Yearendyearend1140x150

ប្រមុខការទូតកម្ពុជា វាយតម្លៃខ្ពស់ចំពោះការវិវត្តក្នុងទំនាក់ទំនងរវាងកម្ពុជា-តួកគី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងអំឡុងពេលលោកស្រីឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវត្តនៅក្នុងទំនាក់ទំនងរវាងកម្ពុជា និងតួកគី និងបានកោតសរសើរការរួមចំណែករបស់ លោកជំទាវ Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគី ដល់ការរីកចំរើននៃទំនាក់ទំនងនេះ។

ឯកឧត្តម ប្រាក់ សុខុន បានអបអរសាទរលោកជំទាវឯកអគ្គរដ្ឋទូត ដែលបានទទួលមេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាគ្រឿងឥស្សរិយយសខ្ពស់បំផុត សម្រាប់ឥស្សរជនបរទេស។

ឯកឧត្តម ប្រាក់ សុខុន បានរម្លឹកអំពីដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ និងប្រកបដោយជោគជ័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅ ដែលដំណើរទស្សនកិច្ចនេះ បានកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ការពង្រីក និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកឡើងផងដែរ អំពីដំណើរទស្សនកិច្ចផ្លូវការប្រកបដោយផ្លែផ្ការបស់លោក ទៅកាន់ប្រទេសតួកគីកាលពីខែកុម្ភៈ ឆ្នាំនេះ និងបានកត់សម្គាល់ ដោយការពេញចិត្តចំពោះការជួបជុំគ្នានាពេលនោះរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការលើកកម្ពស់ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាការសម្ពោធស្ថានឯកអគ្គរាជទូត កម្ពុជានៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃទំនាក់ទំនង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលតួគី សម្រាប់ជំនួយអភិវឌ្ឍន៍ដែលបានផ្តល់ដល់ប្រទេសកម្ពុជា រួមទាំងគម្រោងសាងសង់លំនៅដ្ឋាននៅស្រុកស្អាង ខេត្តកណ្តាល។

លោកជំទាវ Ayda Ünlü បានជម្រាបជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រីថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តជំនួយសម្រាប់គម្រោងនានា ដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀន ជាដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង