្កបង្កើនផលឆ្នាំ២០២១ កន្លងទៅ ក្រសួងកសិកម្មបានពិនិត្យឃើញថា ផលិតផលទុរេនសម្រេចបានត្រឹម ៤៧ ៤៥០ តោន តែប៉ុណ្ណោះ។ បច្ចុប្បន្ននៅកម្ពុជាពុំទាន់ឃើញមានក្រុមហ៊ុនណាមួយ បានរៀបចំខ្លួនរួចរាល់ ក្នុងការវេចខ្ចប់តាមស្តង់ដាតម្រូវនាំចេញនៅឡើយទេ។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។កសិករមួយចំនួននៅកម្ពុជា ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាការកម្សាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយក ចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវឡើយ។

ទោះបីជាដំណាំនេះ ទទួលបាន ប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និង ទាមទារការអនុវត្នន៍តាមបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ។ក្រសួងកសិកម្មបន្តលើកទឹកចិត្តដល់វិស័យឯកជនចូលរួមសិក្សាវិនិយោគក្នុងវិស័យនេះ។

លោក សេង វណ្ណធឿន ជំនួយការរបស់ប្រធានមន្ទីរកសិកម្មខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នតម្លៃទុរេនកំពតបានចុះថ្លៃដោយ តម្លៃទុរេនកំពត ពូជសន្តង់កិត បេះដល់ចំការ តម្លៃ ១៥០០០រៀល/គីឡូក្រាម លក់លើទីផ្សារជាមធ្យម ២០០០០រៀល/គីឡូក្រាម។ តម្លៃទុរេនកំពត ពូជឱខាក់ បេះដល់ចំការ តម្លៃ ១៧០០០-១៨០០០ រៀល/គីឡូក្រាម លក់លើទីផ្សារជាមធ្យម ២៣០០០រៀល/គីឡូក្រាម។ តម្លៃទុរេនកំពត ពូជមួនថង បេះដល់ចំការ តម្លៃ ២០០០០រៀល -២២០០០រៀល/គីឡូក្រាម លក់លើទីផ្សារជាមធ្យម ២៥០០០រៀល/គីឡូក្រាម។

លោក សេង វណ្ណធឿន បានបន្ត បានឲ្យដឹងទៀតថា បញ្ហាប្រឈមដែលកសិករខ្មែរជួបប្រទះនោះគឺ ទុរេនប្រទេសជិតខាងមានតម្លៃធូរថ្លៃជាងទុរេនកំពត តែរឿងគុណភាព និងរសជាតមិនអាចប្រៀបធៀបជាមួយទុរេនកំពតបានទេ។ មួយវិញទៀតគឺ រឿងមានឈ្មួញមួយចំនួនតូចលួចបន្លំទុរេនកំពត លក់ឱ្យអតិថិជន ដែលគាត់មិនដឹង ធ្វើឱ្យខូចកេរ្ត៍ឈ្មោះផលិតផលទុរេនកំពត។

លោក សេង វណ្ណធឿន បានបញ្ជាក់ថា បច្ចុប្បន្ននេះផ្ទៃដីដាំដុះទុរេន ក្នុងឆ្នាំ២០២១ មាន ១០៥៥ ហិកតា ផ្ទៃដីប្រមូលផល ៨៧៨ ហិកតា ទិន្នផលទទួលបាន ១៥ តោន/ហិកតា និងទទួលបរិមាណផលចំនួន ១៣ ១៧០ តោន។ បើប្រៀបធៀបឆ្នាំ២០២០ ទុរេនមានផ្ទៃដីដាំដុះ ១០៦០ ហិកតា ផ្ទៃដីប្រមូលផល ៨៩៨ ហិកតា ទិន្នផលទទួលបាន ១៥ តោន/ហិកតា និងទទួលបរិមាណផលចំនួន ១៣ ៤៧០ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង