Yearendyearend1140x150

គម្រោងផ្លូវជាតិតភ្ជាប់ពីសំឡូត-វាលវែង-អូរសោមដល់កោះកុងសម្រេចបាន៦៤,៣៣%

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។ ជាវឌ្ឍនភាពនៃដំណើរការសាងសង់គម្រោងផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សម្រេចបាន៦៤,៣៣ %។

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន២៣ កន្លែង ប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មីប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជា ការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

ជាលទ្ធផល គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបាន៦៤,៣៣%។ បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារ ឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរចុះពិនិត្យ ទីតាំងស្ពានមួយកន្លែងមានកម្ពស់រហូតដល់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ជាស្ពានខ្ពស់ ជាងស្ពានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។ គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង