Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ទូតអាម៉េរិក៖ដំណើរការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធGSPមកកម្ពុជា មិនទាន់មានការសម្រេចថ្មី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ(GSP)របស់អាម៉េរិក ដែលផ្តល់មកកម្ពុជាបានហួសសុពលភាពកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ គិតមកទល់ពេលនេះ សភាពាណិជ្ជកម្មអាម៉េរិកនៅមិនទាន់ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) នៅឡើយទេ។

អ្នកនាំពាក្យស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា លោកស្រី Stephanie Arzate បានឆ្លើយតបជាមួយស៊ីស៊ីថាមស៍ តាមរយៈសារអ៊ីម៉ែលថា ចំពោះសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាដែលស្នើសុំឱ្យភាគីអាម៉េរិកផ្តល់ត្រឡប់មកវិញនូវប្រព័ន្ធអនុគ្រោះពន្ធ GSP គឺមកដល់ពេលនេះមិនទាន់បានអនុញ្ញាត ឬដំណើរការសម្រេចថ្មីណាមួយពីរដ្ឋាភិបាលរបស់អាម៉េរិកនោះទេ។

លោកស្រី Stephanie Arzate បានគូសបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-អាម៉េរិក គួរតែមានផលប្រយោជន៍ទៅវិញទៅមក តម្លាភាព តុល្យភាព និង ប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់បំផុត រួមទាំងសិទ្ធិការងារផងដែរ។ហើយកន្លងមកកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ សព្វថ្ងៃនេះ អាម៉េរិក គឺជាទីផ្សារនាំចេញតែមួយធំជាងគេរបស់កម្ពុជា។

សូមរម្លឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences)នៅកម្ពុជាបានផុតសុពលភាពនៅត្រឹមដំណាច់ឆ្នាំ២០២០។ ការហួសសុពលភាពនេះបានប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឲ្យបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ។

រាជរដ្ឋាភិបាលកម្ពុជា បានស្នើទៅកាន់រដ្ឋបាលលោក ចូ បៃឌិន ឱ្យពិនិត្យលើលិខិតស្នើសុំបន្ត GSP ពីកម្ពុជា ជាបន្តបន្ទាប់ ដោយផ្អែកទៅលើលក្ខខណ្ឌចាំបាច់ចំនួន ដោយក្នុងនោះ ក៏មានបញ្ជូននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី(FTA)រវាងកម្ពុជាជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។

នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង លោក អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅរដ្ឋធានីវ៉ាស៊ីនតោន លោក ប្រាក់ សុខុន បានស្នើឱ្យភាគីអាម៉េរិកផ្តល់ឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSPមកកម្ពុជា ហើយលោកសង្ឃឹមថា កម្ពុជានឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះវិញ ក្នុងការនាំចេញទំនិញទៅទីផ្សារអាម៉េរិក។

យោងតាមរបាយការណ៍របស់ការិយាល័យជំរឿនអាម៉េរិកបានឱ្យដឹងថា ត្រីមាសទី១នៃ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាម៉េរិកមានជាង ២ ៩១៦លានដុល្លារ កើនឡើងប្រមាណ៤៨% ប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីត្រីមាសទី១ឆ្នាំ២០២១ ដែលមានទំហំត្រឹមតែ ១ ៩៦៩លានដុល្លារ។កម្ពុជាបាននាំទំនិញទៅអាម៉េរិកក្នុងទំហំជាទឹកប្រាក់ប្រមាណ ២ ៨០៧លានដុល្លារ ដែលបានកើនឡើងពី ១ ៨៦៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២១។

ប៉ុន្តែការនាំទំនិញអាម៉េរិកមកកម្ពុជាវិញ ហាក់មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់ទេ ក្នុងត្រីមាសទី១នេះ ពោលគឺកម្ពុជាបាននាំចូលទំនិញអាម៉េរិក ដែលមានទឹកប្រាក់ជាង ១០៩ លានដុល្លារ ធៀបនឹងត្រីមាសទី១ឆ្នាំ២០២១កើនឡើង២.៩១%ប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង