Yearendyearend1140x150

ក្រុងមូស្គូត្រៀមវិធានការប្រឆាំងនឹងបម្រាមឆ្លងកាត់របស់លីទុយអានីលើក្រុងKaliningrad

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ក្រុងមូស្គូត្រៀមវិធានការប្រឆាំងនឹងបម្រាមឆ្លងកាត់របស់លីទុយអានីលើក្រុងKaliningrad ប្រភពរូប៖ ស៊ីស៊ីធិវី

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីកំពុងរៀបចំវិធានការទប់ទល់នឹងការរឹតបន្តឹងរបស់ប្រទេសលីទុយអានី លើការដឹកជញ្ជូនទំនិញដែលដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបទៅកាន់ក្រុង Kaliningrad ដែលជាតំបន់ព័ទ្ធជុំវិញរបស់រុស្ស៊ីរវាងប្រទេសលីទុយអានី និងប៉ូឡូញ។

លោក Peskov បាននិយាយថា «ទណ្ឌកម្មដែលដាក់ដោយសហភាពអឺរ៉ុប គឺពិតជាមិនអាចទទួលយកបានសម្រាប់ប្រទេសរុស្ស៊ី ហើយទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់របស់ប្រទេសលីទុយអានី ហើយនឹងប្រកាសពីវិធានការតបត និងការសម្រេចចិត្តបន្ទាប់ពីការវិភាគស៊ីជម្រៅ»។

ប្រទេសលីទុយអានី បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងហាមឃាត់ការដឹកជញ្ជូនតាមផ្លូវដែកនៃទំនិញដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមួយចំនួនពីប្រទេសរុស្ស៊ីឆ្លងកាត់ទឹកដីរបស់ខ្លួនទៅកាន់ Kaliningrad ដោយទំនិញហាមឃាត់ទាំងនោះរួមមានចាប់ពីធ្យូងថ្ម លោហធាតុ រហូតដល់សម្ភារៈសំណង់។

ជាធម្មតា Kaliningrad ទទួលបានទំនិញ និងថាមពលរបស់ខ្លួនពីផ្នែកផ្សេងទៀតនៃប្រទេសរុស្ស៊ី តាមរយៈខ្សែរថភ្លើងដែលឆ្លងកាត់ប្រទេសលីទុយអានី។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសង្កត់ធ្ងន់នៅក្នុងសន្និសីទប្រចាំសប្តាហ៍ថា ការឆ្លើយតបនឹងមិនមែនជាការទូតទាំងស្រុងនោះទេ ប៉ុន្តែមានលក្ខណៈជាក់ស្តែង។ ហើយតើរុស្ស៊ីនឹងធ្វើការឆ្លើយតបដោយរបៀបណា និងនៅពេលណា អាស្រ័យលើអឺរ៉ុបនិងលីទុយអានី។

លោកស្រីបានបញ្ជាក់ថា រុស្ស៊ីកំពុងរងចាំការឆ្លើយតបពីអឺរ៉ុប និង លីទុយអានី ប្រសិនបើពួកគេមិនផ្លាស់ប្តូរការអនុវត្តរបស់ពួកគេ ទេ រុស្ស៊ីនឹងចាត់វិធានការតបត។

របាយការណ៍ TASS កាលពីថ្ងៃពុធបានចង្អុលបង្ហាញថា ការហាមឃាត់នេះអាចពង្រីកដល់មធ្យោបាយដឹកជញ្ជូនផ្សេងទៀត ខណៈដែលមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលលើកឡើងពីអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ ដែលអះអាងថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ទៀតទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង