Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាទទួលបានភ្ញៀវទេសចរជាង៣៦ម៉ឺននាក់នៅចុងសប្ដាហ៍ទី៣នៃខែមិថុនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដែលមានភ្ញៀវទេសចរចេញដើរទស្សនាទូទាំងប្រទេសសរុប៣៦៤,៦៣៦នាក់ ក្នុងនោះមានភ្ញៀវជាតិ៣៤៥,១៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៩,៤៩៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅថ្ងៃទិ២០ ខែមិថុនា ឆ្នាំ២០២២។

បើតាមក្រសួងទេសចរណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៥៦,៨២៩នាក់, ខេត្តកំពត ៤៨,៩០៥នាក់, ខេត្តសៀមរាប ៤៨,៨៦៧នាក់, ខេត្តបាត់ដំបង ៤៣,៦២១នាក់, ខេត្តកែប ៣៤,៥០០នាក់, ខេត្តបន្ទាយមានជ័យ ២២,៤៣០នាក់, រាជធានីភ្នំពេញ ១៧,០៩០នាក់, ខេត្តពោធិ៍សាត់ ១៦,១២០នាក់ និង ខេត្តកំពង់ស្ពឺ ១៣,៥៨៤នាក់។

ក្រសួងបញ្ជាក់ថា តួលេខចុងសប្តាហ៍នេះ បន្តកើនឡើងប្រមាណ១១.៤៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ដោយសារមានព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរកាលពីថ្ងៃសៅរ៍ ចរន្តនៃការដើរកម្សាន្តរបស់ប្រជាពលរដ្ឋមានការប្រែប្រួលខ្លះធៀបនឹងចុងសប្តាហ៍កន្លងមក ដែលភ្ញៀវភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់ ឬភ្ញៀវមកខេត្តជិតៗ ខណៈដែលចុងសប្តាហ៍នេះ ប្រជាពលរដ្ឋភាគច្រើនបានចេញធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នៅតាមបណ្តាខេត្តឆ្ងាយៗ ពិសេសបណ្តាខេត្តតំបន់ឆ្នេរ ខេត្តសៀមរាប និងបាត់ដំបងជាដើម ដោយពួកគាត់ខ្លះបានចេញដំណើរតាំងពីល្ងាចថ្ងៃសុក្រ និងត្រលប់ចូលមករាជធានីភ្នំពេញវិញនាល្ងាចនេះ។

អត្រាកក់បន្ទប់ស្នាក់នៅក៏មានចំនួនច្រើននាចុងសប្តាហ៍នេះ ពិសេសនៅកំពត កែប ព្រះសីហនុ និងខេត្តសៀមរាប។ ទន្ទឹមនឹងគោលដៅខាងលើ ចរន្តភ្ញៀវនៅខេត្តសៀមរាបក៏មានការកើនឡើងច្រើននាចុងសប្តាហ៍នេះ ពិសេសបន្ទាប់ពីការបើកទទួលភ្ញៀវរបស់រមណីយដ្ឋានសួនបៃតងអង្គរ (អតីតរមណីយដ្ឋានភូមិវប្បធម៌) ខណៈដែលកន្លងមកអាជ្ញាធរជាតិអប្សរាដក៏បានដាក់ឲ្យដំណើរការរមណីយដ្ឋានសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ ភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបក៏មានការកើនឡើងមួយចំនួនដែរ បន្ទាប់ពីមានជើងហោះហើររវាងទីក្រុងសៀមរាប និងទីក្រុងហូជីមិញ (ព្រៃនគរ) ប្រតិបត្តិដោយក្រុមហ៊ុន Cambodia Angkor Air ដែលបានបើកដំណើរឡើងវិញកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីផ្អាកដំណើរការដោយសារវិបត្តិជំងឺកូវីដ-១៩៕

Khcct banner

អត្ថបទទាក់ទង