Yearendyearend1140x150

ក្រសួងយុត្តិធម៌ចង់ឃើញ រដ្ឋាភិបាលនិងNGOរួមគ្នាបញ្ឃប់ការលាបព័ណ៌ទៅវិញទៅមក

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កន្លងមកតែងតែជួបនូវភាពចម្រូងចម្រាស់ និងភាពមិនយល់គ្នាជុំវិញបញ្ហាប្រព័ន្ធយុត្តិធម៌ និងសិទ្ធិមនុស្សនៅកម្ពុជា។ ភាពមិនស្របគ្នានេះ គឺកើតឡើងដោយការខ្វះនូវការយល់គ្នា ការប្រឹក្សាពិគ្រោះយោបល់ ការធ្វើការរួមគ្នាដោះស្រាយ និងពិសេសខ្វះជំនឿទុកចិត្តចំពោះគ្នា។ ដោយមើលឃើញពីបញ្ហានេះ រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល បានធ្វើការស្នើរួមគ្នាបញ្ឃប់ការលាបព័ណ៌ទៅវិញទៅមក និងខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមាន ក្នុងគោលដៅរួមមួយ ដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្តម ជិន ម៉ាលីន ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌ និងជាវាគ្និនអញ្ជើញចូលរួមវេទិកាពិភាក្សា ស្ដីពី “វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុតិ្តធម៌នៅកម្ពុជា” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃនេះ បានលើកឡើង ទាក់ទងទៅនឹងប្រព័ន្ធយុត្តិធម៌ និងបញ្ហាសិទ្ធិមនុស្សគឺមិនមែនជារឿងងាយស្រួលនោះទេ ទោះបីជានៅប្រទេសណាក៏នៅតែជូបនូវបញ្ហានេះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌នៅតែប្រឹងប្រែងក្នុងការដាក់ចេញនូវគោលនយោបាយ និងការធ្វើកំណែទម្រង់នូវប្រព័ន្ធច្បាប់ផ្សេងៗ ដើម្បីឲ្យការអនុវត្តច្បាប់សមស្របទៅនឹងបរិបទរបស់កម្ពុជា។

ឯកឧត្តម ជិន ម៉ាលីន បានបន្តថា ចំពោះប្រព័ន្ធច្បាប់ និងសិទ្ធិមនុស្សនេះ ជាបញ្ហាមួយដែលក្តៅ ហើយបញ្ហាសិទ្ធិនៅមានភាពចម្រូងចម្រាស់គ្នា ចំណុចខ្លះមានការយល់ដូចគ្នា និងចំណុចខ្លះមានការយល់មិនដូចគ្នា។ ទាក់ទងទៅនឹងរបាយការណ៍របស់ក្រសួងយុត្តិធម៌ និងរបាយការណ៍របស់អង្គការសង្គមស៊ីវិលគឺមានខុសគ្នា អាចមកពីវិធីសាស្ត្រនៃការស្រាវជ្រាវរបៀបខុសគ្នា។ ម្យ៉ាងទៀត អាចមកពីមិនសូវមានពេលពិភក្សា ឬធ្វើការពិគ្រោះគ្នាមុនចេញរបាយការណ៍ ឬសិក្សាស្រាវជ្រាវរៀងៗខ្លួន។ ឬអាចមកពីគោលនយោបាយ និងទស្សនវិស័យរបស់ក្រសួងយុត្តិធម៌ និងអង្គការសង្គមស៊ីវិល មានការយល់ឃើញខុសគ្នា។

លោក អំ សំអាត អ្នកតំណាងឲ្យអង្គការសិទ្ធមនុស្សនៃអង្គការលីកាដូ បានថ្លែងក្នុងកិច្ចពិភាក្សាថា ចំពោះទស្សនវិស័យអង្គការសង្គមស៊ីវិល និងរបស់រដ្ឋាភិបាលគឺមិនមានអ្វីខុសគ្នាទេ។ ក្នុងអង្គការលីកាដូមានទស្សនវិស័យ ចង់ឃើញកម្ពុជាជាប្រទេសដែលប្រកាន់លិទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព ស្ថេរភាព សុខដុមរមនា ទទួលបាននូវការគោរពសិទ្ធិមនុស្សទៅវិញទៅមក ក្នុងសង្គមមួយដែលមានភាពថ្លៃថ្នូរ ចង់ឃើញនូវយុត្តិធម៌នៅក្នុងសង្គម ជាពិសេសនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា នេះជាទស្សនវិស័យ និងបេសសកម្មរបស់អង្គការលីកាដូ។

លោក អំ សំអាត បន្ថែមថា អង្គការលីកាដូមើលទៅវាហាក់ដូចជាមិនមានអ្វីខុសប្លែកពីគោលនយោបាយរបស់រដ្ឋាភិបាលទេ ប៉ុន្តែអ្វីដែលខុសប្លែកគឺគោលការណ៍ និងសកម្មភាពរបស់អង្គការលីកាដូ។ អង្គការលីកាដូ ទោះបីម្ចាស់ជំនួយជាបរទេសក៏ដោយ ក៏អង្គការមិនធ្វើតាមការបង្គាប់បញ្ជាណាមួយដែលខុសពីឆន្ទៈ និងលក្ខខណ្ឌ គោលនយោបាយរបស់អង្គការលីកាដូទេ។ បើសិនជាមានលក្ខខណ្ឌខុសគឺអង្គការលីកាដូក៏មិនទទួលយកដែរ។

ជាមួយគ្នានេះ អ្នកតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានធ្វើការស្នើសុំទៅកាន់រដ្ឋាភិបាល និងប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំចំពោះកិច្ចការងារបស់អង្គការសង្គមស៊ីវិលថាបានយកលុយពីបរទេស ហើយលក់ឧត្តមគតិបម្រើឲ្យបរទេស និងញុះញង់ធ្វើឲ្យមានការបែកបាក់សាមគ្គីជាតិ។ បន្ថែមនេះ អង្គការសង្គមស៊ីវិល មិនបានបម្រើដល់គណបក្សនយោបាយណាមួយទេ។ អង្គការសង្គមស៊ីវិល បំពេញការងារជាអ្នកឃ្លាំមើលការអនុវត្តច្បាប់ ប្រសិនបើមើលឃើញថាបុគ្គលណាមួយប្រព្រឹត្តិខុសច្បាប់ នោះអង្គការនឹងប្រាប់ថាខុស ហើយរឿងមួយចំនួនមិនមានប្រសិទ្ធភាពក្នុងការអនុវត្ត ដែលវាបានប៉ះពាល់ទៅដល់សិទ្ធិពលរដ្ឋគឺមានការរិះគន់បន្ថែមទៀត។ អង្គការសង្គមស៊ីវិលចង់ឃើញថា ប្រព័ន្ធយុត្តិធម៌មានភាពរឹងមាំ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង