Yearendyearend1140x150

ម្ចាស់ជ័យលាភីDesign Logoកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបប្រាប់ពីបទពិសោធន៍មុនទទួលបានជោគជ័យ

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
យុវជន សៀង ឆាយលី ជានិស្សិតឆ្នាំទី៤ ផ្នែកគំនូរសារគមនាគមន៍ (Graphic Design) 

ម្ចាស់ជ័យលាភី Design Logoកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ប្រភពរូបភាព៖ ស៊ីស៊ីថាមស៍)

ភ្នំពេញ៖ យុវជន សៀង ឆាយលី ជានិស្សិតឆ្នាំទី៤ ផ្នែកគំនូរសារគមនាគមន៍ (Graphic Design) នៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលយុវជនរូបនេះបានផ្ដល់កិច្ចសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍អំពីប្រវត្តិការសិក្សា បទពិសោធន៍សិក្សា និងការងារផ្ទាល់ខ្លួន ដែលទំរាំតែបានក្លាយខ្លួនជាម្ចាស់ជ័យលាភីគំនូរនិមិត្តសញ្ញា Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ វាទាមទារឱ្យខ្លួនឯងប្រឹងប្រែងក្នុងការហ៊ានសាកល្បងសមត្ថភាពរបស់ខ្លួន។

យុវជន ឆាយលី កំពុងរចនាគំនូរ (ប្រភពរូបភាព៖ស៊ីស៊ីថាមស៍)

ដើមឡើយ ទោះបីជាបរាជ័យប៉ុន្មានដងក៏យុវជន ឆាយលី មិនដែលគិតថាជាបញ្ហានោះឡើយ ព្យាយាមសាកល្បងសមត្ថភាពរបស់ខ្លួនគ្រប់ឱកាស តាមលទ្ធភាព រហូតទទួលបានជ័យលាភីជាបន្តបន្ទាប់ ដែលជ័យលាភីកំពូលថ្នាក់អន្តរជាតិចុងក្រោយនេះ ជាភាពជោគជ័យមួយផ្នែកសម្រាប់យុវជន ឆាយលីផ្ទាល់ផងដែរ។

យុវជន សៀង ឆាយលី និយាយថា« មុននឹងខ្ញុំបានជាប់ជ័យលាភីនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះលើកទី១ ខ្ញុំក៏ធ្លាប់បានដាក់ពាក្យប្រកួតប្រជែងតាមបណ្ដាកម្មវិធីជាច្រើននានា ហើយទទួលបរាជ័យផង និងជោគជ័យផង។ ប៉ុន្តែវាក្លាយជាទម្លាប់របស់ខ្ញុំ ក្នុងការហ៊ានសាកល្បងធ្វើអ្វីមួយផងដែរ អ្វីដែលជាបញ្ហាធំនោះសម្រាប់ខ្ញុំគឺ នៅពេលដែលខ្ញុំគ្មានទំនុកចិត្តសាកល្បងដាក់ពាក្យប្រកួត និងខ្លាចរអាក្នុងការចាប់ផ្ដើមធ្វើ នោះទើបជាបរាជ័យពិតប្រាកដមែន»។

កាលពីដំបូង យុវជនវ័យ២១ឆ្នាំរូបនេះ គឺជាមនុស្សអត់ចូលចិត្តដាក់ពាក្យក្នុងការប្រកួតកម្មវិធីមួយចំនួនឡើយ តែងតែខ្លាចគិតថា ខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ វាមិនងាយនឹងជាប់ទេ។ តែក្រោយមក វាខុសគ្នា នៅពេលយុវជនរូបនេះ បានចូលទៅសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោកគ្រូនាយកនៅសាលាបានណែនាំ ឆាយលី ឱ្យដាក់ពាក្យគ្រប់ការប្រកួតកម្មវិធីផ្សេងៗ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន ទោះជាប់ ឬមិនជាប់ចាំគិតបន្តទៀត។ នៅពេលនោះហើយ ឆាយលី ចាប់ផ្ដើមហ៊ានសាកល្បងគ្រប់យ៉ាង ទោះបីជាវាបរាជ័យយ៉ាងណា ក៏ខ្លួនសប្បាយចិត្តក្នុងការប្រកួតរចនាផ្សេងៗ ជាបន្តបន្ទាប់ទៀត ភាពបរាជ័យទាំងនោះធ្វើឱ្យឆាយលីរៀនបានច្រើនពីការងារពាក់ព័ន្ធនឹងជំនាញសិក្សាខ្លួនផងដែរ។

រូបគំនូររបស់យុវជន សៀង ឆាយលី (ប្រភពរូបភាព៖ស៊ីស៊ីថាមស៍) 

និស្សិតដ៏ឆ្នើមមួយរូបនេះ បានបន្ថែមថា មូលហេតុដែលខ្លួនបានរចនាគំនូរ និងសិល្បៈជាច្រើនប្រកបដោយភាពច្នៃប្រឌិតនោះ ក៏ព្រោះខ្លួនធ្លាប់ជួបនឹងភាពបរាជ័យជាច្រើនផងដែរ ព្យាយាមសិក្សាពីវាឱ្យបានច្រើន ដើម្បីកែលម្អនៃអ្វីដែលខ្វះខាត ក្រោយមកឆាយលី បានអភិវឌ្ឍខ្លួនតាមរយះសិក្សាពីភាពបរាជ័យរបស់ខ្លួន ដើម្បីឈានជើងទៅរកភាពជោគជ័យនៅថ្ងៃមុខ តួយ៉ាងនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ប្រកាសថា យុវជន ឆាយលី ជាជ័យលាភីនិមិត្តសញ្ញាសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(13th ASEM Summit - ASEM13) នៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១៩។

ម្ចាស់ជ័យលាភីគំនូរនិមិត្តសញ្ញា Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
ប្រភពរូបភាព៖ យុវជន សៀង ឆាយលី 

ទន្ទឹមនឹងនេះដែរ និស្សិតជ័យលាភី សៀង ឆាយលី បញ្ជាក់ថា ដំណាក់កាលនៃការប្រកួតគំនូរនិមិត្តសញ្ញារបស់ស្នាដៃខ្លួនត្រូវបានចំណាយ គឺរយៈពេល ០១អាទិត្យ ក្នុងនោះ០៣-០៤ថ្ងៃ ខ្ញុំចាប់ផ្ដើមយកគោលគំនិត និងសម្រេចចិត្តច្បាស់សិន ទើបធ្វើការស្រាវជ្រាវពីប្រធានបទដែលខ្ញុំចង់ធ្វើអំពី«ជហ្វា និងឈូតបី»រួចហើយក៏ចាប់ផ្ដើមរចនានៅក្នុងព្រាង ហើយសិក្សាលម្អិត ត្រួតពិនិត្យ ដោយគូរលើ IPaid ដាក់កូដកូល័រពណ៌នៃទម្រង់និមិត្តសញ្ញា។ បន្ទាប់មក ០២-០៣ថ្ងៃបន្ទាប់ទៀត ឆាយលីក៏បានរចនាចុងក្រោយធ្វើ Logo យកទៅបញ្ចូលក្នុងកម្មវិធីកុំព្យូទ័រ និងឯកសារពាក់ព័ន្ធសម្រេចចុងក្រោយ ហើយបានយកទៅដល់ប្រកួតទៅ។ ទីបំផុត រូប Logo នោះ ត្រូវបានក្រសួងជ្រើសរើសយក ក្នុងបណ្តាបេក្ខជន ដែលសុទ្ធតែមានសមត្ថភាពរៀងៗខ្លួនជាច្រើននាក់។ ការទទួលបាននូវជ័យលាភីចុងក្រោយនេះ គឺជាកិត្តិយសរបស់ឆាយលីផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទាំងមូល។

ប្រភពរូបភាព៖ ម្ចាស់ជ័យលាភីគំនូរនិមិត្តសញ្ញា Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ យុវជន សៀង ឆាយលី
ប្រភពរូបភាព៖ ម្ចាស់ជ័យលាភីគំនូរនិមិត្តសញ្ញា Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣​ យុវជន សៀង ឆាយលី

ជាមួយនឹងកិច្ចសម្ភាសន៍ស៊ីស៊ីថាមស៍ យុវជន សៀង ឆាយលី អះអាងថា អត្ថន័យនៃនិមិត្តសញ្ញារបស់ខ្លួនបានដាក់ប្រកួតសម្រាប់កិច្ចប្រជុំ ASEM កំពូលថ្នាក់អន្តរជាតិលើកទី១៣ នេះ បានប្រើរូបជហ្វាពណ៌ក្រហម និងឈូតចំនួនបីពណ៌ខៀវ។ «ជហ្វាឬ ដងក្ដារ» ជាទម្រង់ក្បាច់សិល្បៈខ្មែរ ដែលជាគ្រឿងដំបូល ឬផ្នែកខាងចុងនៃព្រះវិហារ ប្រាសាទ វត្តអារាម ដែលធ្លាប់បានប្រើប្រាស់ក្នុងទម្រង់ Logo ចាស់របស់កម្មវិធី ASEM នេះឆ្នាំមុនៗមក ប៉ុន្តែ ឆាយលី យកមកច្នៃថ្មីធ្វើជារបស់ខ្មែរយើង។

តាមការស្រាវជ្រាវរបស់ និស្សិតផ្នែកគំនូរសារគមនាគមន៍ ឆាយលី ប្រាប់ថា រូប«ជហ្វា» មានពណ៌ក្រហមព្រោះត្រូវបានគេប្រើប្រាស់ច្រើននៅក្នុងភូមិភាគអាស៊ីយើងដូចជាខ្មែរ ថៃ ឡាវ មីយ៉ាន់ម៉ា ជាដើម តាមរូបភាពខុសៗគ្នា។ ម្យ៉ាងវិញទៀត «ជហ្វាខ្មែរ»បកប្រែថា កញ្ចុំផ្កាសម្រាប់បួងសួងថ្វាយទៅលើមេឃ ដើម្បីសុំពរជ័យនាំមកនូវសុខ សិរីសួស្ដី និងសុភមង្គល។ ចំណែករូបឈូតចំនួនបី តំណាងឱ្យអក្សរE (អឺរ៉ុប Europe) និងពណ៌ខៀវ តំណាងឱ្យប៉ែកអឺរ៉ុប ភាគច្រើនចូលចិត្តប្រើពណ៌ខៀវ និងមានអាកាសធាតុត្រជាក់។

ក្រៅពីនេះ ឆាយលី ក៏ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកគំនូរសារគមនាគមន៍ នៅប្រទេសអេស៉្បាញ ក្រោមអាហារូបត្ថម្ភពីកម្មវិធី Erasmus+ រយះពេល៣ខែ ហើយធ្លាប់ទទួលជ័យលាភីលេខ១ ការរចនាគម្របសៀវភៅសម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ និងជ័យលាភីនៃការរចនាអាវយឺតសម្រាប់សមាគមឥន្ធនូកម្ពុជា Rock ក្នុងកម្មវិធីកិច្ចជួបជុំអ្នកស្រលាញ់ភេទដូចគ្នានៅឆ្នាំ២០១៨ និងក្រៅពីនេះឆាយលីចូលរួមកម្មវិធី ទៅកោះបាលី និងសិង្ហបុរី រយះពេលខ្លីផងដែរ។

ជ័យលាភីលេខ១ ការរចនាគម្របសៀវភៅសម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩
ជ័យលាភីនៃការរចនាអាវយឺតសម្រាប់សមាគមឥន្ធនូកម្ពុជា Rock ក្នុងកម្មវិធីកិច្ចជួបជុំអ្នកស្រលាញ់ភេទដូចគ្នានៅឆ្នាំ២០១៨ 

ជាចុងក្រោយ ក្នុងនាមជានិស្សិតផ្នែកគំនូរសារគមនាគមន៍ ធ្លាប់មានបទពិសោធន៍មួយចំនួនធំផងដែរ សូមផ្ដាំផ្ញើរទៅយុវជនខ្មែរ ថា « ដើម្បីទទួលបានលទ្ធផលល្អនៃការសិក្សាផ្នែកនេះ ក៏ដូចជាជំនាញផ្សេងៗ អ្នកសិក្សាគ្រប់រូប គួរទាមទារឱ្យមានការអត់ធ្មត់ មានទំនុកចិត្តក្នុងការសាកល្បងគ្រប់កាលៈទេសៈ រួមជាមួយនឹងការខិតខំប្រឹងប្រែង ដុសខាត់សមត្ថភាពរបស់ខ្លួន ដោយការអាន ការអនុវត្តជារឿយៗ និងបង្កើតជាគំនិតថ្មីៗ ដូចជាខ្ញុំបាទ ចូលចិត្តនូវទម្រង់ថ្មីៗ មិនដដែលៗ នេះជាលក្ខណៈពិសេសមួយរបស់ខ្ញុំផងដែរ។ យុវជនគ្រប់រូប គួរតែហ៊ានបង្ហាញសមត្ថភាពរបស់ខ្លួនជាមុនសិន ទោះបីបរាជ័យក៏ដោយ មិនសូវបានលទ្ធផលល្អក៏ដោយ តែអ្វីដែលយើងទទួលបានជាបទពិសោធន៍ដ៏ថ្លៃថ្លានៃភាពបរាជ័យ ដើម្បីដើរទៅរកភាពជោគជ័យនៅថ្ងៃខាងមុខ»។

យុវជន សៀង ឆាយលី 
ប្រភពរូបភាព៖ យុវជន សៀង ឆាយលី 

សូមបញ្ជាក់ថា និស្សិតឆ្នាំទី៤ សៀង ឆាយលី ជាម្ចាស់ជ័យលាភីគំនូរនិមិត្តសញ្ញា Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ហើយក៏ជាស្ថានិករបស់ផលិតផលធម្មជាតិមួយប្រភេទ ធ្វើដោយដៃ និងមិនវេចខ្ចប់ដោយប្លាស្ទិក ឈ្មោះថា លម្អអង្គ(LumR ANG)។ កាលពីឆ្នាំ២០១៦ រៀនថ្នាក់ទី១២ ឆាយលី ធ្លាប់មើលឃើញជំនាញពីរ គឺខាងបុរាណវិទ្យា និងការច្នៃម៉ូដ។ លុះចប់បាក់ឌុបភ្លាម ឆាយលី បានដាក់អាហារូបករណ៍នៅសាកលវិទ្យាល័យឯកជនចំនួនពីរកន្លែង ពាក់ព័ន្ធនឹងជំនាញតុបតែងលម្អខាងក្នុង ការរចនាច្នៃម៉ូដ (Interior Design) បាន០១ឆ្នាំ តែក្រោយមក ដោយសារមានបញ្ហាមួយចំនួនទាក់ទងនឹងការសិក្សា ទើបឆាយលី បានសម្រេចចិត្តបន្តចូលរៀនឆ្នាំទីពីរនៃជំនាញគំនូរសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរហូតដល់បច្ចុប្បន្ន។ ក្រោយបញ្ចប់ការសិក្សានេះហើយ យុវជន សៀង ឆាយលី មានបំណងចំនួនបី នៅថ្ងៃអនាគតគឺ(ទីមួយ)៖ចង់ចូលធ្វើការងាររាជការជាមន្ត្រីអប់រំបង្រៀនផ្នែក Graphic Design (ទីពីរ)៖ចង់ធ្វើជាបុគ្គលិកម្នាក់មានអាជីព Graphic Designer និង(ទីបី )៖ចង់ពង្រីកជំនួញអាជីវកម្មរបស់ខ្លួន«លម្អអង្គ(LumR ANG)»ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង